ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​កក់​ខែ​មួយមេ​មានព្យុះ ផ្ទះនិង​សាលារៀន​ប៉ើងដំបូល​ ខ្លះ​រលំ នៅ​ស្រុក​ជើងព្រៃ​និង​​កងមាស

15 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ស្រប​ពេល​ដែល​អាកាស​ធាតុ​កំពុង​តែ​ក្តៅ​ហែង​នៅ​ក្នុង​រដូវ​ប្រាំង​ ស្រាប់​តែ​ព្រះ​ពិរុណ​បាន​ប​ង្អុរ​ធ្លាក់​មួយ​មេ​លាយ​ឡំ​ទៅ​ដោយ​​ខ្យល់​ព្យុះ​យ៉ាង​កំណាច​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៨ មីនា ២០១១ ជះ​កំហឹង​មក​លើ​ស្រុក​ជើង​ព្រៃ​ និង​ស្រុក​កង​មាស​ ជា​ហេតុ​បណ្តាល​ឱ្យ​ផ្ទះ​របស់​ប្រជា​ពលរ​ដ្ឋ​ សាលា​រៀន រង​ការ​ខូច​ខាត​ ដែល​ខ្លះ​រលំ​ និង​​ខ្លះ​របើក​ដំបូល​អស់​ចំនួន​២២​ខ្នង តែ​មិន​បណ្តាល​ឱ្យ​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​រង​របួស​ ឬ​ស្លាប់​នោះ​ទេ គ្រាន់​តែ​ងាប់​គោ​១​ក្បាល​ដែល​​ចង​នៅ​ខាង​ក្រោម​ផ្ទះ​។

