ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​​តេជោហ៊ុន សែន ៖ ការ​បើក​ចំហរ​​សេដ្ឋកិច្ច​​របស់កម្ពុជា គឺជា​ការ​​នាំមក​នូវ​​កាលានុវត្ត​​​ភាព​​​ដល់​កសិករ​ ក្រុមហ៊ុន និង​វិនិយោគិន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សន្និ​សីទ​​ទស្សន​វិស័យ​កម្ពុជា​ឆ្នាំ​២០១១ ៖ ភាព​ជា​ដៃ​គូ​រវាង​វិទ្យា​ស្ថាន​​បណ្តុះ​បណ្តាល​​​និង​ស្រាវ​ជ្រាវ​​ដើម្បី​អភិ​វឌ្ឍន៍​កម្ពុជា (CDRI) និង​ធនាគារ ANZ Rayal ស្តី​ពី «ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់ និង​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​នៅ​កម្ពុជា៖ ឱកាស​ និង​បញ្ហា​ប្រឈម​» ជា​ការ​​ឆ្លើយ​តប​ក្រោម​ការ​​ដឹក​នាំ​​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​។ រាជ​រដ្ឋា​ភិបាល​​បាន​អនុ​វត្ត​ជម្រើស​​ គោល​នយោ​បាយ និង​វិធាន​ការ​ជាក់​ស្តែង​មួយ​ចំនួន ទាំង​ក្នុង​វិស័យ​សេដ្ឋ​កិច្ច និង​សង្គម​កិច្ច ដោយ​បញ្ចៀស​បាន​ដោយ​ជោគ​ជ័យ​​នូវ​បច្ច័យ​​អាក្រក់​មក​លើ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច សង្គម​កិច្ច កម្ពុជា ។ ពិធី​បើក​សន្និ​សីទ​ទស្សន​វិស័យ​​កម្ពុជា ឆ្នាំ​២០១១ នេះ​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០១១ ​នៅ​សណ្ឋា​គារ​ភ្នំពេញ ។

​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​​ថ្ងៃ​នេះ ​បង្ហាញ​​អំពី​បញ្ហា​ប្រឈម​​និង​កាលា​នុ​វត្ត​ភាព​​មួយ​ចំនួន​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ ​ក្នុង​ការ​ធានា​ឱ្យ​បាន​ជា​វិជ្ជ​មាន​នូវ​​បរិ​ស្ថាន​ល្អ​ក្នុង​គោល​ដៅ​សម្រេច​នូវ​កំណើន​ និង​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​​ចីរ​ភាព ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃ​សមិទ្ធ​ផល​ដែល​សម្រេច​បាន​​ប្រកប​ដោយ​ជោគ​ជ័យ និង​ជំនះ​ឧបសគ្គ​នានា ដើម្បី​ពង្រឹង​​សមត្ថ​ភាព​របស់​កម្ពុជា ក្នុង​គោល​ដៅ​សម្រេច​ឱ្យ​បាន​នូវ​គោល​ដៅ​​អភិ​វឌ្ឍន៍​​របស់​កម្ពុជា ។

ប្រទេស​កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​មាន​សេដ្ឋ​កិច្ច​បើក​ចំហ ក្នុង​ចំណោម​​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​បើក​ចំហ​នានា ។ គោល​នយោ​បាយ​​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ និង​ការ​បង្កើន​ផលិត​​កម្ម​ស្រូវ​របស់​រាជ​រដ្ឋា​ភិបាល​ នឹង​ផ្តល់​​នូវ​កាលានុ​វត្ត​ភាព​សម្រាប់​ប្រជា​​កសិ​ករ​ ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ក្រុម​ហ៊ុន​នាំ​ចេញ​ទាំង​ឡាយ និង​ជា​គំរូ​ដ៏​​ល្អ​មួយ​​សម្រាប់​ដំណាំ​កសិ​កម្ម​​ផ្សេង​ទៀត និង​សម្រាប់​​ការ​អភិ​វឌ្ឍ​វិស័យ​កសិ-ឧស្សាហ​កម្ម​ ។ ការ​ស្ថិត​នៅ​​​ចំ​ទីតាំង​ភូមិ​​សាស្ត្រ​យុទ្ធ​សាស្ត្រ​ ដែល​មាន​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​កាន់​តែ​ខ្លាំង​​ក្លា គឺ​ស្ថិត​​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ សហ​គមន៍​អាស៊ាន និង​ការ​ស្ថិត​នៅ​​​កៀក​​នឹង​ប្រទេស​​ចិន ដែល​ទើប​​តែ​ក្លាយ​ជា​មហា​អំណាច​សេដ្ឋ​កិច្ច​ធំ​ជាង​គេ​​ទី​ពីរ និង​ជា​ទី​ផ្សារ​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក​ សម្រាប់​ស្រូប​​នូវ​​អតិរេក​នៃ​ផលិត​កម្ម​កសិ​​កម្ម គឺ​ជា​កត្តា​​មួយ​​ដ៏​សំខាន់​សម្រាប់​ការ​អភិ​​វឌ្ឍ​វិស័យ​ឯក​ជន​​និង​ការ​វិនិ​យោគ ។

