រាជធានីភ្នំពេញ ៖ មន្រ្តីប្រចាំសមាគមអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា បានគូសបញ្ជាក់ថា ក្នុងបច្ចុប្បន្ននេះគេបានរកឃើញក្រុមមនុស្សដែលធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀនច្រើនបំផុតស្ថិតនៅក្នុងអាយុរវាងពី១០ឆ្នាំទៅ៣៥ឆ្នាំហើយភាគច្រើនកើតឡើង ព្រោះតែការមិនយល់ដឹងពីឥទ្ធិពលនិងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ។
ការអះអាងបែបនេះ ធ្វើឡើងដោយលោក ចាន់ សន្ថាណា នាយកប្រតិបត្តិនៃសមាគមអប់រំបណ្តុះបណ្តាលធនធានមនុស្ស(HRTEA)ដែលបានចូលរួមធ្វើជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពីគ្រឿងញៀនដល់សិស្សានុសិស្ស និងគ្រូបង្រៀននៅសាលារៀនសុវណ្ណភូមិ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០១២ កន្លងមក ។
លោក ចាន់ សន្ថាណា បានលើកឡើងថា ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនជាង៧០ភាគរយ ស្ថិតនៅក្នុងអំឡុងអាយុចាប់ពី១០ឆ្នាំទៅ៣៥ឆ្នាំ ហើយបញ្ហានេះកើតឡើងលើប្រជាជនមួយចំនួន ជាពិសេសបងប្អូនស្ថិតនៅភាគពាយ័ព្យប្រទេសកម្ពុជា ក្នុងនោះមានដូចជាពលករឆ្លងដែន កុមារអនាថា កម្មករនិងយុវជន នៅក្នុងទីក្រុងមួយចំនួន ។ បញ្ហានេះ មិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់សង្គមទេ តែនៅធ្វើឱ្យក្រុមគ្រួសារទទួលរងការឈឺចាប់ ភាពក្រីក្រ ហើយពិសេសអ្នករងគ្រោះខូចសុខភាពយ៉ាងធ្ងន់ធ្ងរទៀតផង។
តាមការផ្សព្វផ្សាយរបស់អង្គការសហប្រជាជាតិ គឺមានប្រជាពលរដ្ឋប្រមាណ៥ភាគរយនៃចំនួនប្រជាពលរដ្ឋនៅក្នុងពិភពលោកទាំងមូល បានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយមានប្រមាណ២៧លាននាក់ត្រូវបានគេពិពណ៌នាថា មានបញ្ហាគ្រឿងញៀន។ ពិសេសការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀននៅប្រទេសកម្ពុជា ក៏មានការកើនឡើង ហើយវាជាបញ្ហាចោទមួយក្នុងការផ្លាស់ប្តូររូបភាពសង្គមខ្មែរពីមានសណ្តាប់ធ្នាប់ទៅជាគ្មានសណ្តាប់ធ្នាប់។ បញ្ហាគ្រឿងញៀននេះមិនត្រឹមតែជាកង្វល់របស់សង្គមកម្ពុជាទាំងមូលប៉ុណ្ណោះទេ តែក៏មានផលមិនល្អចំពោះអ្នកប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរផងដែរ ។
លោកចាន់ សន្ថាណា មានប្រសាសន៍ថា «ដោយមើលឃើញមានការកើនឡើងនូវចរាចរណ៍គ្រឿងញៀនកាន់តែធ្ងន់ធ្ងរទៅ ដូចនេះសមាគមអប់រំបណ្តុះបណ្តាលធនធានមនុស្សក៏សម្រេចចិត្តចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនជូនទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនដើម្បីឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងកុំឱ្យយកអនាគត និងអាយុជីវិតទៅប្រឡូកជាមួយគ្រឿងញៀនឱ្យសោះ»។ លោកបានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមចូលរួមពន្យល់ណែនាំដល់យុវជនឱ្យបានយល់ច្បាស់ពីគុណវិបត្តិរបស់គ្រឿងញៀន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចុះ និងជាពិសេសយើងនាំគ្នាចូលរួមជួយកាត់បន្ថយភាពក្រីក្រ ។
លោកសំរិត ណារ៉ុង ប្រធានយុវជនប្រចាំសមាគមអប់រំបណ្តុះបណ្តាលធនធានមនុស្សបានគូសបញ្ជាក់ក្នុងឱកាសនោះដែរថា ក្រោយពីទទួលការអប់រំនេះទៅលោកចង់ឱ្យ ប្អូនៗចៀសផុតឱ្យឆ្ងាយពីគ្រឿងញៀន ហើយចង់ឱ្យទាំងលោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្សយកចំណេះវិជ្ជាក្រោយពីទទួលការអប់រំបណ្តុះបណ្តាលនេះទៅចែករំលែក និងអប់រំបណ្តាសិស្សានុសិស្ស និងបណ្តាមិត្តភក្តិ ធ្វើយ៉ាងណាចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ លោកបានបញ្ជាក់ថា គ្រឿងញៀនមិនត្រឹមតែបំផ្លាញសង្គមទេ ថែមទាំងបំផ្លាញអនាគតខ្លួនឯងទៀតផង ៕
ចែករំលែកព័តមាននេះ