ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​មហាក្សត្រិយានី​​ចឺស៊ី​ប្រទេស​ចិន​​ចូល​មឈូស3ដង​​មិន​បាន​​ផ្ទំស្ងៀម

11 ឆ្នាំ មុន

ជា​ព្រះ​មាតាស្តេច​ចុង​ក្រោយរបស់​​រាជ​វង្ស ឆេង ​និង​ជា​របប​ស្តេច​ចុងក្រោយ​ក្នុងប្រទេសចិន​ ព្រះ​​មហា​ក្សត្រិយានីចឺស៊ី ត្រូវ​បាន​ចាត់​​ទុកជា​ស្ត្រី​​មាន​អំណាច​បំផុត​ក្នុង​ប្រទេស​មួយ​ដែលមាន​ប្រពៃណី​រើសអើង​​​​នារី​ភេទ​នេះ ។ មនុស្ស​មិន​តិចទេ​ដែល​ស្លា.ប់​ដោយ​សារទ្រង់​ ។ ​ព្រះ​មហា​ក្សត្រិ​យានី​​​ចឺស៊ី​មិន​ត្រឹម​តែធ្វើ​​ឱ្យ​អ្នក​ផង​​នឹក​ឃើញ​ទ្រង់​ជានិច្ច​ ពេល​ទ្រង់​​គង់​នៅ​ព្រះជន្ម​​ទេ ​សូម្បី​​

ជា​ព្រះ​មាតាស្តេច​ចុង​ក្រោយរបស់​​រាជ​វង្ស ឆេង ​និង​ជា​របប​ស្តេច​ចុងក្រោយ​ក្នុងប្រទេសចិន​ ព្រះ​​មហា​ក្សត្រិយានីចឺស៊ី ត្រូវ​បាន​ចាត់​​ទុកជា​ស្ត្រី​​មាន​អំណាច​បំផុត​ក្នុង​ប្រទេស​មួយ​ដែលមាន​ប្រពៃណី​រើសអើង​​​​នារី​ភេទ​នេះ ។  មនុស្ស​មិន​តិចទេ​ដែល​ស្លាប់​ដោយ​សារទ្រង់​ ។ ​ព្រះ​មហា​ក្សត្រិ​យានី​​​ចឺស៊ី​មិន​ត្រឹម​តែធ្វើ​​ឱ្យ​អ្នក​ផង​​នឹក​ឃើញ​ទ្រង់​ជានិច្ច​ ពេល​ទ្រង់​​គង់​នៅ​ព្រះជន្ម​​ទេ ​សូម្បី​​ពេល​សោយ​ទិវង្គត​ហើយ​ក៏​​ដោយ ​ក៏ពិធី​បុណ្យ សព​របស់​​ទ្រង់​​នៅតែ​​ធ្វើ​​ឱ្យ​ប្រជា​ជន​ចិនចង​ចាំ រហូត​ដល់​សព្វ​ថ្ងៃ ព្រោះ​​វា​ចម្លែក​គ្មាន​ពីរ​ក្នុងលោក ។​

