រាជធានីភ្នំពេញ ៖ នាងជួន ចាន់រតនា ហៅអយ ឬក្អយ ដែលជាតារាកំប្លែងល្បីឈ្មោះបោះសំឡេងតាមកញ្ចក់ទូរទស្សន៍ និងកម្មវិធីផ្សេងៗ កាលពីថ្ងៃទី២១ មីនា បានត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនពាក់ព័ន្ធនឹងបណ្តឹងខ្ចីរថយន្តគេច្រើនគ្រឿងបែរជាយកទៅបញ្ចាំ ។
ទាក់ទិននឹងការនាំខ្លួននាងអយនេះ ត្រូវបានមន្ត្រីនគរបាលក្រសួងមហាផ្ទៃឱ្យដឹងថា នាងក្អយត្រូវបានឈ្មោះទី សុធីតា ប្តឹងចោទប្រកាន់ពីបទឆបោកយករថយន្តរបស់គេ២គ្រឿងបើគិតជាទឹកប្រាក់មានតម្លៃជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ដើមចមក្នុងបណ្តឹងនេះគឺឈ្មោះទី សុធីតា មានរថយន្ត២គ្រឿង ១គ្រឿងប្រភេទទួរីស១២កៅអី និង១គ្រឿងទៀតឡិចស៊ីស RX 300 ត្រូវនាងអយជួលយកទៅដឹកសំភារសំអាងការតាមកម្មវិធីនានាក្នុងរាជធានីភ្នំពេញ ។ ពេលជួលរថយន្ត ដើមបណ្តឹង និងនាងអយបានធ្វើកិច្ចសន្យាជួលត្រឹមត្រូវ មិនខ្វះចន្លោះពីផ្លូវច្បាប់នោះឡើយ តែក្រោយពេលជួលរថយន្តនោះហើយបានតែប៉ុន្មានថ្ងៃ នាងអយក៏យករថយន្តរបស់ដើមបណ្តឹងទៅបញ្ចាំយកប្រាក់ ។
ក្រោយពីទទួលដំណឹងថា នាងអយយករថយន្តទៅដាក់បញ្ចាំខុសពីកិច្ចសន្យាជួលយកទៅធ្វើអាជីវកម្មនោះ ដើមបណ្តឹងបានណាត់ជួបនាង ជាច្រើនលើកសុំយករថយន្តមកវិញ ប៉ុន្តែនាងអយចេះតែគេចវេះ ។ បន្ទាប់មកទើបដើមបណ្តឹងបង្ខំចិត្តដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់ក្រសួងមហាផ្ទៃ ហើយនៅថ្ងៃទី២១ មីនា ដើមបណ្តឹងបានសហការជាមួយសមត្ថកិច្ចនាំខ្លួននាងអយទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យនាងយករថយន្តមកប្រគល់ឱ្យវិញ ។ ប៉ុន្តែជាលទ្ធផល គឺនាងអយមានតែគ្រឿងសំអាងប៉ុណ្ណោះដាក់តម្កល់ចំពោះសមត្ថកិច្ច ។ ចំពោះបណ្តឹងមួយករណីនេះគឺគូភាគីទាំង២កំពុងធ្វើការសម្រុះសម្រួលគ្នា ព្រោះ ពេលនេះនាងអយបានប្រាប់សមត្ថកិច្ចថា នាងមានដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ តែដីនោះមានតម្លៃត្រឹម៣.០០០ដុល្លារប៉ុណ្ណោះ និងមានសំភារសំអាងការមួយចំនួនទៀត តែអាសយដ្ឋានគ្មានទេ គឺជាផ្ទះជួល ។ ដូច្នេះ ប្រការនេះហើយបានជាដើមបណ្តឹងបង្ខំចិត្តទាមទារឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ព្រោះទឹកប្រាក់ប្រមាណជាង៣ម៉ឺនដុល្លារលើតម្លៃរថយន្តរកសងមិនបានឡើយ ។
ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា នាងជួន ចាន់រតនា ហៅអយ ត្រូវគេប្តឹងច្រើនដែលសុទ្ធតែរឿងជួលរថយន្ត គេជិះបែរជាយកទៅបញ្ចាំដូចខាងលើ ។ មានដើមបណ្តឹងពីឈ្មោះឈុំ សុគន្ធណារិទ្ធ និងឈ្មោះឈ ប៊ុនឆាយ អស់រថយន្ត៥គ្រឿង ដែលសំណុំរឿងស្ថិតលើព្រះរាជអាជ្ញារង២រូប កំពុងស៊ើបអង្កេតបឋម ។
ប្រភពព័ត៌មានពីសាលាដំបូងដដែលបានឱ្យដឹងទៀតថា នាងអយមិនមែនមានត្រឹមតែរឿង ប៉ុណ្ណឹងទេ គឺនៅជំពាក់ប្រាក់គេវ័ណ្ឌកច្រើនទៀត ដូច្នេះទំនងមិនអាចគេចផុតពីការចោទប្រកាន់តាមផ្លូវច្បាប់នោះឡើយ ពោលគឺអាចឃុំខ្លួនបណ្តោះអាសន្នក៏ថាបាន ។ រហូតមកដល់ល្ងាចថ្ងៃទី២២ មីនា នាងអយស្ថិតនៅក្នុងការឃាត់ខ្លួនរបស់សមត្ថកិច្ចក្រសួងមហាផ្ទៃនៅឡើយ ។ …ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ.
ចែករំលែកព័តមាននេះ