ម៉ារ៉ូហាន់ ធនាគារជប៉ុន ជាធនាគារពាណិជ្ជជប៉ុនទីមួយនៅកម្ពុជា ដែលចាប់ធ្វើប្រតិបត្តិការតាំងពីឆ្នាំ២០០៨ បានបើកសម្ពោធការិយាល័យតំណាងរបស់ខ្លួនជាផ្លូវការនៅក្នុងទីក្រុងយ៉ាងហ្គូន ប្រទេសភូមា នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១២។ ក្នុងកម្មវិធីបើកសម្ពោធនេះមានការអញ្ជើញចូលរួមដោយភ្ញៀវពិសេសៗរួមមាន រដ្ឋមន្រ្តីរាជរដ្ឋាភិបាល ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសភូមា មន្រ្ដីជាន់ខ្ពស់ជាច្រើនមកពីខាងអាជ្ញាធរប្រទេសភូមា ឯកអគ្គរាជទូតជប៉ុន និងកម្ពុជាប្រចាំប្រទេសភូមា និងនាយកគ្រប់គ្រងជាន់ខ្ពស់មកពីក្រុមហ៊ុននានាក្នុងបណ្តាប្រទេសផ្សេងៗជាច្រើន ។
ការបើកសម្ពោធការិយាល័យតំណាងរបស់ ម៉ារ៉ូហាន់ ធនាគារជប៉ុន នឹងធ្វើឱ្យចំនួនសរុបនៃការិយាល័យធនាគារបរទេសក្នុងប្រទេសភូមានាពេលបច្ចុប្បន្ន កើនឡើងដល់ទៅ២១ការិយាល័យ។ ធនាគារបរទេសទាំងអស់នេះមិនទាន់ត្រូវបានអនុញ្ញាតឱ្យដំណើរការសេវាកម្មធនាគារដោយផ្ទាល់នៅឡើយទេ ប៉ុន្តែមានសញ្ញាតាមរយៈសេរីភាវូបនីយកម្មនៃទីផ្សារពេលថ្មីៗនេះ នឹងធ្វើឱ្យមានឱកាសថ្មីៗចូលមកយ៉ាងឆាប់រហ័ស ។ កំណែទម្រង់សំខាន់ៗដូចជា ការផ្ដល់ជូនអាជ្ញាប័ណ្ណនៅពេលថ្មីៗដល់ធនាគារឯកជនក្នុងស្រុកមួយចំនួន ដើម្បីធ្វើពាណិជ្ជកម្មជារូបិយប័ណ្ណបរទេសដូចជាដុល្លារសហរដ្ឋអាមេរិក អឺរ៉ូ និងដុល្លារសិង្ហបុរី កំពុងតែមានដំណើរការយ៉ាងលឿន និងកំណែទម្រង់សេដ្ឋកិច្ចផ្សេងៗទៀត ដែលត្រូវបានរំពឹងទុកជាបន្តបន្ទាប់ ។
ដូច្នេះការបើកការិយាល័យតំណាងនៅទីក្រុងយ៉ាងហ្គូន គឺជាជំហានដំបូងដែលម៉ារ៉ូហាន់ ធនាគារជប៉ុននឹងធ្វើ ហើយនឹងផ្តល់ឱ្យប្រជាជនភូមាទទួលបាននូវផលិតផល និងសេវាកម្មប្រកបដោយបច្ចេកវិទ្យាទំនើប លំដាប់សេវាកម្មដែលមិនធ្លាប់មាន និងបណ្ដាញធនាគារប្រចាំតំបន់ដែលមានលក្ខណៈប្រកួតប្រជែង និងមានមុខងារពេញលេញ ដែលនឹងជួយគាំទ្រដល់ភាពជោគជ័យរបស់ពួកគេនៅទូទាំងក្នុង និងក្រៅតំបន់អាស៊ាន ។
ម៉ារ៉ូហាន់ ធនាគារជប៉ុន ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនដែលទទួលនូវជោគជ័យមួយគឺម៉ារ៉ូហាន់គ្រុប បានកំណត់ជំហានដ៏លឿនក្នុងការបង្ហាញថា ខ្លួនជាអ្នកដឹកនាំឧស្សាហកម្ម និងជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា ។ ធនាគារមានគោលដៅធ្វើដូចគ្នាដែរនៅក្នុងប្រទេសភូមា និងនៅទូទាំងតំបន់អាស៊ាន ។ ម៉ារ៉ូហាន់ អុីនវេសមិន អ៊េស៊ា ភីធីអុី អិលធីឌី(MARUHAN INVESTMENT ASIA PTE. LTD., )ដែលជាការិយាល័យរបស់ម៉ារ៉ូហាន់គ្រុប ប្រចាំនៅក្នុងប្រទេសសិង្ហបុរី បានដើរតួនាទីជាមជ្ឈមណ្ឌលអាជីវកម្ម ដើម្បីផ្ដល់ការណែនាំអំពីសេវាកម្មហិរញ្ញវត្ថុអន្តរជាតិ និងសេវាកម្មគាំទ្រអាជីវកម្មចូលទៅក្នុងតំបន់សេដ្ឋកិច្ចអាស៊ានដែលកំពុងអភិវឌ្ឍយ៉ាងលឿន ។