អាថ៌​កំបាំង​ជុំ​វិញ​មឈូស​​និង​ម៉ុង​ព្រះ​មហា​ក្សត្រ​​ិយានី​ចឺស៊ី​​តាំងពី​​នៅ​គង់​ព្រះជន្ម​​ ព្រះ​មហា​​ក្សត្រ​​​ិយានី​​​ចឺស៊ី​​ ត្រូវ​បាន​​ចាត់​ទុក​ជាអ្នក​ជំនាញ​​ខាង​គ្រឿង​​​អលង្ការ​ មាស ពេជ្រ ត្បូង ថ្ម មាន​​តម្លៃក្នុង​​លោក ។ ព្រះ​​មហា​ក្សត្រិយានី​​អង្គ​នេះ​​ស្រឡាញ់​​​មាស ពេជ្រ កែវ​កង… ពិសេស​ត្បូងពេជ្រ​ក្រហម​​មាន​ឆ្នូត​​អង្កាញ់ៗ។  ហេតុ​នេះ​​ពេល​ដឹង​ខ្លួន​ជិត​ដល់​​ដំណាក់​កាល​​ចប់​វត្ត​មាន​​​លើ​លោក ទ្រង់​រៀប​​គម្រោង​យកគ្រឿង​អលង្ការ​​​មាន​តម្លៃ​គ្រប់​ប្រភេទតាម​ខ្លួន​ចូល​មឈូស ដើម្បី​​មានរូបិយ​ប័ណ្ណ​​ចាយវាយ​នៅ​បរលោក។ ​ក្នុង​គំនិត​យក​​រតន​វត្ថុ​​តាម​ខ្លួន​​បាន​ច្រើន ទ្រង់​​បញ្ជា​ឱ្យ​ធ្វើ​​មឈូស​​មាន​ទំហំ​​ធំ និង​មាន​កម្ពស់​រហូត​ដល់១,៦០​ម៉ែត្រ។  អាមាត្យ​លី សៀន​អេង ​អ្នក​​ចាត់​ចែង​គ្រប់​យ៉ាង​តាម​បញ្ជា​ព្រះមហា​ក្សត្រ​ិយានី បាន​កត់​ត្រា​​ឈ្មោះ​​រតនវត្ថុគ្រប់​ប្រការ​ដែលដាក់តាម​សព​ក្នុង​មឈូស​​ព្រះ​មហា​ក្សត្រិយានី​នា​ឆ្នាំ​១៩០៨ ។ 

ពិនិត្យ​កំណត់​ត្រា​នោះ គេដឹងថា​​ ​ក្រោម​ព្រះ​កាយ​សព​​ក្រាល​​សំពត់​ពិសេស​​កម្រាស់​៧​តឹក ​ដែល​ត្បាញ​ពី​​សរសៃ​មាសសុទ្ធ​ទាំងអស់ ជាយ​សងខាងសំពត់​​ពិសេស​នោះ​​ភ្ជាប់​​ត្បូង​ចំនួន​​​២.៦០៤​​គ្រាប់ ថ្ម​​​មាន​តម្លៃ៨​​៥គ្រាប់​​ ​និង​​បន្ទះ​​ត្បូង​ពណ៌​​ចំនួន​២០៣បន្ទះ ។ ​ចំណែក​ភួយ​​​គ្រប​ព្រះ​​កាយ​សព​​ប៉ាក់​ធម៌​ព្រះពុទ្ធ​ចំនួន​​២៥.០០០​​តួអក្សរ​​ ជាភួយ​ពិសេស​ត្បាញ​ពី​សរសៃ​មាសសុទ្ធ​​ដូច​គ្នា សងខាង​ជាយ​ភ្ជាប់​គជ់​​ពិសេស​ចំនួន​៨២០​គ្រាប់ ភ្លឺចាំងផ្លេកៗ ។​

​ពេល​ដាក់ចូល​មឈូស ព្រះកេស​ព្រះ​មហា​ក្សត្រិយានី​​ចឺស៊ី ពាក់​មួក​មាន​កំប៉ោយ លើ​ចុង​កំប៉ោយ​ភ្ជាប់​​គជ់​​ពិសេស​មួួ​យគ្រាប់​ទំហំ​​​ប៉ុនពង​មាន់​ ដែល​​តាម​តម្លៃ​របស់​វា​ពេល​នោះ​គឺ​១០​លាន​តម្លឹង​ប្រាក់ ។ ​ចំណែក​​ក្នុងព្រះ​ឱសព្រះមហា​ក្សត្រ​ិ​យានី​​ បៀម​ត្បូង​រាត្រីមួយ​គ្រាប់​ ដែលគេ​និយាយ​​​ថា ជា​ត្បូង​​មាន​តម្លៃ​​គ្មាន​អ្វីប្រៀប​ផ្ទឹម​​បាន​ ព្រោះ​​វា​អាច​ជះពន្លឺ​​​ពេល​យប់​ឆ្ងាយ​១០០​ជំហាន ។ កាន់​តែ​​ពិសេស​ជាងនេះ​ទៀត​នោះ ​គេ​និយាយថា​ ត្បូង​រាត្រី​បើ​ដាក់​ក្នុង​មាត់​សព​ នឹង​ជួយ​ឱ្យ​សាច់​ឈាម​សព​នៅ​​​គង់​វង្ស​ដូច​ជា​នៅរស់ អត់​​​រលេះ​រលួយ ។ ពុំ​ដឹងថាពាក្យ​នេះ​ពិត​ ឬ​មិន​ពិត​​យ៉ាង​​ណា​ទេ តែពួក​ទុច្ចរិត​មាន​អំណាច​ដែល​ចូល​ក្នុង​ផ្នូរ​ព្រះ​​​មហា​ក្សត្រិយានី​​នាឆ្នាំ​១៩២៨​ សង្វាត​រក​ត្បូង​​រាត្រី​មុនអ្វី​ៗទាំងអស់ ។ 

