ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហររបស់កម្ពុជា​ក្នុង​ជំនួបជាមួយ​ឧបការី​រង​​ក្រសួង​ការ​បរទេស​​អាមេរិក

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្នុង​ជំនួប​ពិភាក្សា​​ការ​ងារ​​ជាមួយ​លោក Joseph Yun ​ឧបការី​​រង រដ្ឋ​មន្ត្រី​ការបរទេស​​អាមេរិក​ នាព្រឹក​ថ្ងៃទី​១៧ មីនា ​ឆ្នាំ២០១១ នៅទីស្តីការ​ក្រសួង​​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​​អន្តរជាតិ លោក​ឧបនាយក​រដ្ឋ​មន្ត្រីហោ ណាំហុង ​រដ្ឋ​មន្ត្រី​​​ការបរទេស​ និង​សហប្រតិបត្តិការ​​​​អន្តរជាតិ​ បានស្នើ​សុំ​​ឱ្យ​អាមេ រិក​​គិតគូរ​​​រឿង​បំណុលដែលកម្ពុជា​ជំពាក់​​អាមេរិក​​ជាង​៣០០លាន​​ដុល្លារ​ទាំង​ការ​​ប្រាក់​​នោះ​ឡើងវិញ​។ សំណើ​របស់​​កម្ពុជា​​មាន​៣​ចំណុច​ ចំណុច​ទី១-​កម្ពុជា​​សុំ​ឱ្យ​ចុះ​ការ​ប្រាក់​​ពី​៣%​ មក​ត្រឹម​១%វិញ ក្នុង​មួយ​ឆ្នាំ ។ ចំណុច​ទី២-​​កម្ពុជា​​​សុំ​បង្វែ​របំណុល​៧០%​ នៃបំណុល​​សរុប​ឱ្យ​​ទៅជា​ជំនួយ​អភិវឌ្ឍន៍​លើ​​គម្រោង​អភិវឌ្ឍន៍​​ប្រទេស​កម្ពុជា និង​ចំណុចទី៣-​​នៅ​សល់​៣០% កម្ពុជា​នឹងធ្វើ​ការ​​ចរចា​​ដើម្បី​សងទៅ​សហរដ្ឋ​អាមេរិក​វិញ ។

ពាក់ព័ន្ធ​​នឹង​សំណើនេះ​ លោក​ឧបការីរង​​ រដ្ឋ​មន្ត្រី​​ការបរទេស​អាមេរិក​បាន​បញ្ជាក់​​ថា នៅ​ថ្ងៃ​បន្ទាប់​​នេះ​លោក​នឹង​ធ្វើ​ការ​សិក្សា​ជាមួយ​នឹង​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​កម្ពុជា​ ហើយ​លោក​​នឹង​យក​សំណើ​នេះ​ទៅ​​ធ្វើ​ការ​សិ​ក្សា ។
ទាក់ទិន​ទៅ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា -​ថៃ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង បាន​លើក​​បញ្ជាក់​ថា កម្ពុជា​ នឹង​ទៅ​​ចូលរួម​ប្រជុំ​នៅ​ពេល​ខាង​មុខ​នេះ ចាប់​​ពីថ្ងៃ​ទី៧​ ដល់​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ២០១១ ទាំង​គណៈ​កម្មការ​ព្រំដែន​ចំរុះ​JBC  និងគណៈ​កម្មការ​​ព្រំដែន​​ទូទៅ​GBC ។ ​បញ្ហា​នេះ កម្ពុជា​បាន​ផ្តល់​​​នូវ​​ទីតាំង​សម្រាប់​​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូ​ណេស៊ី​រួច​ហើយ​ នៅ​តែភាគី​ថៃ​ទេ​ដែល​​មិន​ទាន់​​​បាន​ផ្តល់ ។ ​លោក​​ឧបនា​យក​​រដ្ឋ​មន្ត្រី​​​បាន​លើក​ជាចម្ងល់​ថា កន្លង​មក​​ហេតុអ្វី​បាន​ជា​ភាគីថៃ​នៅតែ​និយាយ​​ថា ខ្លួន​ចង់​ចរចា​ជាមួយ​កម្ពុជា​​​សិន​ទាក់ទិននឹងបញ្ហា​ទីតាំង​នេះ ។​ ព្រោះ​​បញ្ហា​ទីតាំង​ដែល​អ្នក​​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​បាន​​ដាក់​ឱ្យ​មាន​រៀង​ខ្លួន​​នោះ គឺ​កម្ពុជា​​មិន​ចាំបាច់​ពិភាក្សា​​ជា​​មួយ​ថៃឡើយ ​កម្ពុជា​​​បាន​កំណត់ទីតាំង​នៅ​លើទឹក​ដី​កម្ពុជា​រួច​​ស្រេច​ហើយ ដូច្នេះ​ថៃ​ក៏មិន​ចាំ​បាច់​​ពិភាក្សា​ជាមួយ​កម្ពុជា​ដែរអំពី​បញ្ហា​​ហ្នឹង។ ខ្លួន​ត្រូវ​កំណត់​នៅលើ​​ទឹកដី​របស់​ខ្លួន​ទៅ​ដើម្បី​ឱ្យអ្នក​​សង្កេត​ការណ៍​គេចុះ​​មក​តាម​គោល​ដៅ ។​

