ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​យក្ស​ដឹក​អង្ករ​លើស​ចំណុះ​ផ្ទុះ​កង់​ឆេះ សំណាង​ល្អ​បានរថយន្ត​​​ពន្លត់​​អគ្គិភ័យ​ជួយទាន់​

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​​ ៖ រថយន្ត​​ធុន​ធ្ងន់​មួយ​គ្រឿង​​ដែល​សមត្ថកិច្ច​​សង្ស័យ​ថា ផ្ទុក​អង្ករ​លើស​ចំណុះ​បាន​ផ្ទុះ​កង់​ក្រោយ​បណ្តាល​ឱ្យ​ឆេះ បង្ក​​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ដល់​អ្នក​ដំណើរ​​​តាម​ដង​ផ្លូវ ខណៈ​​ដែលរថយន្ត​នេះ​​កំពុង​​បើក​បរ​​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​៥ កាល​ពី​វេ​លា​ម៉ោង​១១​និង​​២៥​នាទី​ព្រឹក​​ថ្ងៃ​ទី​៣០ កក្កដា ​ត្រង់​ចំណុច​​ភូមិ​ពុក​ឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ​តែ​សំណាង​ល្អ​បាន​អ្នក​ភូមិ និង​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ធ្វើ​អន្តរាគមន៍​ពន្លត់​ទាន់​ពេល ។

សមត្ថកិច្ច​មូល​ដ្ឋាន​​បាន​ឱ្យ​ដឹង​ថា រថយន្ត​​នោះ​​ជា​ប្រភេទ​​រថយន្ត​​យី​ឌុប​ដឹក​ទំនិញ អ្នក​បើក​បរ​ឈ្មោះ​ ជា ហ៊ូន អាយុ​៤០​ឆ្នាំ ដែល​​ដឹក​អង្ករ​ពេញ ។ ​សមត្ថកិច្ច​បញ្ជាក់​​ថា រថយន្ត​​នេះ បាន​​ផ្ទុះ​កង់​ក្រោយ​ខាង​ឆ្វេង​ ហើយ​បណ្តាល​ឱ្យ​ឆាប​ឆេះ​ភ្លាម​មួយ​រំពេច ខណៈ​កំពុង​​បើក​បរ​ តែ​សំណាង​ល្អ​​បាន​​អ្នក​ភូមិ​ជួយ​ដង​ទឹក​ពន្លត់​ទាន់ ហើយ​រថយន្ត​​ពន្លត់​អគ្គិភ័យ​បាន​មក​ជួយ​អន្តរាគមន៍​ទាន់​ពេល​វេ​លា​ដែរ ​កុំ​អី​ទាំង​អង្ករ ទាំង​រថយន្ត​​ក្លាយ​ជា​ចំណី​ព្រះ​អគ្គី​ទៅ​ហើយ ។

​អ្នក​បើក​បរ​រថយន្ត​​​បាន​ប្រាប់​ថា រថយន្ត​​ខ្លួន​បាន​ដឹក​អង្កររបស់​ក្រុមហ៊ុន​​វៀត​ណាម ចេញ​ពី​ខេត្ត​ព្រៃ​វែង​​ឆ្ពោះ​ទៅ​កាន់​ច្រក​តំបន់​អូរបី​ជាន់​ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​នាំ​​ចេញ​ទៅ​ប្រទេស​ថៃ​ ប៉ុន្តែ​​មក​ដល់​​ចំណុច​ខាង​លើ​ក៏​ផ្ទុះ​កង់​ឆេះ​សន្ធោ​សន្ធៅ​តែ​ម្តង ។ ​បុរស​នេះ​បញ្ជាក់​ថា ពេល​កំពុង​ធ្វើ​ដំណើរ​ក៏​ស្រាប់​តែ​ផ្ទុះកង់​​លាន់​ដូច​គ្រាប់​បែក​​ ពេល​​​ឈប់​មើល​ស្រាប់​​តែ​​ឃើញ​មាន​អណ្តាត​ភ្លើង​ឆាប​ឆេះ​ហ៊ុយ​ទ្រលោម ហើយ​ភ្លាមៗ​​​អ្នក​ភូមិ​បាន​នាំ​​គ្នា​ដង​ទឹក​ជួយ​ពន្លត់ បន្តិច​​ក្រោយ​មក​ទើប​រថយន្ត​ពន្លត់​​អគ្គិភ័យ​របស់​សមត្ថកិច្ច​​មក​ដល់​ជួយ​​ពន្លត់ទាន់​ពេល​ ។

