ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​​​មាន​ផែន​ការ​​អូស​ទាញ​ប្រជា​ជន​​ធ្វើ​មាតុ​ភូមិ​និវត្ត​ន៍​ពី​កូរ៉េ​ខាង​ត្បូង​​នឹង​ទទួល​​រង្វាន់

11 ឆ្នាំ មុន

ក្រោយ​ពី​សង្គ្រាម​​កូរ៉េ​បាន​បញ្ចប់​​នៅ​ក្នុង​​ឆ្នាំ​១៩៥៣ មាន​ជន​ជាតិ​កូរ៉េ​ខាង​ជើង​​គេច​ពី​ភាព​អត់​ឃ្លាន​ និង​ការ​កៀប​សង្កត់​របស់​​រដ្ឋា​ភិបាល​​ទៅ​កូរ៉េ​ខាង​ត្បូង​ជាង​២៣.៥០០​នាក់ ដោយ​ភាគ​ច្រើន​រត់​គេច​​តាម​ព្រំ​ដែន​ជាប់​ជា​មួយ​ចិន ។​ក្នុង​អំឡុង​​ពេល​ចុង​ក្រោយ​​នេះ រដ្ឋា​ភិបាល​កូរ៉េ​ខាង​​ជើង​ បាន​បើក​គម្រោង​​ការ​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​​ឱ្យ​ត្រឡប់​​មក​ប្រទេស​វិញ​ដោយ​សន្យា​ថា ​នឹង​ផ្តល់​ឱ្យ​ពួក

ក្រោយ​ពី​សង្គ្រាម​​កូរ៉េ​បាន​បញ្ចប់​​នៅ​ក្នុង​​ឆ្នាំ​១៩៥៣ មាន​ជន​ជាតិ​កូរ៉េ​ខាង​ជើង​​គេច​ពី​ភាព​អត់​ឃ្លាន​ និង​ការ​កៀប​សង្កត់​របស់​​រដ្ឋា​ភិបាល​​ទៅ​កូរ៉េ​ខាង​ត្បូង​ជាង​២៣.៥០០​នាក់ ដោយ​ភាគ​ច្រើន​រត់​គេច​​តាម​ព្រំ​ដែន​ជាប់​ជា​មួយ​ចិន ។​ក្នុង​អំឡុង​​ពេល​ចុង​ក្រោយ​​នេះ រដ្ឋា​ភិបាល​កូរ៉េ​ខាង​​ជើង​ បាន​បើក​គម្រោង​​ការ​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​​ឱ្យ​ត្រឡប់​​មក​ប្រទេស​វិញ​ដោយ​សន្យា​ថា ​នឹង​ផ្តល់​ឱ្យ​ពួក​គេ​​មាន​ជីវ​ភាព​រស់​នៅ​​សប្បាយ​រី​ក​រាយ និង​គ្មាន​ការ​យក​​ទោស​ពៃ​រ៍​អ្វី​ឡើយ ។ តាម​រយៈ​ការ​បញ្ចុះ​បញ្ចូល​​នេះ ក្នុង​​ឆ្នាំ​២០១២ មាន​ជន​ជាតិ​កូរ៉េ​ខាង​ជើង​​ធ្វើ​ដំណើរ​​ត្រឡប់​មក​ស្រុក​កំណើត​​ជាង​១០០​នាក់ ដោយ​អ្នក​ខ្លះ​ទទួល​បាន​​លំនៅ​ឋាន និង​តំណែង​​ការ​ងារ​​ក្នុង​ទី​ក្រុង​​ព្យុង​យ៉ាង ជា​រង្វាន់​ពី​រដ្ឋា​ភិបាល ។

ចំណែក​ក្រសួង​បង្រួប​បង្រួម​ជាតិ​កូ​រ៉េ​ខាង​ត្បូង​ដែល​គ្រប់​គ្រង​​លើ​ការ​ឆ្លង​ដែន​រវាង​កូរ៉េ​ទាំង​២ ​បញ្ជាក់​ថា ជន​ភៀស​ខ្លួន​ដែល​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​​ខាង​ជើង​​មាន​ចំនួន​តិ​ច​​ មិន​ដល់​១០០​នាក់​ ប៉ុន្តែ​គ្មាន​ព័ត៌មាន​លម្អិត​​ណា​មួយ​បញ្ជាក់​បន្ថែម​ទេ។
​ផែន​ការ​ទាក់​ទាញ​ពលរដ្ឋ​​កូរ៉េ​ខាង​ជើង​​ត្រឡប់​ទៅ​ស្រុក​វិញ​​ ចាប់​ផ្តើម​លេច​ឮ​ព័ត៌មាន​​កាល​ពី​សម្តាហ៍​មុន​ ក្រោយ​ពី​ជន​ជាតិ​​កូរ៉េ​ខាង​ជើង​ម្នាក់​ គឺ​លោក ចន យ៉ុងឈុល ​អះ​អាង​ថា ​អ្នក​ស៊ើប​ការណ៍​​សម្ងាត់​របស់​ក្រុង​​​​សេ​អ៊ូល​មួយ​ក្រុម​សន្យា​ថា ​នឹង​ផ្តល់​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់ ប្រសិន​បើ​យល់​ព្រម​ត្រឡប់​ទៅ​កូរ៉េ​ខាងត្បូង​​​ និង​ដាក់​គ្រាប់​បែក​បំផ្លាញ​​រូប​សំណាក​អតី​ត​ប្រធា​នា​ធិបតី​ គីម អុីល​ស៊ុង ។