គេតំណាល​​ថា ពេល​គាស់​​គម្រប​មឈូស​ភ្លាម ពួក​ទុច្ចរិត​ទាំងនោះ​​ភ្ញាក់​ផ្អើល​​​ចំហ​មាត់​​គ្រប់គ្នា​ ព្រោះ​ឃើញ​ព្រះ​សពព្រះ​មហា​ក្សត្រិយានី​​នៅគង់​វង្ស​សាច់​ឈាម​​ដូច​មនុស្សដេក​លក់ ។  ប៉ុន្តែ​ក្រោយ​ពេល​​យក​ត្បូង​រាត្រី​ចេញពីព្រះ​​ឱស​ប៉ុន្មាន​​ម៉ោង សាច់​ឈាម​ប្តូរ​​ពណ៌​ភ្លាម បន្ទាប់​មក​​​ថែម​ប៉ុន្មាន​​ថ្ងៃ​ទៀត​​សាច់​ឈាម​​ស្ងួត​ស្វិត​ដូច​សព​ស្លាប់​យូរ​ថ្ងៃ ។​ ​និយាយ​ពីគ្រឿង​អលង្ការ​ជាប់ជាមួយ​ព្រះ​មហាក្សត្រិយានី​ ព្រះ​សុរង​របស់​ទ្រង់​​ពាក់​​អង្កាំ​៣ខ្សែ ដែល​២ខ្សែ​​ជាគ្រាប់​​អង្កាំធ្វើ​ពីគជ់​ ១ខ្សែ​ទៀត​ធ្វើពីថ្ម​មាន​តម្លៃ​​ ពណ៌​ក្រហម​​​ឆ្នូត​អង្កាញ់​ៗ ។ ចំណែក​​​ព្រះកាយ​វិញ​ គ្រង​ព្រះ​ពស្ត្រ​ព្រះភូសា​ សុទ្ធតែត្បាញ​ពីសរសៃ​​មាស​សុទ្ធ ព្រះ​ហស្ត​ស្តាំ​​កាន់​ផ្កា​ឈូក​ដែល​ឆ្លាក់​ពីត្បូង​​ដុល​យ៉ាងធំ  ។  រីឯ​​​​​ប្រឡោះ​​សងខាង​​ព្រះកាយ​សព​​​តម្រៀប​ណែន​​​ណាន់​តាន់​តាប់​ដោយ​ពុទ្ធ​បដិមា​​ឆ្លាក់​ពី​ថ្លើម​​ថ្ម​ ត្បូង ​​​និងមាស ​លាយ​ចម្រុះ​​ជាមួយ​ផ្កា​​ថ្ម​សមុទ្រ​ និងថ្ម​មាន​តម្លៃខ្ពស់​ច្រើន​ប្រភេទ ។​