ដើម្បីបង្ហាញអំពីការប្ដេជ្ញាចិត្ដរបស់ខ្លួនក្នុងការអភិវឌ្ឍវិស័យធនាគារក្នុងប្រទេសភូមា ម៉ារ៉ូហាន់ ធនាគារជប៉ុន នឹងធ្វើការបរិច្ចាគ«សប្បុរសធម៌»ដល់ក្រសួងហិរញ្ញវត្ថុ និងពន្ធដារ និងធនាគារកណ្ដាលនៃប្រទេសភូមា ។ ការបរិច្ចាគនេះមានគោលបំណងគាំទ្រដល់ការខិតខំរបស់រាជរដ្ឋាភិបាលប្រទេសភូមាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសមស្រប និងការអភិវឌ្ឍជំនាញដល់ធនធានមនុស្ស ដែលជាតម្រូវការដ៏ចាំបាច់ក្នុងការរៀបចំវិស័យធនាគាររបស់ប្រទេស ដើម្បីជាឱកាស និងសម្រាប់អនាគតដ៏ភ្លឺស្វាងដែលធនាគារ និងវិនិយោគិនផ្សេងៗទៀតសង្ឃឹមទុក ។
ទាក់ទិននឹងការបើកសម្ពោធការិយាល័យតំណាងថ្មីនៅក្នុងទីក្រុងយ៉ាងហ្គូននេះ នាយកគ្រប់គ្រងទូទៅរបស់ម៉ារ៉ូហាន់ ធនាគារជប៉ុន លោកអូនីស៊ី ស៊ីហ៊្សូ (ONISHI, Shizuo) មាន ប្រសាសន៍ថា«យើងខ្ញុំមានមោទនភាពណាស់ក្នុងនាមជាធនាគារកម្ពុជាដែលគាំទ្រដល់ចំណងទំនាក់ទំនងពាណិជ្ជកម្មនិងហិរញ្ញវត្ថុរវាងប្រទេសកម្ពុជា និងប្រទេសភូមា ព្រមទាំងបាននិងកំពុងបំពេញនូវតម្រូវការផ្នែកអាជីវកម្ម និងហិរញ្ញវត្ថុដែលកំពុងមានការអភិវឌ្ឍថ្មីៗក្នុងតំបន់អាស៊ាន ។យើងខ្ញុំមានភាពជឿជាក់ថា ការគាំទ្រនេះនឹងរួមចំណែកនូវជោគជ័យសម្រាប់ពេលអនាគតរបស់ប្រទេសទាំងពីរក្នុងយុគសម័យនៃការរីកចម្រើនយ៉ាងខ្លាំងនាពេលខាងមុខរបស់សេដ្ឋកិច្ចអាស៊ាន»។
លោកមានប្រសាសន៍បន្តអំពីការចូលទៅក្នុងទីផ្សារប្រទេសភូមារបស់ធនាគារថា «យើងខ្ញុំចាត់ទុកខ្លួនឯងជាអ្នកត្រួសត្រាយផ្លូវនៅក្នុងវិស័យធនាគាររបស់អាស៊ាន។ អតិថិជនរបស់យើងខ្ញុំជាច្រើនក៏ជាអ្នកត្រួសត្រាយផ្លូវនៅក្នុងវិស័យអាជីវកម្មរបស់ពួកគេផងដែរ និងកំពុងតែសម្លឹងឃើញនូវផលប្រយោជន៍ពីឱកាសអាជីវកម្ម ដែលបានផ្តល់តាមរយៈការផ្លាស់ប្ដូរទាំងនេះនៅក្នុងប្រទេសភូមា និងតំបន់អាស៊ានផងដែរ »។ ដើម្បីគាំទ្រដល់ពួកគេ យើងខ្ញុំមានក្រុមអ្នកជំនាញផ្នែកធនាគារប្រកបដោយបទពិសោធន៍នៅក្នុងទីក្រុងយ៉ាងហ្គូន ដើម្បីផ្ដល់ព័ត៌មាន សេចក្ដីណែនាំ និងយោបល់ដល់អតិថិជនដែលចង់ចូលរួមចំណែកសម្រាប់អនាគតដ៏ជោគជ័យរបស់ប្រទេសភូមា»។
ម៉ារ៉ូហាន់ ធនាគារជប៉ុន ជឿជាក់ថា ការបើកការិយាល័យនេះក៏បានទាក់ទងនឹងបណ្ដាញការិយាល័យផ្សេងៗទៀតដែលធនាគារគ្រោងនឹងបើកនៅក្នុងតំបន់អាស៊ាននាពេលឆាប់ៗខាងមុខនេះ នឹងជួយបង្កើនទំនុកចិត្ដជាមួយដៃគូពាណិជ្ជកម្ម និងអតិថិជនដ៏មានសក្ដានុពលនៅទូទាំងតំបន់ ព្រមទាំងធ្វើឱ្យម៉ារ៉ូហាន់ ធនាគារជប៉ុន ជាជម្រើសដ៏មានការទាក់ទាញកាន់តែប្រសើរជាងមុនថែមទៀត មិនមែនសម្រាប់តែអតិថិជននៅកម្ពុជា និងនៅតាមតំបន់ប៉ុណ្ណោះទេ ព្រមទាំងនៅទូទាំងពិភពលោកផងដែរ ៕
ចែករំលែកព័តមាននេះ