ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកាដាហ្វី​សន្យា​ពីសង្គ្រាម​ប្រេង​កាត​ខណៈ​កង​ទ័ព​លោក​បន្តវាយ​បក​លើ​ទីលាន

15 ឆ្នាំ មុន

បណ្តា​ទីតាំង​ប្រេង និង​ឧស្ម័ន​​គឺទី​ក្រុង BREGA ​និង​ក្រុង GAS LANOUF ដែល​ផ្គង់​ផ្គង់​​ពិសេស​ឧស្ម័ន​​ដល់មជ្ឈ​មណ្ឌល​អគ្គិសនី​ជា​ច្រើន​នាភាគ​ខាង​កើត​លីប៊ី ​ពេលនេះ​ស្ថិតក្នុង​ការ​​ត្រួតត្រា​​របស់​កង​កម្លាំង​លោក​កា​ដាហ្វី ​វិញ ហើយ។ ​រដ្ឋាភិបាល​​ក្រុង​ទ្រី​ប៉ូ​លី ក្រោយ​ដណ្តើម យក​បានទី​ក្រុង​ទាំង២​នោះ​វិញ​អាច​ផ្តាច់​ភ្លើង​ក្នុង​បណ្តា​ទីក្រុង​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ពួក​បះ​បោរ​​នៅ​ភាគ​ខាង​កើត​លីប៊ី ។
ពី​ទី​ក្រុង RAS LANOUF ប្រេង​ឆៅ​ចម្រាញ់​​ដល់​២២០.០០០​ធុង ​ក្នុង​មួយថ្ងៃចេញ​ពី​ទី​នោះ ព្រម​ទាំង​ឧស្ម័នជា​ច្រើន​តោន​ផង​ដែរ ។ មេ​ដឹក​នាំ​​លីប៊ី លោកកាដា​ហ្វី បាន​គំរាម​​ពីការ​ធ្វើ​សង្គ្រាម​​ប្រេង​កាត​មួយ​ដែល​ប្រការ​នេះធ្វើ​ឱ្យ​ប៉ះ ពាល់​​ភ្លាមៗ​ដល់​​ផ្សារ​ភាគ​ហ៊ុន និង​ធ្វើ​ឱ្យ​តម្លៃ​​​ប្រេង​ឡើងខ្ពស់បន្តិច​ទៀត ​ដែលនោះ​ជា​​ការ​គាប​សង្កត់​វិញ​លើ​បណ្តា​ប្រទេស​លោក​ខាង​លិច ដែល​ចំណុះ​លើការ​នាំ​ចូល​ប្រេង​កាត ។
ការវាយប្រហារ​​តាមអាកាស និងការ​វាយ​ប្រហារ​​ទាំង​ឡាយ​អាចឱ្យ​កង​ទ័ព​របស់លោក​កា​ដា​ហ្វីវាយបណ្តេញ​កាលពីថ្ងៃទី១០ មីនា នូវ​ពួក​ឧទ្ទាម​ជា​ច្រើន​រយ​នាក់​ចេញពីកំពង់​ផែ​​​ប្រេង​​យុទ្ធ​សាស្ត្រ​​ RAS LANOUF ខណៈ​ដែលការ​ពិភា​ក្សា​​ជា​អន្តរ​ជាតិ​លើ​​មធ្យោ​បាយ​​បញ្ឈប់​ការ​បង្ក្រាប​​បង្ហូរ​ឈាម​នៅ​បន្ត​ទៀត​ដោយ​មានការ​មិនចុះ​សម្រុង​គ្នា ។ ក៏​ប៉ុន្តែ​ពួក​ប្រឆាំង​បាន​ទទួល​ជោគ​ជ័យ​​លើ​រណសិរ្ស​ការ​ទូត ។​ ប្រទេស​បា​រាំង បាន​ក្លាយ​ជាប្រទេស​ដំបូង​គេ​ដែលទទួល​ស្គាល់​ក្រុម​ប្រឹក្សា​ជាតិ​លីប៊ី