ដើម្បី​ឱ្យ​«​មហា​កំណប់» នេះមាន​សុវត្ថិភាព​​​ក្នុង​​ម៉ុង​ ដោយ​មិន​មាន​នរណា​​អាច​​លួច​​ប្លន់​បាន​​នោះ​ ព្រះមហាក្សត្រិយានី​​ចឺស៊ី ពេល​​នៅ​​គង់​​​ព្រះ​ជន្ម​​​នៅ​ឡើយ​​បាន​បញ្ជា​ម៉ឺងម៉ាត់​​ឱ្យមន្ត្រី​​វាំង​ទទួល​កិច្ច​ការ​​សាងសង់​ម៉ុង​​របស់​ព្រះអង្គ​ ត្រូវតែ​​រៀបចំ​​ឱ្យ​បាន​មាំទាំបំផុត ឱ្យ​ស៊ី​នឹង​ឈ្មោះ​​«ដែក​-ឈើ-ថ្ម អស្ចារ្យ​បីយ៉ាង»។ បាន​សេចក្តី​​ថា វត្ថុ​ចម្បង​​បី​ប្រភេទ​ក្នុង​ការ​​កសាង​ម៉ុង​​ត្រូវ​​តែជា​របស់​ល្អ​បំផុត រឹងមាំ​បំផុត ។ តាម​ការ​វាយ​តម្លៃ​របស់​អ្នក​​ប្រវត្តិ​សាស្ត្រ​ឃើញ​ថា​ម៉ុង​ព្រះ​​មហា​ក្សត្រិយានី​​ចឺស៊ី​​ជាម៉ុង​រឹងមាំ​បំផុត​ ​សម័យ​នោះ ពួក​​ចោរ​ធម្ម​តា​​ពិបាក​ចូល​ដល់​​​មឈូសដាក់​ព្រះ​សព​ណាស់ ។ ឯកសារ​កត់​ត្រា​​ព្រឹត្តិការណ៍​​ក្នុង​រាជ​វាំង​បាន​ឱ្យ​ដឹងថា​ ផ្នែក​ខាង​ក្នុង​ម៉ុង ​មនុស្សធម្មតា​​ឃើញ​ភ្លាម​​ពិត​ជា​ឈរ​ភាំង  ព្រោះ​គ្រាន់​តែ​​មាស​សន្លឹក​​បិទ​តាម​​កន្លែង​សំខាន់ៗ​ មាន​​ទម្ងន់​សរុប​៤.៥៩២​តម្លឹង ចម្លាក់​​នាគ​មាស​សុទ្ធ​មាន​ចំនួន​២.៤០០​រូប។​ ​​ផ្នែក​ខាង​ក្នុង​ម៉ុង​មាន​​សសរ​រហូតដល់​៦៤ជួរ ឃើញ​ថា វិសាល​ភាព​​ធំ​សម្បើម​​​មែនទែន ហើយ​​គ្រប់​សសរ​​ឆ្លាក់​​រូបនាគ​​និង​ជ្រឹងដេរដាស​ពី​លើ​ដល់​ក្រោម និងបិទ​មាស​សន្លឹក​ចាំង​ផ្លេកៗស្ទើរ​ព្រិលភ្នែក ។

