ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ឆ្នាំ​ភ្ញៀវ​ទៅ​កម្សាន្ត​​នៅ​ភ្នំ​ជី​សូ​រ​ថយ​ចុះ​​ជាង​​ឆ្នាំ​មុន

11 ឆ្នាំ មុន

ខេត្ត​តា​កែវ​​​​​​ ៖ ភ្នំ​ជី​សូរ​​ជា​រម​ណីយដ្ឋាន វប្ប​ធម៌​ និង​ប្រវត្តិ​សាស្ត្រ​​សំខាន់​មួយ​របស់​ខេត្ត​តា​កែវ​​ក្នុង​ចំណោម​រមណីយដ្ឋាន​មួយ​ចំនួន​ទៀត​ ដូចជា​ ទន្លេ​បាទី និង​ភ្នំ​ដាជា​ដើម ។​ ភ្នំ​ជី​សូរ​​ទាក់​ទាញ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ឱ្យ​ទៅ​ទស្សនា​​កម្សាន្ត​​ តែ​នៅ​ក្នុង​​រដូវ​ភ្លៀង​​នេះ​ភ្ញៀវ​មាន​ការ​​​ស្រក​ស្រុត​​ចុះ ។

ខេត្ត​តា​កែវ​​​​​​ ៖ ភ្នំ​ជី​សូរ​​ជា​រម​ណីយដ្ឋាន វប្ប​ធម៌​ និង​ប្រវត្តិ​សាស្ត្រ​​សំខាន់​មួយ​របស់​ខេត្ត​តា​កែវ​​ក្នុង​ចំណោម​រមណីយដ្ឋាន​មួយ​ចំនួន​ទៀត​ ដូចជា​ ទន្លេ​បាទី និង​ភ្នំ​ដាជា​ដើម ។​ ភ្នំ​ជី​សូរ​​ទាក់​ទាញ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ឱ្យ​ទៅ​ទស្សនា​​កម្សាន្ត​​ តែ​នៅ​ក្នុង​​រដូវ​ភ្លៀង​​នេះ​ភ្ញៀវ​មាន​ការ​​​ស្រក​ស្រុត​​ចុះ ។

ទី​តាំង​​ប្រា​សាទ​បុរាណ​នៅ​លើ​កំពូល​ភ្នំ​នេះ​ស្ថិត​​នៅ​ឃុំ​រវាង​​ ស្រុក​សំរោង​ ។ ស្ត្រី​ឈ្មោះ​ សា រឿន រស់​នៅ​ភូមិ​​ដក​ពរ ឃុំ​រវាង​ ​ជា​អ្នក​លក់​ភេសជ្ជៈ​ និង​​បាយ​ម្ហូប​នៅ​ច្រក​​ផ្លូវ​ឡើង​​ទៅ​លើ​កំពូល​ភ្នំ​ជី​សូរ​ប្រាប់​​ឱ្យ​ដឹងកាល​ពី​ថ្ងៃ​ទី​២១ កក្កដា ២០១២ ​ថា ​គាត់​​ទទួល​បាន​ប្រាក់​ចំណូល​ចាប់​ពី​៤ម៉ឺន​ទៅ​៦​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ តែ​បើ​ថ្ងៃ​បុណ្យ​ជាតិ​សំខាន់​​ៗមាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន​​ធ្វើ​ឱ្យ​គាត់​ទទួល​បាន​ចំណូល​​ច្រើន​ជាង​នេះ ។

