ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរ​កើន​ឡើង ក្នុង​ឆមាស​ទី1នៃឆ្នាំ​នេះ​នៅសារមន្ទីរ​ជាតិ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅភ្នំពេញ​​​មាន​កន្លែង​ទេសចរ​​ណ៍​ជា​ច្រើន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ ជា ពិសេសភ្ញៀវបរទេស​ដូចជា​សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​​ប្រល័យពូជសាសន៍​​ទួល​ស្លែង ព្រះ​បរម​រាជ​វាំង​ជាដើម​ ។ ដោយ​ឡែកសារមន្ទីរ​​​ជាតិ​កម្ពុជា​ជាកន្លែង​​ដែល​ភ្ញៀវទាំង​ជាតិ​​និង​បរទេស​ចង់​ចូលទស្សនាដែរ ហើយ​បើ​តាម​​​របាយ​ការណ៍​​ពីទីនោះ​ឱ្យដឹង​​ថា ក្នុង​​​រយៈ​ពេល​​មួយ​ឆមាស​នៃ​​ឆ្នាំ​នេះ​ភ្ញៀវចូល​

រាជធានីភ្នំពេញ​ ៖ នៅភ្នំពេញ​​​មាន​កន្លែង​ទេសចរ​​ណ៍​ជា​ច្រើន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ ជា ពិសេសភ្ញៀវបរទេស​ដូចជា​សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​​ប្រល័យពូជសាសន៍​​ទួល​ស្លែង ព្រះ​បរម​រាជ​វាំង​ជាដើម​ ។ ដោយ​ឡែកសារមន្ទីរ​​​ជាតិ​កម្ពុជា​ជាកន្លែង​​ដែល​ភ្ញៀវទាំង​ជាតិ​​និង​បរទេស​ចង់​ចូលទស្សនាដែរ ហើយ​បើ​តាម​​​របាយ​ការណ៍​​ពីទីនោះ​ឱ្យដឹង​​ថា  ក្នុង​​​រយៈ​ពេល​​មួយ​ឆមាស​នៃ​​ឆ្នាំ​នេះ​ភ្ញៀវចូល​ទស្សនា​មាន​ការ​កើន​ឡើង​​បើប្រៀប​ធៀប​រយៈពេល​​ដូច​គ្នា​​នៃឆ្នាំមុន ។​

​​តាម​​​របាយ​ការណ៍​របស់​លោក​ប្រាក់ ខេមរិន្ទ​  ប្រធាន​​រដ្ឋបាល និង​ហិរញ្ញ​វត្ថុ​​សារមន្ទីរ​​ជាតិ​ឱ្យ​​​ដឹង​ថា​ ​ភ្ញៀវ​​ជាតិចូល​ទស្សនា​ក្នុង​សារមន្ទីរ​​​​​ជាតិ​រយៈ​​ពេល៦​ខែ​នៃ​ឆ្នាំ២០១២​សរុបមាន​ចំនួន​​១៣.០៩៨នាក់  ចំណែក​​​ភ្ញៀវ​អន្តរជាតិមាន​ចំនួន​​សរុប​៥៤.៥៨២​នាក់ ។  ​បើ​​ប្រៀប​ធៀប​​​​​ទៅ​នឹង​ឆ្នាំ២០១១ឃើញ​ថា​ភ្ញៀវជាតិ​និង​អន្តរជាតិ​ចូល​ទស្សនា​នៅ​សារ​មន្ទីរជាតិយើង​​មាន​ការ​​​កើន​ឡើង​ប្រមាណ​​ជាង១០​%។ កាលពី​ឆ្នាំ២០១១​​ ភ្ញៀវជាតិចូល​ទស្សនានៅសារមន្ទីរ​សរុបមាន​ត្រឹម​តែ​១២.៩​​៨៣​នាក់​​ប៉ុណ្ណោះ​​ ក្នុង​​ឆមាស​ទី​១​ ចាប់​ពី​ខែ​​មករា​ដល់​ដំណាច់ខែមិថុនា​ ចំណែក​ភ្ញៀវអន្តរជាតិមាន​សរុបចំនួន​​៤៥.៦៧៤​នាក់​ ។

​ភ្ញៀវ​ជាតិ​​ និង​អន្តរជាតិចូល​ទស្សនា​​នៅ​ក្នុង​​សារមន្ទីរ​​​ជាតិ​ភាគ​ច្រើន​​គេ​ចាប់​អារម្មណ៍​​ទៅលើ​វត្ថុ​បុរាណ​​​គ្រប់​​ប្រភេទ​​​ ជាពិសេស​​​ព្រះ​នារាយណ៍​​ និង​​រូបសំណាក​ព្រះបាទ​​ជ័យវរ្ម័ន​​​ទី​៧ ។ លោក​ប្រាក់ ខេមរិន្ទ  ​ឱ្យ​ដឹងថា  នៅក្នុង​សារមន្ទីរ​​ជាតិ​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ក្រុម​ការងារ​មិន​ត្រឹម​តែ​ថែរក្សា​​វត្ថុ​​បុរាណ​​​ដែល​មាន​ដាក់​តម្កល់​តាំង​​ពី​សារមន្ទីរ​​​​បង្កើត​​ឡើង​​មក​នោះ​ទេ គឺកន្លងមក​​​តែងតែ​​​ទទួល​វត្ថុ​​​បុរាណ​​ផ្សេងៗ​​នាំមក​​​ពី​ខេត្ត​​​នានា​​​ទូទាំង​​​ព្រះរាជាណាចក្រ​​កម្ពុជា​រៀបចំ​​​​ថែរក្សា​​​ទុក​ ។ ក្រៅ​​​ពី​នេះ​ទៀត​​ ក្រុម​ការ​ងារ​​​បាន​​​ជួសជុល​​ជា​បន្ត​បន្ទាប់​​ចំពោះ​​វត្ថុ​បុរាណ​ណា​​បាក់​បែកខូចខាត​ ។

​លោក​​សុខ  ភិរម្យ​ ជា​និស្សិត​​​នៅ​សាកល​​វិទ្យាល័យ​​​មួយ​ក្នុង​រាជធានី​ភ្នំពេញ​​​ដែល​​ចូល​​​​ទស្សនា​​សារមន្ទីរ​​ជាតិ​កាលពី​​ថ្ងៃទី​​១១​  កក្កដា និយាយ​ថា លោក​ចូល​ទស្សនា​សារមន្ទីរ​ជាតិ​ ​នេះ ព្រោះ​​ចង់​ឃើញ​​វត្ថុ​​បុរាណ​​​ដែលជា​កេរដូន​តា​ ហើយ​​លោក​​​យល់​ថា វត្ថុ​នីមួយៗ​មានភាព​វិចិត្រ​ និង​​មាន​តម្លៃ​បេតិកភណ្ឌ​ខ្ពស់ ។  ទន្ទឹម​​នេះលោក​​ភិរម្យ មាន​មោទនភាព​​ដែល​ឃើញ​​ភ្ញៀវជាតិ​ និង​​ភ្ញៀវបរទេស​​​ចូល​ទស្សនា​ សារមន្ទីរជាតិ​ច្រើន​ ហើយ​សុទ្ធតែ​កោត​សរសើរ​​​​ស្នា​ដៃ​​សិល្បៈ​​​ដូន​តា​​ខ្មែរ ៕