ជាតំណាង​​ស្រប​ច្បាប់ របស់​ប្រជាជន​ ហើយ​ការ​ផ្លាស់​ប្តូរ​ឯក​អគ្គ​រដ្ឋ​ទូត​គ្រោង​រវាង​ក្រុង​ប៉ារីស  និងក្រុង​បេន​ហ្គា​ហ្ស៊ី​​ជា​ទី​ក្រុង​សំខាន់​នៅ​ភាគ​ខាង​កើតលី​ប៊ី ស្ថិត​ក្នុង​​កណ្តាប់ដៃ​ពួក​​ឧទ្ទាម ។ ចំណែក​រដ្ឋការ​លោក​អូ​បាម៉ាវិញប្រកាស​ផ្អាក​ទំនាក់​ទំនង​​ជាមួយ​ស្ថាន​ទូត​លីប៊ី​​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​ដោយ​រដ្ឋ​​មន្ត្រី​ការ​បរទេស​អាមេរិក​លោកស្រី​ហ៊ីល​ឡារី​គ្លីន​តុន​បញ្ជាក់​ថា លោកស្រី​នឹង​ជួប​នាសបា្តហ៍​ខាង​មុខ​នេះ ជាមួយ​បណ្តា​​មេ​ដឹក​នាំ​ប្រឆាំង​នៅ​សហ​រដ្ឋ​អាេមរិក​ អេ​ហ្ស៊ីប​​ និង​ទុយនីស៊ី ។
សម្រាប់​ពេលនេះ​នៅពុំ​ទាន់​មាន​អ្វីប្រាកដ ​ដែលគូស​​បញ្ជាក់​ថា ពួ​កលោក​​ខាង​លិច​នឹង​អាច​ផ្តល់ ជំនួយ​ខាង​យោធា​ដល់​ពួកបះ​បោរ​ ក៏ដូច​ជា​ការ​បង្កើត​តំបន់​ហាមហោះហើរមួយ​ពីលើ​ដែន​ដីលី​ប៊ី ដែរ ។
រងការ​វាយប្រហារ​នៅក្រុង RAS LAN-OUF ចម្ងាយ​​៦២០គ.ម ​ខាងកើត​ក្រុងទ្រី​ប៉ូលី ពួកឧទ្ទាម​​បានរត់​គេច​ខ្លួន​ជា​ច្រើន​រយ​នាក់​សំដៅ ​ទៅ​កាន់​ទិសខាងកើត​តាម​រថ​យន្ត ។ ឧទ្ទាម​ម្នាក់​ និយាយ​ថា គ្រាប់រ៉ុក្កែត​​ និងគ្រាប់​កាំភ្លើង​​ផ្លោង​បាញ់​ចេញ​ពី​រថ​ក្រោះ​ធ្លាក់ដូច​ទឹក​ភ្លៀង​លើទីក្រុង ​នេះ​ដែល​ហាក់​ដូច​ជា​ការ​វាយលុក​ពេញ​បន្ទុក​របស់​កង​កម្លាំង​​លោកកាដាហ្វី ។​ នៅភាគ​ខាង​លិច​ប្រទេស​លោក​កាដាហ្វីអះ​អាង​ពីការ​វាយ​​ដណ្តើម​យកបាន​វិញ​នូវទី​ក្រុង​ ZAOUIAH ​ជា​ទី​ក្រុង​ស្ថិត​នៅ​ក្បែរ​ក្រុង​ទ្រី​ប៉ូលី ។
យោ​ង​តាម​កាក​បាទក្រហ​មអន្តរ​ជាតិ​ថា ជន​ស៊ី​វិលជាច្រើន​សិប​នាក់​ត្រូវស្លាប់​ និងរបួស​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះក្នុងការ​ប្រយុទ្ធ​គ្នា ​រវាង​កងទ័ព​លោក​កាដាហ្វី និងពួកឧទ្ទាម ៕