ខេត្តកំពត ៖ ពិតជាគួរឱ្យឈឺចាប់ណាស់ សម្រាប់ស្ត្រីជាភរិយាកាលបើដឹងថា ប្តីជាទីស្រឡាញ់ និងជាទីពឹងរបស់ខ្លួនលួចរៀបការប្រពន្ធថ្មីមួយទៀត ហើយវាក៏ជាការបង្កឱ្យមានក្តីអាម៉ាស់មួយដល់នារីដែលចាញ់បោក ព្រោះតែគេភូតកុហកថា នៅកម្លោះ ឬពោះម៉ាយ ចូលមកចែចូវសុំបើកទ្វារបេះដូង និងព្រមព្រៀងរៀបការ ផ្ទុយទៅវិញ គឺជាការបោកប្រាស់ផ្លូវចិត្តមួយដ៏ធ្ងន់ធ្ងរ ។ តើនេះជាកំហុសនរណា?
រឿងរ៉ាវលួចរៀបការប្រពន្ធថ្មីរបស់ប្តីកំហូចត្រូវបានប្រពន្ធរារាំងមុនពេលអង្ករក្លាយជាបាយ គឺមានន័យថា មុនប្តីកំហូចចូលរោងការ៣ថ្ងៃ។ រឿងរ៉ាវប្តីកំហូចនេះត្រូវបានដឹងថា បុរសឈ្មោះបាន នីម អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិផ្សារដែក លើឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល បានទៅធ្វើជាកងសន្តិសុខឱ្យរោងចក្រកាត់ដេរមួយនៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ហើយភូតកុហកនារីម្នាក់ជាកម្មការិនីកាត់ដេរមានស្រុកកំណើតនៅភូមិចម្លង ជ្រៃ ឃុំស្តេចគង់ខាងលិចស្រុកបន្ទាយមាសថា ខ្លួនមិនមានប្រពន្ធទេ សុំស្រឡាញ់នាងរៀបការពេញច្បាប់ ក៏មានការត្រូវរ៉ូវគ្នា ។ ការបោកប្រាស់នាងកម្មការិនីនេះបានបង្ហាញលិខិតបញ្ជាក់ពីចៅសង្កាត់ភ្នំពេញថ្មី រួមទាំងមេភូមិបាយ៉ាប និងមេ៥០ខ្នងទី៥ថា ឈ្មោះបាន នីម ពិតជានៅលីវ ។ ទោះបីជាបែបណាក្តី លិខិតនោះមិនដឹងថា ក្លែងបន្លំ ឬពិតទេ ។
ដោយសារឃើញមានការអះអាងពីអាជ្ញាធរសង្កាត់ភ្នំពេញថ្មីបែបនេះហើយ ទើបអាជ្ញាធរឃុំស្តេចគង់មិនជំទាស់ ហើយដាក់ថ្ងៃមង្គលការនៅថ្ងៃទី៦កើត ខែផល្គុន ត្រូវនឹងថ្ងៃទី១០ មីនា ។ ឪពុកម្តាយខាងស្រីពិតជាមានចិត្តរីករាយបានដើរហៅភ្ញៀវជិតឆ្ងាយ និងបញ្ជាទិញម្ហូបអាហារ ជួលភ្លេង ជួលសំអាងការ និងរកមេបាចាស់ទុំមកចូលរួមពិធីមង្គលការកូនប្រុសស្រី។ ប៉ុន្តែអ្វីដែលស្មានមិនដល់នោះ ស្រាប់តែនៅព្រឹកថ្ងៃទី៤ មីនា ស្ត្រីម្នាក់ឈ្មោះអ៊ុក ជាអាយុ៣០ឆ្នាំ រួមទាំងកូនស្រីឈ្មោះមាន ស្រីនុច អាយុ៩ឆ្នាំ ចេញពីឃុំផ្សារដែក ទៅកាន់ឃុំស្តេចគង់ សួររកប្តីរបស់ខ្លួនដែលជិតចូលរោងការជាមួយស្រីថ្មី ។ ស្ត្រីរូបនេះបានបង្ហាញរូបថតជាភស្តុតាងនៃមង្គលការរបស់ខ្លួនជាមួយប្តីកំហូចនេះ គឺជារូបថតរៀបការពេញច្បាប់ ។ ជាមួយនេះក៏មានលិខិតពីលោកមេឃុំផ្សារដែកចារបញ្ជាក់ផងដែរ ។