សពព្រះមហាក្សត្រិយានី​​ចឺស៊ី​​ចូល មឈូស​៣​ដងជាមួយ​​មាស​ ពេជ្រ​​ កែវកង​យ៉ាង​ច្រើន​​ ព្រម​ទាំង​គ្រឿង​អលង្ការ​​មាន​​តម្លៃ​មហា​សាល​ជាប់​តាម​ខ្លួន​​នោះ ព្រះសព​​ព្រះ​មហា​ក្សត្រិយានី​​ចឺស៊ី​ ផ្ទុំ​សុខសាន្ត​ក្នុង​ម៉ុង​​បានតែ​២០ឆ្នាំ​ដំបូង​ប៉ុណ្ណោះ បន្ទាប់​​ពីនោះ​រងគ្រោះ​​យ៉ាងទារុណ​​ ។ ថ្ងៃ​​មួយ​ក្នុង​ខែ​តុលា​ឆ្នាំ១៩២៨ ឧត្តម​សេនីយ៍​​ស៊ុន ទៀន​អេង មេ​បញ្ជាការ​​កងពល​ធំ​លេខ​១២ របស់​​​រដ្ឋាភិបាល​ជាតិ​និយមដែល​​គ្រប់​គ្រង​​ប្រទេស​បន្តពី​របបរាជា​​និយម​ចិន ដោយ​ដឹងថា​ម៉ុង​ព្រះ​មហា​ក្សត្រិយានី​ចឺស៊ី​ ជា​មជ្ឈ​មណ្ឌល​​កំណប់​​ធំ​សម្បើម​​មួយ​ក៏កើត​គំនិត​លោភ​លន់​ ប្រើ​កាំភ្លើង​​ធំបាញ់​រំលើង​​​ច្រើន​​សិប​​គ្រាប់ ។ ​​ម៉ុង​​ដ៏រឹងមាំ​ដែល​ពីមុន​​គេ​ថា​គ្មាន​អ្វី​​អាច​បំបែក​​បាន​​នោះទប់​ទល់​លែង​បាន​ជា​មួយ​កម្លាំង​គ្រាប់​កាំភ្លើង​ធំ ​ ។ បន្ទាប់​ពី​ត្រូវ​បាញ់​ផ្ទួនៗ​រាប់​ម៉ោង ​ទ្វារ​ម៉ុង​ក៏​របើក​​របាញ​​អាចចូល​ដល់​កន្លែង​តម្កល់​​មឈូស​ដោយ​គ្មាន​ពិបាក ។ ​ការ​ឆក់​ ប្លន់​​កើត​យ៉ាង​កោលាហល ឧត្តម​សេនីយ៍ស៊ុន​ ទៀន​អេង​ និង​បក្ស​ពួក​សំរុក​​ចូល​​​គាស់​គម្រប​​មឈូស​យក​​របស់​មាន​តម្លៃ​ ។ 

តាម​ការកត់​ត្រា​​ក្នុង​ប្រវត្តិ​សាស្ត្រ​ចិន ពួក​បំផ្លិច​បំផ្លាញ​​​លើក​សពព្រះ​មហា​ក្សតិយានី​​​​បោះ​ចេញ​ក្រៅ​មឈូស ហើយ​បក​យក​ទាំង​ភួយ​​គ្រប​លើ​សព ទាំងសំពត់​ក្រាល​ទ្រាប់​​សព​ ​រហូត​ដល់​​សម្រាត​​យក​ព្រះ​ពស្ត្រ​ព្រះ​ភូសា​​ទៀត ព្រោះ​សុទ្ធតែ​ត្បាញ​ពីសរសៃ​មាស​សុទ្ធ​ ​និង​ភ្ជាប់​ជាមួយ​​គជ់​​ ត្បូង ថ្ម មាន​តម្លៃខ្ពស់​ជា​ច្រើន។​ ពេល​នោះ​​ព្រះ​សព​សល់តែ​ខោខ្លីូ​មួយ​ប៉ុណ្ណោះ ។​​គេនិយាយ​​ថា មាន​រឿង​​ចម្លែកមួយ ពេល​​​​ស៊ុន ទៀន​អេង  និងបក្ស​ពួក​​គាស់គម្រប​​​មឈូស​​​បាន​​​ភ្លាម​ ​ស្រាប់តែ​​មាន​ពន្លឺ​ចាំង​ច្រាល​ចេញពី​​មឈូស​ធ្វើ​​ឱ្យ​មនុស្ស​ជុំ​វិញ​ភ្ញាក់​ព្រើត។ ​ភ្លាម​នោះ​​​ស៊ុន ទៀន​អេង ​និង​បក្សពួក​ដែល​ម្នាក់ៗ​ត្រៀម​​ពិល​យក​ជាប់​​តាម​ខ្លួន​ហើយ​ស្រេច ​ស្ទុះ​​​ស្រ​ចុចពិល​មើល​ចូល​ក្នុង​មឈូស។ ពួក​គេ​​ចំហ​មាត់​​​បើក​ភ្នែកធំៗ ​ដោយ​ការ​​ងឿង​ឆ្ងល់​ ព្រោះ​​​ព្រះ​សព​​ថ្វី​បើ​បញ្ចុះ​​ក្នុង​ម៉ុង​​២០ឆ្នាំ​ហើយ តែ​​នៅ​ស្រស់​ញញឹម​ដូចមនុស្សទើបដេក​លក់​ ។ រឿង​ចម្លែក​​មួយ​ទៀត​ដែល​ពួក​គេ​បាន​​ឃើញ​ក្នុង​ពេល​នោះ​ដែរ ​គឺលើមេដៃ​ស្តាំព្រះ​សព​មាន​ដុះ​រោម​​មួយ​សរសៃ​វែងរាប់តឹក​ ពុំ​ដឹងថា​រោម​នោះ​មាន​តាំងពី​​​​នៅ​គង់​ព្រះ​ជន្ម​ ឬ​ទើបតែ​មាន​ក្រោយ​ពេល​អស់​ព្រះជន្ម​​​សង្ខារ ។ ការ​ឆក់​​​ ប្លន់​ កើត​មាន​យ៉ាង​​កោលាហល់​ ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន ។ ស៊ុន ទៀន​អេង ស្រវា​​យក​ត្បូងរាត្រី​មុនគេ ឯបក្ស​ពួកស្រវា​យក​គ្រឿង​មាន​តម្លៃ​ផ្សេងៗ ម្នាក់ៗ​​ដឹង​តែ​ស្រវា​​យក​ឱ្យ​បាន​ច្រើន​រៀងៗខ្លួន ។

