រាជធានីភ្នំពេញ ៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ប្រទេសកម្ពុជាមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ។ ក្នុងនេះវិស័យអប់រំក៏បាននិងកំពុងអភិវឌ្ឍលូតលាស់គួរឱ្យកត់សម្គាល់ ។ សាលារៀនរដ្ឋត្រូវបានសាងសង់ជាច្រើនបន្តបន្ទាប់នៅគ្រប់ទីកន្លែង គ្រប់ច្រកល្ហក ដើម្បីបម្រើជូនកុមារ យុវជនគ្រប់រូប។ ទន្ទឹមនឹងនោះ គ្រឹះស្ថានអប់រំឯកជនក៏បានដំណើរការយ៉ាងព្រោងព្រាត ក្រោមការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ។
ភាពជាដៃគូរវាងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជននេះបានផ្តល់ឱកាសសិក្សាជាច្រើនដល់កុមារ និងយុវជនកម្ពុជា ។ មាតាបិតា ឬអាណាព្យាបាលមានជម្រើសជាច្រើនក្នុងការជ្រើសរើសសេវាកម្មអប់រំឯកជនជូនបុត្រធីតារបស់ពួកគាត់ ។ ប៉ុន្តែតើជម្រើសគ្រឹះស្ថានអប់រំឯកជនបែបណាដែលត្រឹមត្រូវ ហើយតើមាតាបិតាគួរពិនិត្យ និងពិចារណាលើកត្តាគុណភាពសំខាន់ៗអ្វីខ្លះ ?
លោកប៉ិច បូឡែន អគ្គនាយកសាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ បានមានប្រសាសន៍ថា សាលារៀនឯកជននៅព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នមានច្រើនសណ្ឋានដូចជា៖ ១-សាលាអន្តរជាតិដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡានិងជាសមាជិកនៃសមាគមសាលាអន្តរជាតិណាមួយ ដូចជា Western Association of Schools and Colleges (WASC) European Council of International Schools (CIS) ឬ International Baccalaureate (IB) ជាដើម។ សាលាប្រភេទនេះភាគច្រើនមានតម្លៃសិក្សាថ្លៃ។
ដូចនេះមាតាបិតាត្រូវប្រាដកប្រជា និងស្វែងយល់ឱ្យច្បាស់ពីលក្ខណៈសាលារៀនអន្តរជាតិគឺមិនមែនរាល់សាលារៀនដែលមានស្លាកសាលាអន្តរជាតិសុទ្ធតែជាសាលាអន្តរជាតិនោះទេ ។ ២-សាលារៀនចំណេះទូទៅដែលអនុវត្តតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ហើយប្រើប្រាស់ភាសាអង់គ្លេសជាមធ្យោបាយក្នុងការបង្រៀន (English-basedteaching)។៣-សាលារៀនចំណេះទូទៅដែលអនុវត្តតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រ ហើយប្រើប្រាស់ភាសាខ្មែរជាមធ្យោបាយក្នុងការបង្រៀន ដោយមានបន្ថែមភាសាអង់គ្លេស។ ៤-សាលាបណ្តុះបណ្តាលភាសាបរទេស។តាមទស្សនៈលោកប៉ិច បូឡែន កត្តាគុណភាពអប់រំសំខាន់ៗមួយចំនួនទៀតដែលមាតាបិតា ឬអាណាព្យាបាលគួរពិចារណារួមមានដូចជាៈ
ក-ឆន្ទៈ និងទស្សនៈអប់រំ ព្រមទាំងអភិវឌ្ឍសង្គមរបស់ម្ចាស់ភាគហ៊ុន(ថៅកែ) ។
ខ-ចំណេះដឹង ជំនាញ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀន ។
គ-កម្មវិធីសិក្សា (ជាភាសាខ្មែរ ភាសាអង់គ្លេស ឬជាសាលាអន្តរជាតិ) ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ។
ឃ-សេវាកម្មគាំទ្រសិស្សរួមមាន បន្ទប់រៀនមានផាសុកភាព ទីធ្លាកម្សាន្តសម្រាប់កុមារ បណ្ណាល័យ សេវាអុីនធើរណេត បន្ទប់ពិសោធន៍ កម្មវិធីកុំព្យូទ័រ បន្ទប់ហ្វឹកហាត់ និងអនុវត្តភាសា សេវាតាមដាន និងប្រឹក្សាយោបល់សុខភាព កម្មវិធីតន្ត្រី កីឡា សិល្បៈ គំនូរ របាំ សកម្មភាពប្រឡងប្រណាំងស្នាដៃ ពិព័រណ៍ដំណើរទស្សនកិច្ចសិក្សា ការងារសហគមន៍ជាដើម។
ង-សេវាកម្មគាំទ្រមាតាបិតា ឬអ្នកអាណាព្យាបាល មានការតាមដានវត្តមាន និងលទ្ធផលនៃការរីកចម្រើនសិស្ស ជំនួបអាណាព្យាបាល និងគ្រូបង្រៀន ទំនាក់ទំនងដែលងាយស្រួល សិក្ខាសាលាអប់រំ កម្មវិធីអប់រំតាមវិទ្យុ ព្រឹត្តិបត្រព័ត៌មានសាលារៀន និងសេវាកម្មគាំទ្រផ្សេងៗទៀត ។
ច-គោលនយោបាយ ទស្សនៈអប់រំ បទបញ្ជាផ្ទៃក្នុង គោលការណ៍ ការងាររដ្ឋបាលអប់រំ វិន័យ សណ្តាប់ធ្នាប់ អនាម័យ សុវត្ថិភាព ។
លោកប៉ិច បូឡែន បានមានប្រសាសន៍បន្ថែមទៀតថា ការជ្រើសរើសសាលារៀនល្អជូនបុត្រធីតា គឺជាការកំណត់ការជ្រើសរើសអនាគតសម្រាប់បុត្រធីតា ។ ដូចនេះ វាជាការសំខាន់ណាស់ដែលមាតាបិតា ឬអាណាព្យាបាលគ្រប់រូបយល់ពីកត្តាកំណត់គុណភាពអប់រំដូចខាងលើ និងស្គាល់ច្បាស់ថា សាលារៀនឯកជនណាខ្លះដែលផ្តល់ជូនចំណុចគុណភាពទាំងនោះមុននឹងសម្រេចចិត្តជ្រើសរើសសាលារៀន។
ក្នុងនាមលោកជាស្ថាបនិកបណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ លោកបានមានប្រសាសន៍ថា សាលារៀនរបស់លោកបាននិងកំពុងផ្តល់ជូននូវសេវាគុណភាពអប់រំទាំងនោះចាប់តាំងពីដំណើរការសាលារៀនមកម្ល៉េះ ។ ដូចនេះសិស្សានុសិស្ស មាតាបិតា ឬអាណាព្យាបាលអាចអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសាលារៀនរបស់លោកបាន ៕
ចែករំលែកព័តមាននេះ