ស្ត្រីជាប្រពន្ធនិយាយប្រាប់អាជ្ញាធរឃុំស្តេចគង់ថា មុនពេលលួចមករៀបការនេះប្តីរបស់នាងបានបញ្ចុះបញ្ចូលនាងឱ្យដើរចងការលុយគេយកទៅសូកគេធ្វើការ។ ដោយមិនដឹងល្បិចប្តីនោះនាងព្យាយាមចងការគេបានចំនួន៦០០ដុល្លារឱ្យប្តី ហើយគេបែរជាយកមកជូនខាងស្រីជាជំនូនរៀបការទៅវិញ ។ ស្ត្រីជាប្រពន្ធបន្តថា ទោះបីជាគេប្រាប់ថា ប្តីនាងលួចការស្រីថ្មីក៏ដោយ ក៏នាងមិនជឿដែរ លុះដឹងថា គេពិតជាលួចរៀបការមែននោះ ទើបនាងសុំឱ្យលោកមេឃុំផ្សារដែកទូរស័ព្ទទៅស្មៀន ឃុំស្តេចគង់ សុំឱ្យបញ្ចប់ពិធីមង្គលការនេះជាបន្ទាន់ ។ លោកអេង អ៊ីវ មេឃុំស្តេចគង់រួមទាំងស្មៀនឃុំបានបន្ទោសទៅលើលោកចៅសង្កាត់ ភ្នំពេញថ្មីថា ហេតុអ្វីក៏ហ៊ានបញ្ជាក់ពីភាពនៅលីវ របស់បុរសឈ្មោះបាន នីម ។ តាមពិតគេគ្រាន់តែមកស្នាក់នៅធ្វើការប៉ុណ្ណោះ គួរតែពិនិត្យឱ្យច្បាស់ ។
មង្គលការមួយទៀតដែលបានប្រារព្ធឡើងនៅថ្ងៃទី៦ មីនា នៅភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច មានមនុស្សម្នាចូលរួមយ៉ាងច្រើនកុះករ ។ អ្វីដែលជាការកត់សម្គាល់នោះ គឺជាមង្គលរវាងកម្លោះសង្ហា និងនាងក្រមុំខ្វិន ។ កូនកម្លោះឈ្មោះញឹម ហំ មានរូបរាងស្អាតបាតដូចគេឯងដែរ បានស្ម័គ្រចិត្តរៀបការជាមួយនាងជាកូនក្រមុំឈ្មោះស៊ីវ ម៉ីម៉ី ពិការដៃជើងតាំងពីនៅតូច ។ បច្ចុប្បន្ននាងដើរមិនរួចទេ ។
តាមសំដី ក្រុមសាច់ញាតិខាងកូនក្រមុំថា កូនកម្លោះញឹម ហំ បានមកស៊ីឈ្នួលធ្វើចំការឱ្យលោកស៊ីវ សាវុធ ឪពុកកូនក្រមុំនៅភ្នំកូនសត្វ ឃុំកូនសត្វស្រុកទឹកឈូ ។ ដោយសារឪពុកម្តាយខាងស្រីមើលឃើញថា ញឹម ហំ អាចផ្តល់ទំនុកចិត្ត និងសង្ឃឹមទៅថ្ងៃអនាគត ក្នុងការថែទាំកូន ស្រីពិការរបស់ខ្លួនបានក៏លើកនាងឱ្យគេ ។ អ្នកភូមិចាត់ទុកថា កូនកម្លោះមានសំណាង ទោះបីយកប្រពន្ធពិការក្តី ព្រោះនាងមានពូជពង្សជាអ្នកមានគួរសមនៅភ្នំពេញ ។
ក្រុមសាច់សាលោហិតខាងស្រីនិយាយថា កុំអីរៀបការនៅភ្នំពេញ ហើយ តែខ្លាចអ្នកកាសែតចុះផ្សាយនាំឱ្យមិនសប្បាយចិត្ត ទើបនាំគ្នាមកការនៅឯស្រុកស្រែ ហើយភ្ញៀវសុទ្ធតែមកពីភ្នំពេញទាំងអស់ ។
ពេលហែជំនូនកូនកម្លោះមកដល់ផ្ទះកូនក្រមុំនាងត្រូវឪពុកត្រកងបីឱ្យកូនកម្លោះបំពាក់កម្រងផ្កា ។ បន្ទាប់ពីបំពាក់ហើយកូនកម្លោះបានបីកូនក្រមុំទៅក្នុងបន្ទប់វិញ ។ ពេលកាត់សក់យកសិរីឪពុកបានបីនាងកូនក្រមុំចេញមក ហើយពេលរួចរាល់ហើយកូនកម្លោះបីនាងចូលបន្ទប់វិញ ។ ក្នុងពិធីកាត់ផ្លែឈើ កូនប្រុសបានបីត្រកងនាងម៉ីម៉ី៣ជុំ ស្របពេលក្រុមភ្ញៀវបញ្ចេញសំលេងហ៊ោរំពងរោងការ ។ តាមការកត់សំគាល់មើលកាយវិការគឺឪពុកកូនក្រមុំបីកូនសមជាងកូនប្រសា ព្រោះគាត់ថ្នឹកបីកូនស្រីពិការនេះ២០ឆ្នាំមកហើយ ។ មង្គលការដ៏កម្រមួយនេះ គ្មានអ្នកណាសើចចំអកអ្វីទេ គឺគ្រប់គ្នាអាណិតកូនក្រមុំ ដែលមានរូបរាងស្អាតបាត បែរជាខ្វិនទៅណាមកណាមិនរួច ហើយបួងសួងឱ្យនាងទទួលបានការថ្នាក់ថ្នមពីចៅមាណពចាំចំការនេះរៀងរហូតទៅចុះ ៕
ចែករំលែកព័តមាននេះ