​មិនយូរប៉ុន្មាន​សកម្មភាព​​បំផ្លិចបំផ្លាញ​របស់​ស៊ុន ទៀន​អេង និង​បក្សពួក ឮសុស​សាយ​ពេញ​ប្រទេស​ចិន ​។ អង្គការ​សង្គម​នានា​​​ក្រេវ​ក្រោធ​​ឥតឧបមា​ បញ្ជូន​​សារតវ៉ា​ឡើង​រដ្ឋាភិបាល​ជាតិ​និយម ទាមទារ​ឱ្យ​​បើក​​ការ​ស៊ើប​អង្កេត​ និង​ផ្តន្ទា​ទោសពួកជន​ដៃដល់​ឱ្យ​បាន​​ធ្ងន់​បំផុត ។ ថ្វី​បើ​​រដ្ឋា​ភិបាល​ជំនាន់​នោះ​​មិន​ចង់​ដោះ​ស្រាយ​រឿង​នេះ​ព្រោះ​ខ្លួន​មាន​គំនុំ​ប៉ុន​ភ្នំ​ថៃសានជាមួយ​រាជ​វង្ស​ឆេង តែដោយ​កម្លាំង​​គាប​សង្កត់​​របស់​​​សាធារណ​មតិកាន់តែធ្ងន់​ឡើង ជៀង​កាយ​ជៀក​ក៏ចេញ​បញ្ជាឱ្យ​ត្រូវ​តែយក​ព្រះ​សពព្រះ​​មហា​ក្សត្រិយានី​ចឺស៊ី ​ដាក់​ចូល​មឈូសវិញ រួម​ជា​មួយ​​រតន​វត្ថុ​ដែល​​ឆក់ ប្លន់​ ទាំង​ប៉ុន្មាន​​ផង ។  ពិត​ណាស់បញ្ជា​ដាច់​ខាត​នេះ គ្មាន​អ្នក​ណា​​​ហ៊ាន​​ប្រឆាំង​ឡើយ តែរតន​វត្ថុដែល​ប្រមូល​​​​យក​មក​​វិញ បាន​តែមួយ​ចំនួន​ប៉ុណ្ណោះ ពុំ​បាន​គ្រប់​​មួយ​រយភាគរយ​ទេ ព្រោះ​វា​រប៉ាត់​រប៉ាយ​​ធ្ងន់​​ពេក ។​

