ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដឹកនាំដោយលោកនុត ញ៉ មេភូមិក្តីដូង លោកជឹម អាន មេឃុំរោងដំរី លោកអុន អឿន អតីតប្រធានយុវជនគណបក្សសម រង្ស៊ី និងក្រុមប្រឹក្សាឃុំថ្មី មកពីគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី២៧ កក្កដា បាននាំគ្នាធ្វើបាតុកម្មបណ្តេញចៅអធិការស្តីទីនាមសុខ ដា ឱ្យចេញពីវត្តនាគរង្សី ស្ថិតក្នុងឃុំរោងដំរី ស្រុកបាភ្នំ ។
ចៅអធិការស្តីទីនាមសុខ ដា មានថេរដីកាថា ព្រះអង្គគង់នៅក្នុងវត្តនេះចំនួន៤ឆ្នាំមកហើយ រួមនិងព្រះសង្ឃ៤អង្គទៀត មិនដែលប្រព្រឹត្តអ្វីឱ្យប្រាស់ចាកពីពុទ្ធប្បញ្ញតិ្តឡើយ មានតែនាំគ្នាកៀងគរលោកអ្នកសប្បុរស ឱ្យមកជួយកសាងព្រះវិហារប៉ុណ្ណោះ ។ ព្រះអង្គទទួលស្គាល់ថា អ្វីដែលព្រះអង្គបានប្រព្រឹត្តខុសនោះ គឺការព្យាបាលជំងឺឱ្យពុទ្ធបរិស័ទទូទៅមិនថាមាន ឬក្រ មកពីណាក៏ដោយក៏ព្រះអង្គជួយព្យាបាល ខ្លះក៏ជា ខ្លះក៏មិនជា រួចទៅរកគ្រូពេទ្យឱ្យព្យាបាលបន្តទៀតទៅ ។ លុះមកដល់ថ្ងៃទី២៧ កក្កដា ស្រាប់តែមានពុទ្ធបរិស័ទមួយចំនួននាំគ្នាមកបណ្តេញព្រះអង្គឱ្យចេញពីវត្ត តែព្រះអង្គមិនព្រមចេញទេ ព្រោះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានចេញសង្ឃប្រកាសលេខ៥៣/១០ សម្រេចឱ្យព្រះអង្គគង់នៅបន្តទៀតជាចៅអធិការស្តីទីរហូតជ្រើសរើសបានចៅអធិការពេញសិទ្ធិ។
ព្រះតេជគុណចៅអធិការស្តីទីបន្តថា អ្វីដែលពុទ្ធបរិស័ទចោទប្រកាន់មកលើព្រះអង្គនោះ គឺពុំមានការពិត និងគ្មានហេតុផលច្បាស់លាស់។ ដោយសារព្រះអង្គមិនព្រមចាកចេញ ទើបពុទ្ធបរិស័ទទាំងនោះនាំគ្នាយកដុំថ្មគប់មកលើកុដិដែលព្រះអង្គគង់នៅត្រូវកញ្ចក់ទ្វារបង្អួច បែកខ្ទេចខ្ទី បែកផើងផ្កា និងរបួសសាមណេរ១អង្គ នាមរ៉ុន រ៉ាន ព្រះជន្ម១៦ឆ្នាំ បែកចិញ្ចើមហូរឈាម។ទោះបីជាបែបណា អ្នកព្យាយាមបណ្តេញព្រះអង្គនោះនៅតែមិនព្រមឈប់ ទាល់តែមានកម្លាំងសមត្ថកិច្ចមកឃាត់ទើបឈប់ ។ នៅវេលាម៉ោង២រសៀលថ្ងៃដដែល លោកវរសេនីយ៍ត្រីសូរ សាវ៉ាត អធិការនគរបាលស្រុកបាភ្នំ បានកោះហៅអ្នកដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មមកណែនាំអំពីផ្លូវច្បាប់ដែលអាចចោទប្រកាន់បានចំពោះការបំផ្លិចបំផ្លាញបែបនេះ ។ លោកអធិការបញ្ជាក់ថា រឿងព្រះសង្ឃត្រូវទុកឱ្យថេរសភាសង្ឃជាអ្នកដោះស្រាយ ។
លោកបន្តថា វត្តនេះមានរឿងអាស្រូវជាយូរមកហើយ បើសំពត់រហែកហើយសូមកុំនាំគ្នាហែកបន្ថែមទៀត ត្រូវនាំគ្នារក្សាភាពស្ងៀមស្ងាត់តទៅទៀតមិនត្រូវនាំគ្នាមកធ្វើយ៉ាងដូច្នេះទេ នេះជារឿងខុសច្បាប់ទាំងស្រុង ។លោកអធិការបានព្រមានថា បើនៅតែនាំគ្នាធ្វើបែបនេះលោកនឹងអនុវត្តតាមផ្លូវច្បាប់ ដោយមិនទុកឱ្យនរណាម្នាក់រួចខ្លួនឡើយ ។ ក្រុមប្រជាពលរដ្ឋដែលនាំគ្នាបណ្តេញចៅអធិការស្តីទីឱ្យចេញពីវត្តនេះបានចោទប្រកាន់ ៤ចំណុច គឺ១-បួសជាសង្ឃតែមិនគោរពវិន័យសង្ឃ ២-រឿងឆាន់ស្រា ៣-មានស្រីនិង៤-ទាកាប៉ា ដែលប្រកាច់ក្រោមកុដិ គឺលោកជាអ្នកបាញ់។ ជុំវិញការផ្ទុះអធិករណ៍នេះ អាជ្ញាធរភូមិ-ឃុំបដិសេធថា មិនបានចូលរួមទេ មានតែហាមឃាត់ទប់ស្កាត់ប៉ុណ្ណោះ ។
អ្នកសង្កេតការណ៍និយាយថា បញ្ហាផ្ទុះអធិករណ៍នៅតាមទីអារាមដែលបង្កឱ្យមានការរីករាលដាលកាន់តែធំនេះ ដោយសារតែការដោះស្រាយយឺតយ៉ាវមិនខុសពីពាក្យថា មានភ្លើងទើបមានផ្សែង ការបណ្តោយឱ្យមានភ្លើងតូចមួយឆេះក្នុងព្រៃហើយមិននាំគ្នាពន្លត់ គឺអាចឆេះព្រៃទាំងមូលបាន ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ គប្បីនាំគ្នារក្សាតម្លៃព្រះពុទ្ធសាសនាផង និងមិនត្រូវប្រព្រឹត្តអ្វីដែលមិនគប្បីប្រាសចាកពីពុទ្ធវិន័យរបស់ព្រះបរមគ្រូនៃយើងឡើយ ៕



ចែករំលែកព័តមាននេះ