ដោយ​ឡែក​ក្នុង​រដូវ​វស្សា​​នេះ​មិន​សូវ​​មាន​ភ្ញៀវ​​​ទៅ​កម្សាន្ត​​នៅភ្នំ​ជីសូរ​ទេ ព្រោះ​មាន​ភ្លៀង​​​ធ្លាក់​​ ពិបាក​ក្នុង​ការ​​ធ្វើ​ដំណើរ​​ និង​ម៉្យាង​ទៀត​​ដោយ​សារ​​តែ​ភ្ញៀវ​​ជាតិ​ជាប់​រវល់​​ធ្វើ​ស្រែ​ចម្ការ​។  ​​ក្នុង​អំឡុង​ខែ​កក្កដា សីហា និង​កញ្ញា​ ​មិន​សូវ​​មាន​ទាំង​ភ្ញៀវ​​ជាតិ និង​ភ្ញៀវ​​បរទេស ។ ស្រ្តី​ដដែល​នោះ ប្រកប​របរ​ជា​អ្នក​លក់​ភេសជ្ជៈ​នៅ​ភ្នំជីសូរ​អស់​រយៈ​ពេល​​ជាង​ដប់​ឆ្នាំ​មក​ហើយ ។ គាត់​​ប្រាប់​ថា កាល​ពី​មុន​មាន​អ្នក​លក់​ច្រើន​​ព្រោះ​មាន​ភ្ញៀវ​ចូល​មក​ទស្សនា​ច្រើន​ តែ​ពេល​នេះ​​អ្នក​លក់​ភាគ​ច្រើន​​​លក់​តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ ​ដោយ​សារ​តែ​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​ មិន​សូវ​មាន​ភ្ញៀវ​ចូលមក​ទស្សនា​ ។

យោង​តាម​ប្រសាសន៍​លោក ស៊ិន ​រ៉ែន ដែល​ជា​បុគ្គលិក​មន្ទីរ​ទេសចរណ៍​ខេត្ត​តា​កែវ និង​ជា​អ្នក​​ប្រចាំ​ការ​នៅ​រមណីយដ្ឋាន​ភ្នំជី​សូរ​ឱ្យ​ដឹង​ថា ​អំឡុង​​ដើម​ឆ្នាំ​២០១២នេះ ​ចំនួន​ភ្ញៀវ​ទេសចរ​​ថយ​ចុះ​ដោយ​សារ​តែ​​រមណីយដ្ឋាន​ភ្នំ​ជី​សូ​រ​​មាន​ទំហំ​តូច​ និង​ម៉្យាង​ទៀត​បណ្តា​ភ្ញៀវ​ទេសចរ​​ភាគ​ច្រើន​និយម​ទៅ​លេង​នៅ​តំបន់​ឆ្នេរ​មាន​ដូច​ជា ​ឆ្នេរ​កំពង់​សោម ​ក្រុង​កែប ​កោះ​កុង​ និង​មួយ​ចំនួន​ទៀត​​ទៅ​តំបន់​ទេសចរណ៍​ទើប​អភិវឌ្ឍ​ន៍​មាន​​ដូច​ជា ​ភ្នំ​បូក​គោ​​ជា​ដើម ឯ​អ្នក​ខ្លះ​​​ទៅ​ទស្សនា​នៅ​តំបន់ភូមិ​ភាគ​ឦសាន ។

លោក ស៊ិន ​រ៉ែន ​បញ្ជាក់​​ថា ក្នុង​ឆ្នាំ​២០១២​ ខុស​ប្លែក​​​ពី​ឆ្នាំ​មុន​ៗ​ព្រោះ​មាន​ការ​ថយ​ចុះ​ភ្ញៀវ​ចូល​មក​ទស្សនា​​ភ្នំ​ជី​សូរ​​ គឺ​កាល​ពី​ឆ្នាំ​មុន​​សម្បូរ​​ទាំង​ភ្ញៀវ​​ជាតិ និង​អន្តរជាតិ ។ បើ​នៅ​រដូវ​បុណ្យ​ទាន​វិញ​ដូច​ជា​ពិធី​បុណ្យ​ចូល​ឆ្នាំ និង​បុណ្យ​កាន់​បិណ្ឌ​​​ជា​ដើម​ សម្បូរ​ទៅ​ដោយ​ភ្ញៀវ​ជាតិ​យ៉ាង​​ច្រើន​កុះ​ករ​តាំង​ពី​ព្រលឹម​ដល់​យប់ ។ប្រាសាទ​​ភ្នំ​ជី​សូរ​​កសាង​​នៅ​សតវត្សរ៍​​ទី​១១ ដោយ​ព្រះ​បាទ​​សុរិយ​វរ្ម័ន​ទី​២ ។ ទោះ​បី​​រង​ការ​ខូច​ខាត​​ដោយ​អន្លើ​​ តែ​ប្រាសាទ​​នេះ​នៅ​តែ​មាន​ការ​​​ទាក់​ទាញ​​ភ្ញៀវ​​ទៅ​ទស្សនា​​ និង​ស្រាវ​ជ្រាវ​​ពី​ប្រវត្តិ​​សាស្ត្រ ៕​