លោក​ឧបនាយករដ្ឋមន្ត្រី​​បាន​មាន​ប្រសាសន៍​​បន្ត​ថា កម្ពុជា​​បាន​ត្រៀម​​​លក្ខណៈ​​ស្នើ​​ទៅ​តុលា​ការ​​​អន្តរជាតិ​​​ទីក្រុង​​ឡាអេ​ឱ្យ​​​ធ្វើ​ការ​​​បក​ស្រាយ​អំពី​​​សេចក្តីសម្រេច​​​​របស់​ខ្លួន​នៅ​ឆ្នាំ​១៩៦២​​ឡើង​វិញ ។ ដោយសារ​ឥឡូវ​​នេះ ​បញ្ហា​ដែល​ស្មុគ​ស្មាញ​​​​នោះគឺ​ថៃ​បាន​​យក​ផែនទី​ឯកតោភាគី​មក​ប្រើ​ដែល​​អន្តរជាតិ​​មិនទទួល​​ស្គាល់​​ គូស​ខ្លួនឯង​ហើយ​បាន​កំណត់​​ដែនដី​របស់​ខ្មែរ​​ថាជា​ដីរបស់​ខ្លួន ។ ​​ដូច្នេះ​​ហើយ​មានតែ​មធ្យោ​​បាយ​​មួយ​គត់​​គឺកម្ពុជា​​​ស្នើ​ឱ្យ​តុលាការ​​​អន្តរជាតិ​ទីក្រុងឡាអេ​​បក​​ស្រាយ​សាល​ក្រម​​សេចក្តីសម្រេច​របស់​ខ្លួន​នៅឆ្នាំ​១៩៦២ ឡើង​វិញ។ ព្រោះ​​​ក្នុង​សេចក្តី​សម្រេច​នោះ​មាន​៣​ចំណុច​ ទី១-​ប្រាសាទ​ព្រះ​វិហារ​​ស្ថិត​នៅក្នុង​ទឹកដី​ខ្មែរ ទី២-​កងទ័ព​​ឆ្មាំរបស់​​ថៃ​ត្រូវ​ដក​ចេញ​ពី​ប្រាសាទ​ព្រះ​វិហារ​ និងតំបន់​ជុំវិញ​​ប្រាសាទព្រះវិហារ​ ​និង​ចំណុចទី៣-​​ឱ្យ​ប្រគល់​​​វត្ថុ​បុរាណ​​​ដែល​ថៃ​យក​ពី​ប្រាសាទព្រះ​វិហារ​​ និង​នៅតំបន់​ជុំ​វិញ​​ ។​ ឆ្នាំ​១៩៦២ នោះ​ថៃ​បាន​គោរព​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ប្រាសាទ​​​ព្រះ​វិហារ​​នេះ​ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​​នៅ​ឆ្នាំ​២០០៨ បែរជា​ថៃ​មក​អះអាង​​ដោយ​ប្រើ​ផែន​ទី​ឯកតោភាគី​ ដែល​​អន្តរជាតិ​​មិនទទួល​ស្គាល់​ទៅវិញ ។ ដូច្នេះ​ហើយ​​សំខាន់​គឺ​មាន​តែតុលាការ​អន្តរជាតិ​ទីក្រុងឡាអេ​ ធ្វើ​ការ​បក​ស្រាយ​​​ឱ្យ​បាន​ច្បាស់​លាស់​ ពីព្រោះ​​ផែនទី​​គូរ​ដោយ​បារាំង​-​សៀម ហើយ​សៀម​ខ្លួន​ឯង​​​ទៀត​សោត​ក៏​បាន​ទទួល​ស្គាល់​ ហើយ​អន្តរជាតិ​​ក៏ទទួល​ស្គាល់​ តុលាការ​​អន្តរជាតិ​ក៏បាន​ប្រើ​​ផែនទីនេះ​ក្នុង​ការ​កាត់​ក្តីដែរ ។ ​ថៃខ្លួន​ឯង​ទទួល​​ស្គាល់​ អនុវត្តន៍​តាម​​សាល​ក្រម​ហ្នឹង​​ហើយ​​​ស្នើ​​ឱ្យ​បារាំង​​បញ្ជូន​​ឱ្យ​ខ្លួន​ថែមទៀត​ដើម្បី​ឱ្យអាជ្ញាធរ​តាម​ខេត្ត​របស់ខ្លួន​នៅជាប់​ព្រំដែន​ទុក​ប្រើ​ប្រាស់​ទៀត​ផង ។