​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បញ្ជាក់​ថា ​សេដ្ឋ​កិច្ច​​បើក​ទូលាយ និង​ផ្តោត​លើ​ទី​ផ្សារ​​នាំ​ចេញ​​ដែល​បាន​​កសាង​លើ​ភាព​ជោគ​ជ័យ​​នៃ​ពាណិជ្ជ​កម្ម និង​វិនិ​យោគ​កន្លង​មក នឹង​ក្លាយ​​ជា​កម្លាំង​សំខាន់​មួយ​សម្រាប់​​ការ​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​មុខ ។ ​ពាណិជ្ជ​កម្ម​កម្ពុជា​ជា​មួយ​ចិន-កូរ៉េ​ខាង​ត្បូង និង​វៀត​​ណាម បាន​កើន​ឡើង​​ខ្លាំង​​ក្នុង​ឆ្នាំ​២០១០ ដោយ​សារ​តែ​ការ​ងើប​ឡើង​វិញ​នៃ​ការ​នាំ​ចេញ​សម្លៀក​​បំពាក់​ទៅ​កាន់​ប្រទេស​​សហ​គមន៍​​អឺរ៉ុប និង​ប្រទេស​​អាមេ​រិក​​ខាង​ជើង ។
គោល​នយោ​បាយ​​​នាំ​ចេញ​អង្ករ​របស់​រាជ​រដ្ឋា​ភិបាល ​​ឆ្លុះ​បញ្ចាំង​ពី​សក្តានុ​ពល​​ខ្ពស់​របស់​កម្ពុជា ក្នុង​​ផលិត​កម្ម​កសិ​កម្ម និង​​ភាព​ចាំ​បាច់​បន្ត​ជំរុញ​ និង​ទាក់​ទាញ​​អ្នក​វិនិ​យោគ​​​ទុន ដើម្បី​វិនិ​យោគ​​ក្នុង​វិស័យ​​កសិ​កម្ម​ ទាំង​ផលិត​កម្ម​ស្រូវ និង​ដំណាំ​សម្រាប់​​នាំ​ចេញ​ដែល​មាន​​តម្រូវ​ការ​ខ្ពស់​ក្នុង​តំបន់ ដូច​ជា ដំឡូង​មី សណ្តែក​សៀង កៅស៊ូ និង​ការ​កែ​ច្នៃ​​ចំណី​អាហារ និង​វិស័យ​​កសិ​-ឧស្សាហ​កម្ម​ កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត ។ ជា​មួយ​គ្នា​​នេះ​ដែរ​ កម្ពុជា​ចាំ​បាច់​ផ្តោត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពី​ការ​​បង្កើត​​ឧស្សាហ​កម្ម​ថ្មី​​ដូច​ជា ការ​​ដំឡើង​​រថយន្ត ឧបករណ៍​​អគ្គិ​សនី និង​ឧស្សាហ​កម្ម​ធុន​ស្រាល​ផ្សេង​ទៀត ដើម្បី​សម្រួល​​ពាណិជ្ជ​កម្ម និង​​បរិ​យា​កាស​វិនិ​យោគ ដោយ​អនុ​វត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ព​ស់​នូវ​​គោល​​នយោ​បាយ​ឧស្សាហ​កម្ម​ ។ ដើម្បី​ធានា​នូវ​បរិ​ស្ថាន​ដ៏​ល្អ​ប្រសើរ​​សម្រាប់​ចរាចរណ៍​​ឱ្យ​បាន​សេរី​នូវ​កម្លាំង​ពល​កម្ម និង​ទំនិញ​​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ទាំង​ឆ្លង​កាត់​​​ព្រំ​ដែន​របស់​ខ្លួន កម្ពុជា​នឹង​បន្ត​ពង្រឹង​នូវ​វឌ្ឍន​ភាព​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​ស្តារ និង​កសាង​ផ្លូវ​​ ស្ពាន ផ្លូវ​ដែក​ កំពង់​ផែ និង​ប្រព័ន្ធ​​ធារាសាស្ត្រ​​នានា ដោយ​ផ្តោត​អាទិ​ភាព​​ទៅ​លើ​ការ​ធានា​ឱ្យ​បាន​នូវ​ការ​​ផលិត​ថាម​ពល​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​ខ្ពស់ និង​ការ​គោរព​នូវ​ស្តង់​ដា​បរិ​ស្ថាន ។ កម្ពុជា​នឹង​អនុ​វត្ត​​នូវ​គម្រោង​ដែល​​មាន​ទឹក​ប្រាក់​​ចំនួន​១៤១​លាន​ដុល្លារ​​អាមេ​រិក តភ្ជាប់​​បណ្តាញ​​ផ្លូវ​ដែក​ប្រវែង​៦៥០​គីឡូ​ម៉ែត្រ ​ពី​​រាជ​ធានី​​ភ្នំពេញ ​ទៅ​ដល់​ព្រំ​ដែន​ប្រទេស​វៀត​​ណាម និង​ថៃ​ ហើយ​​និង​កំពុ​ងស្តារ​ឡើង​វិញ និង​ពង្រីក​នូវ​ប្រព័ន្ធ​ផ្លូវ​ដែក​ក្នុង​ប្រទេ​សទាំង​មូល ។

