ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្ការ​ស្រ្ត​ប៊ើរី​នៅ​ខេត្ត​មណ្ឌល​គិរី​ជា​ពូជ​ដំណាំ​នាំ​ពី​អាមេរិក

11 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ នៅភូមិ​ស្ពាន​​មានជ័យ សង្កាត់​សែន​រមនា ក្រុង​មនោរម្យ នៅ​តាម​ដង​ផ្លូវ​​ជាតិ​លេខ​៧៨A ចម្ការ​ដើម​ស្រ្តប៊ើ​រី ​បាន​លាត​សន្ធឹង​ដេរដាស​​បើ​មិន​បាន​ចូល​ទៅ​ពិនិត្យ​​​ជិត​​ទេ ​គេ​ប្រាកដ​ជា​ស្មាន​ថា ​​ជា​ដំណាំ​បន្លែ​ផ្សេង​​​មិនខាន​ ព្រោះ​ដើម​វា​រាង​តូច​ល្អិត ​និង​ទាប​ៗ​ជាប់​នឹង​ដី​លើ​រង ។

ខេត្ត​មណ្ឌលគិរី ៖ នៅភូមិ​ស្ពាន​​មានជ័យ សង្កាត់​សែន​រមនា ក្រុង​មនោរម្យ នៅ​តាម​ដង​ផ្លូវ​​ជាតិ​លេខ​៧៨A ចម្ការ​ដើម​ស្រ្តប៊ើ​រី ​បាន​លាត​សន្ធឹង​ដេរដាស​​បើ​មិន​បាន​ចូល​ទៅ​ពិនិត្យ​​​ជិត​​ទេ ​គេ​ប្រាកដ​ជា​ស្មាន​ថា ​​ជា​ដំណាំ​បន្លែ​ផ្សេង​​​មិនខាន​ ព្រោះ​ដើម​វា​រាង​តូច​ល្អិត ​និង​ទាប​ៗ​ជាប់​នឹង​ដី​លើ​រង ។

​ស្ត្រ​ប៊ើ​រី​​ជា​ផ្លែ​ឈើ​ម្យ៉ាង​ដែល​គេ​​​​ឃើញ​មាន​​ដាំនៅក្នុង​​តំបន់​​ដែលមាន​​​អាកាស​ធាតុ​​ត្រជាក់​​ក្រោម​​២០​​អង្សាសេ ​តែ​បច្ចុប្បន្ន​​ដំណាំ​ប្រភេទ​នេះ​​​ក៏​ត្រូវ​បាន​យកមក​ដាំ​នៅ​ប្រទេស​កម្ពុជាផង​ដែរ ​​ជា​ពិសេស​គឺ​នៅ​ខេត្ត​មណ្ឌល​គិរី​តែ​ម្តង ​ដែល​​មាន​អាកាស​ធាតុ​ត្រជាក់​ជាង​បណ្តា​ខេត្ត​នានា ។​

អ្នក​ថែ​ទាំ​ចម្ការ​ស្រ្ត​ប៊ើរី​​ឱ្យ​ដឹងថា ​ស្រ្ត​ប៊ើរី​​​ដែល​កំពុង​ដាំ​​​ក្នុង​ចម្ការ​​នេះ​បាន​​នាំមក​ពីប្រទេស​អាមេរិក និង​អូស្រ្តាលី ​​ដែលមាន​ច្រើន​​ពូជ ​ដូច​ជា​ពូជ​​ស្តេលា ​វេស្ទីវល ។ល។ ​​ស្រ្ត​ប៊ើរី​​ ជា​ដំណាំ ​​រើស​​ដី​ផង ​និង​រើស​អាកាសធាតុ​​​ផង វា​ត្រូវការ​​សីតុណ្ហភាព​ត្រជាក់​​ពី​​១៦​អង្សា​ទៅ​​១៧អង្សា​ ទើប​​​រស់​បាន​ ហើយ​​ជា​ធម្ម​តា​​ចេញ​ផ្កា​និង​ផ្តល់​ផ្លែ​បាន​ល្អ​ ។ ​​ស្រ្ត​ប៊ើរី​​​ត្រូវ​ការ​​ថែទាំជា​ពិសេស​​ឱ្យ​ត្រូវ​តាម​​​​បច្ចេកទេស​​ វាមិន​ត្រូវការ​ដីដក់​ទឹក​​ឬ​ភ្លៀង​ធ្លាក់​ជោក​ជាំនោះទេ ។​