ឆ្នាំ១៩៨៣ រដ្ឋាភិបាល​​​កុម្មុយនីស្ត​ដែល​វាយ​បណ្តេញ​រដ្ឋាភិបាល​ជាតិ​និយម​ទៅ​ដល់​កោះ​តៃវ៉ាន់​នោះ បាន​បង្កើត​ក្រុម​ការងារ​​ពិសេស​មួយ​ រួម​មាន​​មនុស្ស១៣​នាក់ ក្រោម​ការ​ដឹកនាំរបស់​​លោក​នីន អ៊ូហ្វុ៊ក ។ ភារកិច្ចចម្បង​របស់​ក្រុម​ការងារនេះគឺស្តារ​ព្រះ​សពព្រះ​មហា​ក្សត្រិយានី​ចឺស៊ី​ឡើងវិញ និងជួសជុល​​ម៉ុង​របស់​ព្រះ​អង្គ​តាម​ភាព​ដើម​ ។ ការ​បើក​គម្រប​​មឈូស​លើក​​នេះក៏​មិន​ខុស​ពីការ​បើក​គម្រប​មឈូស​នា​ឆ្នាំ​១៩២៨ ដោយ​ក្រុម​​បំផ្លិច​បំផ្លាញ​​ស៊ុន​​ ទៀនអេងដែរ លោក​​នីន អ៊ូហ្វុ៊ក​  ប្រធាន​​ក្រុម​ការងារ​​សរសេរ​ក្នុង​របាយ​ការណ៍​​ដូចតទៅៈ«ប្រវត្តិ​សាស្ត្រ​ត្រឡប់​មក​វិញ​​ម្តងទៀត ។ ពុំ​ដឹង​ថាកម្លាំងអរូបី​ណា​កើតឡើង​ទេ គ្រាន់​តែ​ពួក​ខ្ញុំគាស​់គម្រប​មឈូសភ្លាម​ ស្រាប់​តែ​មាន​ពន្លឺចាំងច្រាល​​ចេញ​ពី​ក្នុង​មឈូស។  មិន​​ត្រឹម​ពួក​ខ្ញុំ​​ទាំង១៣​នាក់​ទេ ​ក្រុម​​អ្នក​វិទ្យា​សាស្ត្រ​ដែល​មាន​​វត្ត​មាន​នៅពេល​នោះដែរ ក៏​បើក​ភ្នែក​ក្រឡង់​គ្រប់​គ្នា ។  មាន​​​ប្រការចម្លែក​មួយទៀត ព្រះ​សព​ព្រះ​មហា​ក្សត្រិ​យានី​ចឺស៊ី ដែល​ឮ​ថាត្រូវ​បំពាន​ធ្ងន់​ដោយ​ការលើក​​បោះ​ចុះ​បោះ​ឡើងដូច​បោះ​សព​សត្វ​ធាតុ​នោះ​ ឃើញ​​មាន​សភាព​គង់​វង្សដដែល គ្រាន់​តែស្បែក​ស្ងួត​ក្តោប​ជាប់​ឆ្អឹង​អត់​នៅ​ស្រស់​ថ្លា​ប៉ុណ្ណោះ »។

​តាមលោក​នីន អ៊ូ​ហ្វុ៊ក​  ក្រោយ​ពេល​ក្រុម​អ្នក​​វិទ្យា​សាស្ត្រ​ចូលរួម​ពិនិត្យ​មើល​រួច ក្រុម​ការ​ងារ​​របស់​​គាត់ប្រញាប់​រាយ​ការណ៍​ជូន​ក្រសួង​វប្ប​ធម៌​និង​​ប្រវត្តិសាស្ត្រ​ចិនឱ្យ​បាន​ជ្រាប ។  ភ្លាម​នោះ​​ក្រសួង​បញ្ជា​មក​វិញ​«​​បិទ​គម្រប​មឈូស​វិញ ដោយ​រក្សា​អ្វីៗ​ឱ្យ​នៅ​​សភាព​ដើម​ដដែល​សិន» ។