លោក ចន បាន​ថ្លែង​ក្នុង​ទី​ក្រុង​​ព្យុង​យ៉ាង​ថា ​រូប​លោក​​ត្រូវ​គេ​​ជួល​ឱ្យ​ប្រតិបត្តិ​តួនាទី​នោះ​​ក្រោយ​ពី​ចូល​ទៅ​តាំង​លំ​នៅ​ឋាន​ក្នុង​កូរ៉េ​ខាង​ត្បូង​ ប៉ុន្តែ​ភ្នាក់​ងារ​​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង បាន​បដិសេធ​ភ្លាមៗ​ថា មិន​មែន​ជា​ការ​ពិត​ទេ​ ។
កាល​ពី​ខែ​មុន អតី​ត​ជន​ភៀស​ខ្លួន​លោក​ស្រី ​ប៉ាក់ ​ជុង​ស៊ុក បាន​បង្ហើប​ឱ្យ​ដឹង​នៅ​កូរ៉េ​ខាង​ជើង​ ក្នុង​លក្ខណៈ​ស្រដៀង​​គ្នា​នេះ​ ទោះ​បី​ជា​ធ្លាប់​​រស់​នៅ​កូរ៉េខាង​ត្បូង​ដល់​ទៅ​៦​ឆ្នាំ​ក៏​ដោយ ។ គាត់​បញ្ជាក់​ថា ​​«ជីវិត​​នៅ​ក្រុង​សេ​អ៊ូល ស្ទើរ​តែ​មិន​ខុស​ពី​ទាសករ ដោយ​ខិត​ខំ​ធ្វើ​ការ​​ជា​ថ្នូរ​នឹង​ប្រាក់» ។ ​លោក​ស្រី​ប៉ាក់ បាន​​អះ​អាង​ថា គាត់​ត្រូវ​អ្នក​ស៊ើប​ការណ៍​កូរ៉េ​ខាង​ត្បូង​​អូស​ទាញ​​ឱ្យ​គេច​ពី​កូរ៉េ​ខាង​ជើង​​កាល​ពី​ឆ្នាំ​២០០៦ ប៉ុន្តែ​ក្រុម​សកម្ម​ជន​ និង​អង្គការ​ជន​ភៀស​ខ្លួន​បែរ​ជា​បញ្ជាក់​ថា រដ្ឋា​ភិបាល​​ព្យុង​យ៉ាង​គំរាម​ធ្វើ​បាប​កូន​ប្រុស​​របស់​នាង​ ប្រសិន​បើ​មិន​ព្រម​ត្រឡប់​ទៅ​វិញ​ ។

ទោះ​បី​ជា​ការ​ធ្វើ​ដំណើរ​​រវាង​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង​មិន​អាច​ដំណើរ​​ការ​បាន​ ប៉ុន្តែ​ជន​ភៀស​ខ្លួន​ដែល​មាន​លិខិត​​ឆ្លង​ដែន​កូរ៉េ​ខាង​ត្បូង​ស្រាប់ ​អាច​ធ្វើ​ដំណើរ​​ទៅ​ប្រទេស​ទី​៣​ដូច​ជា​​ចិនជា​ដើម នៅ​មុន​​ពេល​បន្ត​ដំណើរ​ទៅ​ក្រុង​ព្យុង​យ៉ាង។ក្រុម​បញ្ញវន្ត​​កូរ៉េ​ខាង​ជើង​​សាមគ្គី ជា​អង្គការ​ជន​ភៀស​ខ្លួន​ក្នុង​កូរ៉េ​​ខាង​ត្បូង ​ឱ្យ​ដឹង​ថា ​កាល​ពី​សប្តាហ៍​មុន​រដ្ឋា​ភិបាល​​ព្យុង​យ៉ាង​​​បាន​ព្យាយាម​​ទាក់​ទង​ក្រុម​គ្រួ​សារ​​ជន​ជាតិ​កូរ៉េ​ខាង​ជើង​​នៅ​កូរ៉េ​ខាង​ត្បូង​ដោយ​សន្យា​ថា «​នឹង​អភ័យ​ទោស​​ ប្រសិន​បើ​ពួក​គេ​យល់​ព្រម​ត្រឡប់​ទៅ​​ស្រុក​កំណើត​វិញ​» ៕