ស​ម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​គូស​បញ្ជាក់​ទៀតថា ​វិស័យ​​អាទិ​ភាព​មួយ​ទៀត គឺ​ការ​កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផលិត​ថាម​ពល​អគ្គិ​សនី​​​បង្កើន​​អត្រា​​គ្រប​ដណ្តប់​​​ការ​ប្រើ​ប្រាស់​ថាម​ពល​អគ្គិ​សនី ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​​​តាម​ទី​ជន​បទ ។ នៅ​ក្នុង​​រយៈ​ពេល​វែង ​កម្ពុជា​នឹង​អាច​ទាញ​យក​ផល​ប្រយោជន៍​​ពី​អាជីវ​កម្ម​ធន​ធាន​ប្រេង និង​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ​​ ក៏​ប៉ុន្តែ​​នៅ​ក្នុង​រយៈ​ពេល​ខ្លី​ កម្ពុជា​នឹង​ផ្តោត​ការ​យក​ចិត្ត​​ទុក​ដាក់​​ជា​សំខាន់​លើ​ការ​បង្កើន​​យ៉ាង​ខ្លាំង​ក្លា​​នូវ​សមត្ថ​ភាព​ផលិត​អគ្គិ​សនី តាម​រយៈ​ការ​​សាង​សង់​​ស្ថានីយ​វារី​អគ្គិ​សនី​​ និង​ការ​គ្រប់​គ្រង​ផល​ប៉ះ​ពាល់​បរិ​ស្ថាន​ឱ្យ​​​បាន​ល្អ​ប្រសើរ ។

​ទាំង​នេះ គឺ​ជា​​​កាលានុ​​វត្ត​ភាព​​សំខាន់ៗ​​និង​បញ្ហា​​ប្រឈម​នានា​ដែល​យើង​​ទាំង​អស់​គ្នា​​បាន​ជួប​ប្រទះ ។ កម្ពុជា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​​ធានា​ឱ្យ​បាន​នូវ​កំណើន​សេដ្ឋ​កិច្ច​​ខ្ពស់​ដែល​អាច​ចែក​រំលែក​​ផ្លែ​ផ្កា​ដល់​ប្រជា​ជន​គ្រប់​ស្រទាប់​ និង​ធានា​ឱ្យ​បាន​នូវ​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ កម្ពុជា​មាន​​សុទិដ្ឋិ​និយម​ចំពោះ​​ទស្សន​វិស័យ​​អនាគត​ ដោយ​កំណើន​​សេដ្ឋ​កិច្ច​ត្រូវ​បាន​ព្យាករណ៍​​ថា ​កើន​ចន្លោះ​​ពី​៦​ទៅ​៧​​ភាគ​រយ​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ ។ ដូច្នេះ ​​កម្ពុជា​​ត្រូវ​ធ្វើ​​ពិពិធក​ម្ម​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​របស់​កម្ពុជា ដោយ​មិន​​ត្រឹម​តែ​ផ្តោត​លើ​ទី​ផ្សារ​​អាមេ​រិក​ និង​​អឺរ៉ុប​​ប៉ុណ្ណោះ​ទេ ​តែ​​ត្រូវ​ផ្តោត​លើ​ទី​ផ្សារ​​អាស៊ីផង​ដែរ ។