​មួយឆ្នាំក្រោយ​​គឺឆ្នាំ១៩៨៤ដើម្បី​ថែរក្សា​ព្រះ​សព​ព្រះ​មហា​ក្សត្រិយានីចឺស៊ីឱ្យ​បាន​​គង់​​វង្សល្អ  ក្រុម​ការងារ​​របស់​លោក​នីន អ៊ូហ្វុ៊ក ​បាន​​​ទទួល​បញ្ជា​​ជាលើក​ទី​២​ឱ្យ​ទៅបើក​គម្រប​មឈូស​របស់ព្រះ​អង្គ​​ដើម្បី​ពិនិត្យ​​មើល​​ម្តងទៀត​​តើមាន​​អ្វី​ប្រែប្រួលទេ? ក្នុង​ការ​ងារ​ត្រួតពិនិត្យ​លើកនេះ​ ក្រុម​ការងារ​​មិន​ឃើញ​មាន​ពន្លឺ​​ចម្លែក​ចាំងចេញ​​ពី​មឈូសដូចលើក​មុន​​ឡើយ ។ ​ប៉ុន្តែ​ទោះ​ដូច្នេះ​ក្តី  ក្រុមការ​ងារក្រោយ​ពេល​ត្រួត​ពិនិត្យ​​​ព្រះសព​​​យ៉ាង​​​យក​ចិត្ត​ទុក​ដាក់ ឃើញ​ក្នុង​បាត​​ព្រះហស្ត​ស្តាំ​​របស់​​ព្រះសព​ព្រះ​មហា​ក្សត្រិយានី​​​ចឺស៊ី មាន​ថង់​តូចមួួយ​​ក្តាំងជាប់ជាមួយ​ស្បែក​ដៃ ។ ក្នុង​ថង់តូច​នោះ​មាន​ព្រះ​ទន្ត១ និង​​ក្រចកព្រះ​ហស្ត២ របស់​​ព្រះ​អង្គ ។ ​ដោយ​ហេតុរបស់​ទាំង​២មុខនេះ​នៅ​ក្នុងកូន​ថង់​​តូច​ពេក ហើយ​ថែមទាំង​ជា​ថង់​មាន​ពណ៌​​ព្រលាំស្បែក​​ក្រិន​ស្ងួត​ផង ទើប​កាលពី​ឆ្នាំ១៩២៨ ស៊ុន ទៀនអេង​ និង​បក្ស​ពួកពុំ​បាន​ចាប់​អារម្មណ៍​ ជា​ហេតុធ្វើ​ឱ្យ​​វា​នៅ​គង់​វង្សល្អ ។  បន្ទាប់ពីព្រួស​ថ្នាំសម្លាប់​មេរោគ​​ហើយ ក្រុម​​អ្នក​វិទ្យា​សាស្ត្រ​ចិន​​តម្រែ​តម្រង់​​ព្រះ​សពស្ថិត​ក្នុង​ឥរិយា​បថដើម​វិញ ។ ពេល​នោះ​​ថ្វី​បើ​ស្បែក​​ព្រះ​សព​​មាន​ស្នាម​​ប្រេះច្រើន​​កន្លែងមែន តែ​ស្បែក​​ទាំងអស់​​​ក្តាំង​ជាប់ជាមួយ​ឆ្អឹង​មិន​បាច់​ប្រើខ្សែ​ចងដើម្បី​រក្សា​ទម្រង់​​ក៏​បាន​ ។

​ហេតុ​នេះ​ទើប​ការ​​ងារ​គ្រប់យ៉ាង​​ធ្វើតែមួយ​ថ្ងៃ​ចប់​​សព្វ​គ្រប់ទាំង​អស់​​ រាប់ទាំង​ការងារ​លើក​ព្រះ​សព​ដាក់​​ចូល​ក្នុង​​មឈូស​កម្ពស់​១,៦០ម៉ែត្រ​ និង​រៀប​រតនវត្ថុ​​នៅ​សេស​សល់​​ចូល​ជាមួយផង ។​ ​តាំងពីពេល​នោះ ​ព្រះ​សពព្រះ​មហា​ក្សត្រ​ិ​យានី​​ចឺស៊ី ដែល​ធ្លាប់​​មាន​អំណាច​ធំធេង​ក្នុង​​ប្រទេស​​ចិន​​នា​ចុងរាជ​វង្ស​ឆេង​បាន​ផ្ទុំ​​​យ៉ាងសុខ​សាន្ត​​រហូតសព្វ​ថ្ងៃ លែង​មាន​អ្នក​ណា​​រំខាន​ទៀត ៕​​       

តាម​ឯក​សារ​បរ​ទេស​