អ្នក​​ថែ​ទាំ​ដដែល​បាន​បន្ត​ថា ​​ស្រ្ត​ប៊ើរី​​​​ចាញ់​កម្តៅ​​​ថ្ងៃ​ខ្លាំង​ណាស់​ ព្រោះ​វា​ជា​រុក្ខជាតិ​​​​មាន​ដើម​តូច​ល្អិត ។ ដើម​​​ស្រ្ត​ប៊ើរី​​​​ត្រូវ​ការ​អាកាស​ធាតុ​ត្រជាក់​​​ ហើយ​នៅ​ពីលើដើម​​​ដែល​ទើប​នឹង​ដាំ​ត្រូវ​​គ្រប​ដំបូល ​និង​ក្រោមដើម​​ត្រូវយក​​​ស្រកី​​ដូង​​មក​គ្រប​​គល់​វា​ដើម្បី​​ឱ្យជក់​ទឹក​​​ធ្វើ​​ឱ្យ​ដើម​​​ស្រ្ត​ប៊ើរី​​​​នោះ​ត្រជាក់​​ផង  ហើយ​ជួយ​បន្ថយ​កម្តៅ​ទើប​វា​ដុះ​ល្អ​ ​និង​ហុច​ផល​ជា​ផ្លែ​ធំៗ​​ ។ បើ​នៅ​រដូវ​ធ្លាក់​ភ្លៀង​​ពិបាក​ក្នុង​ការ​ថែ​ទាំ​បន្តិច​​ ព្រោះ​សម្បូរ​​សត្វ​ល្អិត និង​ត្រូវ​ទឹក​ភ្លៀង​ច្រើន ។

​ប្រភព​ក៏​បាន​បញ្ជាក់​ថា ​ការ​ដាំ​​ស្រ្ត​ប៊ើរី​​​​​អាច​ដាំ​លាត​លើ​ដី​រាប​ស្មើ​ក៏​បាន​ដែរ តែ​បើ​ដាំ​​​លើ​ដី​ចំណោត​​ចាំ​បាច់​ត្រូវ​​លើក​រង​ដើម្បី​​ការ​ពារ​ទឹក​​ដក់​តាម​​រ​ង​ផង ​និង​ការពារ​ដី​បាក់​មក​លើ​ដើម​ផង​ ។​រង​រប​ស់​​ស្រ្ត​ប៊ើរី​​​​​​ត្រូវ​លើក​ដូច​រង​ស្ពៃ​​ ហើយ​ការ​ដាំ​​​គឺ​យកកូន​ទៅដាំ​​ទុក​ឃ្លាត​​ពីដើម​មួយ​ទៅ​ដើមមួយ​ គឺ​​២០សង់​ទីមែ៉ត្រ ​។ ដាំ​កូនស្ត្រប៊ើរី​ដូច​ដាំ​កូន​ស្ពៃ​ដែរ តែ​ចាំ​បាច់​ពេល​ដាំ​ដំបូង​​ត្រូវគ្រប​កូន​វា ​គឺ​អាច​ធ្វើ​ដ​ំ​បូល​ពីលើ​​ បើ​​នៅ​ក្រោម​​គល់​​គេ​អាច​​គ្រប​វា​ដោយ​ស្រកី​ដូង​​សម្រាប់​​បន្ថយ​កម្តៅ​​និង​ឱ្យ​វា​សើម​ ។​ ​តាម​រង​នីមួយៗ​​​ត្រូវ​រាយ​ទុយោ​​ទឹក​ដើម្បី​បន្តក់​ទឹក​តាម​រង​នៅពេល​​ដីស្ងួត​​​គ្មាន​​ភ្លៀង​ ។​

ស្ត្រប៊ើរី​ចាប់​ផ្តើម​​ផ្កា​​ពី​ខែ​សីហា ដល់​ខែ​កញ្ញា​  ​​ផ្លែ​​វាទុំ​​​អាចបេះ​​ប្រមូល​​ផល​បាន គឺ​នៅ​ក្រោយ​​​ការ​ដាំ​បាន​​អាយុ​កាល​​៧៥​ថ្ងៃ ទៅ​​៩០​ថ្ងៃ​ ​។ ​គុណ​ប្រយោជន៍​​របស់ស្ត្រប៊ើរី ​មាន​វីតាមីន​​​​២០មុខ ​សម្រាប់​​​ជំនួយ​សុខ​ភាព​​ដល់​អ្នក​​ទទួល​ទាន ។​​ ចំណែក​​​តម្លៃ​​អា​ចមាន​ការ​ប្រែ​ប្រួល​ទៅតាម​ទី​ផ្សារ​​ តែ​ជាមធ្យម​​វា​មាន​តម្លៃ​​២០ដុល្លារ​​​​ក្នុង​មួយ​គីឡូក្រាម ៕