ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចស្រុកខ្សាច់កណ្តាលឃាត់ខ្លួនពីបទប្រើដាវសាមូរ៉ៃដេញកាប់គេបណ្តាលឱ្យរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ មីនា នៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។
ជនសង្ស័យឈ្មោះតាំង លីធា អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិក្រចាប់ខាងជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ជាកសិករ។ ចំណែកជនរងគ្រោះឈ្មោះឃាង ពៅ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ជាកសិករ។ មន្ត្រីប៉ូលិសឱ្យដឹងថា នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២០ មីនា ឈ្មោះឃាង ពៅ ដើរចេញពីផ្ទះរបស់ខ្លួនទៅមើលគេរាំធុងបាស់ក្នុងពិធីមង្គលការក្នុងភូមិ លុះដល់ម៉ោង៩យប់ដើរទៅអង្គុយនៅក្រោមផ្ទះឈ្មោះពៅ ពិសិដ្ឋ ដែលមានមនុស្សជាច្រើនកំពុងអង្គុយផឹកស៊ី។ ពេលនោះឈ្មោះតាំង លីធា ដើរចូលទៅរួចស្រែកសួរថា មានស្រាផឹកទេ ? ដោយឈ្មោះឃាង ពៅ ឆ្លើយថា អត់មានទេ ស្រាប់តែឈ្មោះតាំង លីធា ហូតខ្សែក្រវាត់ពីចង្កេះវាយ តែឈ្មោះឃាង ពៅ គេចផុត ។ ទោះជាយ៉ាងណាក្តី ឈ្មោះតាំង លីធា បានហក់ទៅដាល់ត្រូវថ្គាមរបស់ឈ្មោះឃាង ពៅ ។ ជាការទប់ទល់ឃាងពៅ បានធាក់ត្រូវទ្រូងតាំង លីធា មួយជើងវិញ ហើយរត់ទៅផ្ទះការដែលកំពុងចាក់ធុងបាស់រាំ។
ប្រភពដដែលបន្តថា តាំង លីធា បានរត់តាមឃាង ពៅ ពីក្រោយ ហើយកាប់ដោយដាវសាមូរ៉ៃត្រូវចំដៃឆ្វេងបណ្តាលឱ្យហូរឈាមយ៉ាងខ្លាំង។ ឃើញដូចនោះប្រជាពលរដ្ឋបានចាប់បំបែក រួចរាយការណ៍ជូនសមត្ថកិច្ចប៉ូលិសឱ្យឃាត់ខ្លួនឈ្មោះតាំង លីធា ។ ឈ្មោះតាំង លីធា ឆ្លើយថា នៅយប់នោះគេដើរទៅមើលគេរាំធុងបាស់នៅក្នុងពិធីមង្គលការដោយបានសៀតដាវសាមូរ៉ៃនៅចង្កេះ។ ពេលទៅដល់ឈ្មោះឃាង ពៅ បានបបួលរូបគេទៅផឹកស្រានៅផ្ទះឈ្មោះ ពៅ ពិសិដ្ឋ ។ ពេលទៅដល់ទីនោះឈ្មោះឃាង ពៅ បាននិយាយថា «ថ្ងៃមុនពួកភូមិបឹងក្រចាប់ស្ទាក់វាយអញ» ហើយរូបគេឆ្លើយថា មិនដឹងទ។ ភ្លាមនោះ ស្រាប់តែឈ្មោះ ឃាង ពៅ លោតមកធាក់រូបគេត្រូវដើមទ្រូង ដូច្នេះហើយគេដកដាវពីចង្កេះដេញកាប់វិញតែម្តង។ ជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ៕
ចែករំលែកព័តមាននេះ