លោក​​បណ្ឌិត​ ហង់ ជួន​ណា​រ៉ុន ប្រធាន​ក្រុម​ប្រឹក្សា​​ភិបាល​នៃ​វិទ្យា​ស្ថាន​​បណ្តុះ​បណ្តាល​​ និង​ស្រាវ​ជ្រាវ​​ដើម្បី​អភិ​វឌ្ឍន៍​​កម្ពុជា (CDRI) បាន​ថ្លែង​ថា ឆ្លង​តាម​បទ​ពិសោធន៍​​​ពី​វិបត្តិ​​ហិរញ្ញ​វត្ថុ​ពិភព​លោក បាន​កត់​សំគាល់​​ឃើញ​ថា ​​កម្ពុជា​បាន​ឆ្លង​កាត់​​ប្រកប​ដោយ​​ជោគ​ជ័យ​នូវ​វិញ្ញា​សា​​សេដ្ឋ​កិច្ច​សំខាន់​មួយ​ទៀត​ គឺ ការ​ដោះ​ស្រាយ​​ការ​គ្រប់​គ្រង​ស្ថាន​ការណ៍​​វិបត្តិ​ និង​ការ​ស្តារ​សេដ្ឋ​កិច្ច​​ឱ្យ​មាន​ការ​រីក​លូត​លាស់​ឡើង​វិញ ។

​លោក​ប្រធាន​​ក្រុម​ប្រឹក្សា​​ភិបាល​​ថ្លែង​បន្ត​ថា ​សម្រាប់​​សន្និ​សីទ​​ថ្ងៃ​នេះ យើង​​​​ពិភាក្សា​​លើ​ប្រធាន​បទ​បី​សំខាន់ ​ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​ងើប​ឡើង​វិញ នៃ​សេដ្ឋ​កិច្ច​កម្ពុជា​ឆ្ពោះ​ទៅ​រក​មាគ៌ា​អភិ​វឌ្ឍ​ន៍​ប្រកប​ដោយ​ចីរ​ភាព គឺ​ទី១-​ការ​ជំរុញ​​កំណើន​ខ្ពស់​​ និង​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរភាព​​នៅ​កម្ពុជា ទី​២-​កត្តា​សំខាន់​ៗ​ដើម្បី​​ធានា​​បរិ​យា​កាស​ក្នុង​ការ​ជំរុញ​​កំណើន​ខ្ពស់​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​នៅ​កម្ពុជា និង​ទី​​៣-ការ​ត្រៀម​រៀប​ចំ​របស់​កម្ពុជា​សម្រាប់​កំណើន​ខ្ពស់​ និង​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​ តាម​រយៈ​ការ​ពង្រីក​កត្តា​​ជោគ​ជ័យ​ និង​ការ​បំបាត់​កត្តា​រាំង​ស្ទះ ។ ទស្សនៈ​ដែល​​យល់​ឃើញ​រួម​គ្នា​ នឹង​ប្រែ​ក្លាយ​​ជា​សកម្ម​ភាព​ជាក់​ស្តែង​​រៀងៗ​ខ្លួន​ទៅ​តាម​​តួនាទី​របស់​តួអង្គ​នីមួយៗ ប៉ុន្តែ​​បំពេញ​​ឱ្យ​​​គ្នា​ទៅ​វិញ​ទៅ​មក ប្រទាក់​ក្រឡា​គ្នា និង​ឆ្លើយ​ឆ្លង​គ្នា​ សំដៅ​​សម្រេច​​ឱ្យ​បាន​នូវ​គោល​ដៅ​នៃ​កំណើន​សេដ្ឋ​កិច្ច​​ខ្ពស់ និង​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​ដែល​​ជា​បំណង​ប្រាថ្នា​​របស់​យើង​គ្រប់ៗ​គ្នា ៕