ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣០ កក្កដា លោកអភិបាលរងខេត្ត ស ថាវី បាននាំយកទេយ្យទាន និងទៀនវស្សា ដែលជារបស់លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវជាភរិយា ទៅប្រគេនដល់វត្តចំនួន៧នៅស្រុកគូលែន ហើយពិធីនេះបានប្រារព្ធធ្វើនៅវត្តតេជោព្រះពោធិ៍ដំណាក់ ហៅវត្តក្តាក់ ។
វត្តទាំង៧នោះមាន ១-វត្តតេជោព្រះពោធិ៍ដំណាក់ ហៅវត្តក្តាក់ ២-វត្តគូលែនត្បូង ៣-វត្តថ្នល់បំបែក ៤-វត្តតាកឹង ៥-វត្តគូលែនជើង ៦-វត្តភូមិបុស្ស និង៧-វត្តឈូក ។ ទេយ្យទាន និងទៀនវស្សារបស់លោក ហូ សិទ្ធី និងលោកជំទាវជាភរិយា ដែលនាំយកទៅប្រគេននេះក្នុង១វត្តៗទទួលបានទៀនព្រះវស្សា១គូ មី២កេស ទឹកបរិសុទ្ធ១កេស ត្រីខ១០កំប៉ុង សាដក១កញ្ចប់ និងតាជីយាយជីដែលចូលរួមក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ ។
លោក ស ថាវី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោក ហូ សិទ្ធី ដែលគ្រប់ពេលវេលាលោកតែងតែនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងអំណោយរបស់លោកផ្ទាល់ទៅជួយកសាងជាសមទ្ធិផលជាច្រើន ជូនប្រជាពលរដ្ឋនៅក្នុងភូមិក្តាក់ ដែលជាភូមិមួយនៅដាច់ស្រយាលរាប់ទសវត្សមកហើយពុំដែលមានផ្លូវគមនាគមន៍ទៅកាន់តំបន់នោះទេ ។ បច្ចុប្បន្នភូមិដាច់ស្រយាលមួយនេះបានប្រែមុខមាត់ និងទទួលបានសមទ្ធិផលជាច្រើន ឆ្លើយតបបានតាមតម្រូវការដល់ប្រជាពលរដ្ឋក្នុងនោះមាន វត្តអារាម សាលារៀន អណ្តូងទឹក ស្រះទឹក និងផ្លូវលំទុកសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះប្រើប្រាស់ ។
លោក ហូ សិទ្ធី កាលពីសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ត្រូវបានរបប ប៉ុល ពត ជម្លៀសលោកចេញពីភ្នំពេញមករស់នៅជាមួយប្រជាពលរដ្ឋ នៅក្នុងភូមិដាច់ស្រយាលមួយនេះ រហូតដល់ថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ទើបលោកវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ។ ដូច្នេះហើយទើបលោកនៅចាំអនុស្សាវរីយ៍ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានដាច់ស្រយាលមួយនេះ ហើយលោកតែងតែអំពាវនាវដល់សប្បុរសជនដើម្បីរកមូលនិធិមកជួយអភិវឌ្ឍន៍ជាបន្តបន្ទាប់ ៕




ចែករំលែកព័តមាននេះ