ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចចំរុះចាប់ខ្លួននៅចំណុចអូរតាឡះ ក្នុងភូមិសាស្រ្តស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី ២៨ កុម្ភៈ ហើយបានឆែកឆេរឃើញមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៩.៨៥៣ គ្រាប់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកាលពីថ្ងៃទី១ មីនា ហើយតុលាការបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកាលពីថ្ងៃទី២ មីនា ។
ជនសង្ស័យ២នាក់ដែលតុលាការឃុំខ្លួននេះម្នាក់ឈ្មោះសុវណ្ណ សាវ៉ាត ភេទប្រុស អាយុ៤៥ឆ្នាំ និងម្នាក់ទៀតឈ្មោះប៊ុន រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ពួកគេទាំង២នាក់នេះរស់នៅភូមិក្រោម ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ហើយការឃុំខ្លួនជនសង្ស័យទាំង២នាក់គឺធ្វើឡើងដោយលោកគង់ ចាន់ខេមរិទ្ធ ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង។
គួររំលឹកផងដែរថា នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២៨ កុម្ភៈ នគរបាលស្រុកថាឡា បរិវ៉ាត់ សហការជាមួយកងរាជអាវុធហត្ថស្រុក និងទាហានស្រុកស្ទាក់ចាប់បានជនសង្ស័យ២នាក់កាន់គ្រឿងញៀនធ្វើដំណើរតាមម៉ូតូ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពីឃុំព្រះរំកិល ហើយត្រូវសមត្ថកិច្ចចាប់បាននៅចំណុចអូរតាឡះ ស្រុកថាឡាបរិវ៉ាត់ ។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យទាំង២នាក់ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុក ហើយប្រគល់ឱ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរបស់ស្នងការដ្ឋាននគរបាលខេត្ត និងកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនរបស់បញ្ជាការដ្ឋានកង
រាជអាវុធហត្ថខេត្តកសាងសំណុំរឿង និងសាកសួរបន្តស្រាវជ្រាវរកមេខ្លោង។
តាមចម្លើយសារភាពរបស់ឈ្មោះសុវណ្ណ សាវ៉ាត ប្រាប់អ្នកសារព័ត៌មាននៅចំពោះមុខប៉ូលិសថា ខ្លួនបានទទួលគ្រឿងញៀននេះនៅចំណុចទឹកធ្លាក់សុភ័កមិត្រ ភូមិព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ពីឈ្មោះស៊ូន ជាជនជាតិឡាវ រស់នៅភូមិក្បាលខន ប្រទេសឡាវ ហើយឈ្មោះស៊ូន សន្យាថានឹងឱ្យប្រាក់ឈ្នួលថ្លៃកាន់យួរនេះចំនួន៣០០ដុល្លារ នៅពេលយកគ្រឿងញៀនមកដល់ស្ទឹងត្រែង ។ ចំណែកឈ្មោះប៊ុន រស្មី ដែលរួមដំណើរជាមួយបានសារភាពថា ខ្លួនគឺជាអ្នករត់មូតូឌុបដែលជនឈ្មោះសុវណ្ណ សាវ៉ាត ជួលក្នុងតំលៃ១០០.០០០រៀល។
គេមិនទាន់ដឹងថា តើសមត្ថកិច្ចមានចំណាត់ការយ៉ាងណាជាមួយមេខ្លោងដែលបានជួលជន សង្ស័យទាំង២នាក់នេះទេ ព្រោះកន្លងមកគេពុំដែលឃើញសមត្ថកិច្ចចាប់បានជនសង្ស័យជាមេខ្លោងធំៗនៅឡើយ គឺចាប់បានតែអ្នកស៊ីឈ្នួលជួញដូរប៉ុណ្ណោះ។ បើតាមលោកនូ ហ៊ួ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ចំពោះករណីនេះប៉ូលិសបានកសាងសំណុំរឿងយ៉ាងលំអិតទៅកាន់សាលាដំបូងរួចរាល់អស់ហើយ គឺរង់ចាំតែចំណាត់ការរបស់ស្ថាប័នតុលាការទៅលើមុខសញ្ញាជនដែលជាមេខ្លោងប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