លោក សាត គីម​សាន នាយការិយាល័យ​ចរាចរ​ខេត្ត ដែល​បាន​ចុះ​ពិនិត្យ​កន្លែង​​កើត​ហេតុ​ ​បាន​និយាយ​ថា ​រថយន្ត​​នេះអាច​មាន​កំហុស​​២​ករណី​ដែល​ករណី​​ទី​១​គឺ​ បញ្ហា​បច្ចេក​ទេស កង់​រថយន្ត​​សឹក​ក្រឡា ទី​២គឺ​​អាច​បណ្តាល​មក​ពី​រថយន្ត​នេះ​ផ្ទុក​លើស​ចំណុះ។​ លោក​បញ្ជាក់​ថា ​រថយន្ត​​អាច​ផ្ទុក​អង្ករ​​មិន​តិច​ជាង​៤០​​តោន​នោះ​ទេ ​លុះ​ពេល​​រត់​ផ្លូវ​ឆ្ងាយ​បណ្តាល​​ឱ្យ​កកិត​ក្តៅ​កង់ ហើយ​​ផ្ទុះ​តែម្តង ។

​គួរ​កត់​សម្គាល់​ថា បច្ចុប្បន្ន​រថយន្ត​ដឹក​ទំនិញ​ភាគ​ច្រើន​ដែល​ធ្វើ​ចរាចរ​លើ​ផ្លូវ​ជាតិ​លេខ​៥ និង​លេខ​៥៧ ត្រូវ​គេ​សង្ស័យ​ថា បាន​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​​បាន​កំណត់ ។ ​ផ្លូវ​ជាតិ​លេខ​៥​នៅ​ត្រង់​ចំណុច​ភូមិ​ស្វា​យ​កង់ ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ​គេឃើញ​មាន​ក្រុម​កុង​ត្រូ​ល​ជជុះដុះ​ស្លែ​មួយ​កន្លែង​​ ដែល​គេ​អះអាង​ថា ជា​មន្ត្រី​ជំនាញ​ចាំ​ថ្លឹង​រថយន្ត​​ដឹក​​លើស​ចំណុះ ។ ​ប៉ុន្តែ​តាម​ការ​ពិនិត្យ​​លើ​សកម្ម​ភាព​ជាក់​ស្តែង​​គឺ​គ្រាន់​តែ​​ចាំ​កត់​​ក្បាល​​ឡាន​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ឬ​ឡាន​ដឹក​ទំនិញ​​ធំៗ​របស់​ឯក​ជន​ដើម្បី​យក​ប្រាក់​តែ​ប៉ុណ្ណោះ ។ កុង​ត្រូល​ដែល​ជ្រក​ក្រោម​តៀម​​លក់​ដូរ​ផ្ទះ​អ្នក​ស្រុក​ខាង​លើ​នេះ គឺ​មាន​ច្រើន​ឆ្នាំ​ហើយ តែ​រថយន្ត​​ដឹក​​លើស​ចំណុះ​​នៅ​តែ​បន្ត​បំផ្លាញ​ផ្លូវ​ជាតិ​ដដែល ។

ទោះ​ជា​បែប​ណា​​លោក គឹម ប៊ុនធឿន នាយ​ការិយាល័យ​​នគរ​​បាល​​បង្ការពន្លត់​​អគ្គិភ័យ​បាន​និយាយ​ដែរ​ថា ​រថយន្ត​បង្ក​​អគ្គិភ័យ​នោះ​រង​ការ​ខូច​ខាត​​កង់​ខាង​ឆ្វេង​​ទាំង​ស្រុង​ និង​ឆេះ​អង្ករ​មួយ​ចំនួន ។ លោក​បញ្ជាក់​ថា នេះ​ចាត់​ទុក​ជា​សំណាង​ហើយ​​ដែលអ្នក​​ភូមិ និង​រថយន្ត​​អង្គភាពពន្លត់​​អគ្គិភ័យ​​ជួយ​អន្តរាគមន៍​ទាន់​កុំ​អី​អាច​ខូច​​រថយន្ត​​ទាំង​ស្រុង​​តែ​ម្តង ៕