ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ោយប៉ែត​ទល់ដែន​ខ្មែរ-សៀម មាន​ទាំង​កាស៊ីណូ​ស្រប​ច្បាប់ មាន​ទាំង​យូគី​និង​​ល្បែង​ក្រៅ​ច្បាប់

15 ឆ្នាំ មុន

ក្រុង​ប៉ោ​យប៉ែត ៖ ល្បែង​ស៊ីសង​យូគី​មួយ​កន្លែង​ត្រូវ​បាន​គេ​បើក​លេង​យ៉ាង​គគ្រឹក​គគ្រេង​​នៅ​ក្នុង​ប្លុក​​​ក្លឹប​ឌីស្កូ​ថេក ហូ​​លី​វូត ស្ថិត​នៅ​ក្នុង​ភូមិ​​​ក្បាល​ស្ពាន​ សង្កាត់​​ប៉ោយ​ប៉ែត ។ តាម​ប្រភព​ពី​អ្នក​ញៀន​ល្បែង​​យូគី​នោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​ល្បែង​យូគី​​​កន្លែង​នេះ​ទើប​តែ​​បើក​លេង​បាន​រយៈ​​ពេល​ប្រមាណ​​១០​ថ្ងៃ​​ប៉ុណ្ណោះ ​និង​មាន​​ម្ចាស់​ឈ្មោះ​​ស្មី ភេទ​ប្រុស អាយុ​ប្រមាណ​៤០​ឆ្នាំ ​ដែល​​ទើប​តែ​មក​ពី​ខេត្ត​កំពត ហើយ​បាន​ស្គាល់​កូន​​អ្នក​មាន​​អំណាច​នៅ​កន្លែង​នេះ​ ទើប​គេ​ហ៊ាន​​​បើក​​លេង​បែប​នេះ​។

ប្រភព​​ដដែល​បាន​បញ្ជាក់​ថា ​ល្បែង​ស៊ីសង​​យូគី​នេះ មួយ​រយៈ​ពេល​កន្លង​​មក​​ក៏​មាន​​មេ​បន​​ល្បែង​​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត នេះ បាន​ព្យា​យាម​​សុំ​ការ​អនុ​ញ្ញាត​ពី​អាជ្ញា​ធរ​មាន​​សមត្ថ​កិច្ច​​​បើក​លេង​ដែរ​ប៉ុន្តែ​មិន​អាច​ទៅរួច ​ដោយ​សារ​អ្នក​រត់​ការ​​​​ពេល​នោះ​ខ្សែ​តូច​​ពេក ។ ចំពោះ​បន​ល្បែង​​យូគី​ដែល​ពួក​គេ​បើក​លេង​យ៉ាង​គគ្រឹក​គគ្រេង​នៅ​ពេល​នេះ គឺ​ពួក​គេ​មាន​ខ្សែ​រយៈ​ធំ​ ។ បើ​តាម​ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​​អ្នក​ធំ​​ធ្វើ​ខ្នង​បង្អែក​កាង​​បន​ល្បែង​​យូគី​នេះ​ គឺ​ជា​ខ្សែ​របស់​កាស៊ីណូ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​នេះ​តែ​ម្តង ។ គេ​ឃើញ​​​បន​ល្បែង​​យូគី​នេះ​បាន​​បើក​លេង​យ៉ាង​ចំហ​ ​និង​មាន​អ្នក​ចាក់​​ភ្នាល់​ដាក់​លុយ​រាប់​លាន​រៀល​ផង​ដែរ ​ដោយ​ពួក​គេ​បើក​លេង​ជា​ប្រចាំ​​ចាប់​តាំង​ពី​ម៉ោង​៧​ព្រឹក រហូត​​ដល់​ពេល​យប់ គឺ​លុះ​​ត្រា​តែ​អស់​អ្នក​ចាក់​ទើប​​ពួក​គេឈប់​លេង ។

ជុំ​វិញ​បញ្ហាមាន​ការ​បើក​លេង​​ល្បែង​ស៊ី​សង​ខុស​ច្បាប់​​ទាំង​អស់​នេះ​ បាន​ធ្វើ​ឱ្យ​​ពល​រដ្ឋ​នៅ​ក្នុង​ក្រុង​ប៉ោយ​​ប៉ែត​មិន​សប្បាយ​ចិត្ត​​​ឡើយ​ ហើយ​បាន​​រិះ​គន់​​​​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ថា ​បណ្តែត​បណ្តោយ​ឱ្យ​មាន​ល្បែង​ស៊ីសង​ ទើប​កន្លង​​មក​កើត​មាន​អំពើ​​លួច​ឆក់​ប្លន់​​កាប់​សម្លាប់​​ប្រជា​ពល​រដ្ឋ​​ស្លូត​ត្រង់​យក​ទ្រព្យ​សម្បត្តិ​​​ទៅ​លេង​ល្បែង​ និង​សេព​គ្រឿង​​ញៀន​​ជា​ដើម។ ​ជាក់​ស្តែង​​គេ​សង្កេត​​ឃើញ​មាន​កាស៊ី​ណូ​ច្រើន​កន្លែង​​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​​ដែល​មួយ​ចំនួន​​បើក​ឱ្យ​ពល​រដ្ឋ​​ខ្មែរ​ចូល​លេង​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​ពុំ​មាន​ការ​ទប់​ស្កាត់​​ពី​អាជ្ញា​ធរ​​មាន​សមត្ថ​កិច្ច​​​ឡើយ។ ចង់​អនុ​វត្ត​គោល​​នយោ​បាយ​​ភូមិ​-ឃុំ​មាន​សុវត្ថិភាព ​​ត្រូវ​តែ​បង្ក្រាប​​បន​ល្បែង​នេះ ៕