លោក​វរ​សេនីយ៍​ត្រី​ហេង វុទ្ធី អធិការ​នគរ​បាល​ស្រុក​ជើង​ព្រៃ​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា នៅ​ស្រុក​ជើង​ព្រៃ​ ភ្លៀង​បាន​ធ្លាក់​មក​លាយ​ឡំ​ដោយ​​ខ្យល់ព្យុះ​​បោក​បក់​មក​លើ​ឃុំ​ចំនួន​៣​រួម​មាន​ឃុំ​សូទិព្វ​ ឃុំ​ខ្នុរ​ដំបង និង​ឃុំ​ព្រៃ​ចារ​ រយៈ​ពេល​ប្រហែល​ជា​កន្លះ​ម៉ោង​ដោយ​មាន​ផ្លេក​បន្ទោរ​ខ្វែង​ខ្វាត់​ពេញ​លើ​អាកាស​វេហាស៍​។ លោក​អធិការ​នគរ​បាល​ស្រុក​ជើង​ព្រៃ​បាន​បន្ត​ថា ក្នុង​ហេតុ​ការណ៍​គ្រោះ​ធម្ម​ជាតិ​នេះ​បណ្តាល​ឱ្យ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​រង​ការ​ខូច​ខាត​សរុប​ទាំង​អស់​ចំនួន​២០​ខ្នង​រួម​មាន​១-​ផ្ទះ​របស់​ឈ្មោះ​តែម ហឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់​នៅ​​ភូមិ​សូទិព្វ​ឃុំ​សូទិព្វ​ ទំហំ​៥​គុណ​៦​ម៉ែត្រ​រលំ​, ២-ផ្ទះ​របស់​ឈ្មោះ​យ៉ន យ៉ាន់​ ភេទ​ប្រុស នៅ​ភូមិ​ខ្នុរ​ដំបង​ ឃុំ​ខ្នុរ​ដំបង​ ទំហំ​៩​គុណ​១២​ម៉ែត្រ​ ធ្វើ​ពី​ឈើ​​របើក​ដំបូល​, ៣-​ផ្ទះ​របស់​ឈ្មោះ​ឡន ឡេន ភេទ​ប្រុស ​មាន​ទំហំ​៤​គុណ​៥​ម៉ែត្រ​ប្រក់​ស័ង្ក​សី​រលំ​, ៤-ផ្ទះ​របស់​ឈ្មោះ​ម៉េង កៀម ភេទ​ប្រុស មាន​ទំហំ​៤​គុណ​៥​ម៉ែត្រ​រលំ​, ៥-ផ្ទះ​របស់ឈ្មោះ​ហឿន ធឿន ភេទ​ប្រុស ទំហំ​៦​គុណ​៨​ម៉ែត្រ​ប្រក់​ស័ង្ក​សី​ របើក​ដំបូល​, ៧-ផ្ទះ​របស់​ឈ្មោះ​អុល អាត​ ភេទ​ប្រុស ទំហំ​៥​គុណ​៩​ម៉ែត្រ​ប្រក់​ស្លឹក​រលំ​, ៨-ផ្ទះ​របស់​ឈ្មោះ​ដួង ចន្ធូ ភេទ​ស្រី ទំហំ​៦​គុណ​៨​ម៉ែត្រ​ប្រក់​ស័ង្ក​សី​របើក​ដំបូល​, ៩-ផ្ទះ​របស់​ឈ្មោះ​ហ៊ិន ​ស៊ុយ ភេទ​ប្រុស​​ ទំហំ​៥គុណ​៥​ម៉ែត្រ​របើក​ដំបូល​, ១០-​ផ្ទះ​របស់​ឈ្មោះ​មឿន ម៉ៃ ភេទ ប្រុស ទំហំ​៤​គុណ​៥​ម៉ែត្រ​​ របើក​ដំបូល​, ១១-​ផ្ទះ​របស់​ឈ្មោះ​មិន ម៉ៃ ទំហំ​៤​គុណ​៥​ម៉ែត្រ​រលំ, ១២-​ផ្ទះ​របស់​ឈ្មោះ​​ស៊ាម​ ប្រុស ប្រក់​ស័ង្ក​សី​ ទំហំ​៤​គុណ​៥​ម៉ែត្រ​របើក​ដំបូល​, ១៣-ផ្ទះ​របស់​ឈ្មោះ​ឌឿន បូ ភេទ​ប្រុស ប្រក់​ស្លឹក​ ទំហំ​៥​គុណ​៥​​ម៉ែត្រ​រលំ​, ១៤-ផ្ទះ​របស់​ឈ្មោះ​តូ តូច ភេទ​ប្រុស ប្រក់​ស័ង្ក​សី​ទំហំ​៣៥​គុណ​៤​ម៉ែត្រ​របើក​ដំបូល​, ១៥-ផ្ទះ​របស់​ឈ្មោះ​ឈាវ ជ្រុង ភេទ​ប្រុស ប្រក់​ស័ង្ក​សី​ទំហំ​៤​គុណ​៦​ម៉ែត្រ​ រលំ, ១៦-ផ្ទះ​របស់​ឈ្មោះ​ទ្រី ទ្រឿន ភេទ​ប្រុស ប្រក់​ស័ង្ក​សី​ទំហំ​៥​គុណ​៧​ម៉ែត្រ​រលំ​, ១៧-ផ្ទះ​របស់​ឈ្មោះ​ហ៊ុំ ហេន ភេទ​ប្រុស នៅ​ភូមិ​សៀម​ប៉ោយ ឃុំ​ព្រៃ​ចារ ទំហំ​៤គុណ​៦​ម៉ែត្ររលំ​​, ១៨-​ផ្ទះ​របស់​ឈ្មោះ​អ៊ឹម ឡុំ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ របើក​ដំបូល​, ១៩-​ផ្ទះ​របស់​ឈ្មោះ​រស់ វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ប្រក់​ស័ង្ក​សី​ទំហំ​៤​គុណ​៤​ម៉ែត្រ​របើក​ដំបូល​, ២០-ផ្ទះ​របស់​ឈ្មោះ​ម៉ៅ កុល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​ចារ​ ឃុំ​ព្រៃ​ចារ​ ប្រក់​ស័ង្ក​សី​ទំហំ​៤​គុណ​៥​ម៉ែត្រ​របើក​ដំបូល​ ព្រម​ទាំង​បាន​ងាប់​គោ​អស់​១​ក្បាល​ផង​ដែរ​ក្នុង​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ចង​នៅ​ខាង​ក្រោម​ផ្ទះ​ដោយ​ផ្ទះ​រលំ​សង្កត់​លើ​។

ចំណែក​លោក​វរ​សេនីយ៍​ត្រី​សូ សារិទ្ធ អធិការ​នគរ​បាល​ស្រុក​កង​មាសបាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា នៅ​វេលា​ម៉ោង​៨​យប់​​ថ្ងៃ​ទី​៨ មីនា ភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​លាយ​ឡំ​ទៅ​ដោយ​ខ្យល់ព្យុះ​មក​លើ​ភូមិ​ស្វាយ​កំពាន់​ទី​២ ឃុំ​ខ្ចៅ ស្រុក​កង​មាស​ ជា​ហេតុ​បណ្តាល​ឱ្យ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ឈ្មោះ​គិន ហឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ​ ត្រូវ​រលំ​ ហើយ​សាលា​រៀន​ហ៊ុន​សែន ខ្ចៅ​ក៏​ត្រូវ​បាន​របើក​ដំបូល​អស់​មួយ​ចំនួន​ផង​ដែរ ៕