ចំពោះ​រឿង​នេះ លោក​ Joseph Yun ​ឧបការី​​រង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​ បាន​​ថ្លែង​ថា ដោយ​សារ​កម្ពុជា​-ថៃ​ជាមិត្ត​សហរដ្ឋ​អាមេរិក​​ដូចគ្នា ដូច្នេះ​អាមេរិកបាន​គាំទ្រ​ចំពោះ​តួនាទី​របស់​អាស៊ាន​​ក្នុង​ការ​ជួយ​សម្រុះ​សម្រួល​ដោះ​ស្រាយ​ពីបញ្ហា​នេះ ។ អាមេរិក​​​គាំទ្រ​ទាំងបញ្ហា​​តួនាទី​អ្នក​សង្កេតការណ៍​ ហើយ​នឹង​​​បញ្ហា​ដោះ​ស្រាយតាម​​យន្ត​ការ​របស់​អាស៊ាន​​នេះ ជាពិសេស​ការកោះប្រជុំ​កាលពី​ថ្ងៃទី២២ ខែកុម្ភៈ​កន្លងមក​ ។​

លោកឧបការី​រង​បញ្ជាក់​ថា លោក​អូបាម៉ា ប្រធានា​ធិបតី​​​អាមេរិក​​ បាន​ទាក់ទង​ទៅ​លោក​ប្រធានា​ធិបតី​ឥណ្ឌូណេស៊ី​​​ដោយ​បញ្ជាក់​ថា អាមេ​រិក​គាំទ្រ​ឱ្យ​មាន​កិច្ច​ប្រជុំ​នេះ ហើយ​​ក៏ស្វាគមន៍​​ការប្រជុំ​នៅពេល​ខាង​មុខ​​នេះជាជំហាន​​បន្ត​​បន្ទាប់​​ផងដែរ​ ដើម្បី​ឈានទៅ​រក​ការ​ដោះ​ស្រាយ​​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការ​ត្រូវ​រ៉ូវគ្នា ។ ​​ទាក់​ទិន​នឹង​រឿង​បំណុលនេះ ​ដូច​ប្រសាសន៍​​របស់​សម្តេច​តេជោ​ធ្លាប់​មាន​ប្រសាសន៍​ថា ​​សំណើ​នេះ​គឺកម្ពុជា​ងាកទៅរកចំណុច​រួម​មួយ​ដែល​កម្ពុជា​-​អាមេរិក អាច​ឯកភាព​និងយល់​យោគ​គ្នា​ទៅវិញ​​ទៅមក ។  កាលណា​យើង​​ចង់​រក​ចំណុច​​មួយ​ដែលភាគី​​ម្ខាង​​គេ​មិន​ឯកភាព​​នោះ បញ្ហា​ដោះ​ស្រាយ​ក៏អត់​ទទួល​បាន​លទ្ធផល​​ជាវិជ្ជ​មាន​​ដែរ ​ដូច្នោះ​យើង​បង្វែរ​ទៅរក​​ចំណុច​រួម​មួយ​ដែល​​អាច​យល់​ព្រមទាំង​អស់គ្នា​ ចំណុច​នេះ​យើង​ឃើញ​ថា​​ជា​ចំណុច​​កាន់​តែ​កៀក​គ្នា​ហើយ ៕