ខេត្តកំពង់ចាម ៖ ព្រះបដិមាប្រក់នាគរចនាបថសម័យអង្គរចំនួន១ដែលកំលាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តរឹបអូសបានពីក្រុមជនទុច្ចរិតនាពេលកន្លងមក ត្រូវបានប្រគល់ទៅឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តនៅព្រឹកថ្ងៃទី២២ តុលា ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរវប្បធម៌ខេត្ត ដែលជាកន្លែងមានសុវត្ថិភាព។ លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនកណ្តាលយុត្តិធម៌បានមានប្រសាសន៍ឱ្យដឹងថា រូបបដិមាចំនួន១ព្រះអង្គនេះ គ្មានព្រះកេស និងបាក់ព្រះហស្តខាងស្តាំ ដែលត្រូវបានជនសង្ស័យឈ្មោះឡឹម នន ភេទប្រុស រស់នៅភូមិអណ្តូងស្វាយ ឃុំជើងព្រៃ ស្រុកបាធាយ រួមជាមួយនឹងបក្សពួកបានលួចយកចេញពីក្នុងវត្តជើងព្រៃ ហើយយកមកកប់លាក់ទុកនៅក្នុងដីចំការរបស់តាឡុញ ស្ថិតនៅក្នុងភូមិជើងព្រៃ។
លោកស្នងការរងមានប្រសាសន៍រំលឹកថា មានជនសង្ស័យចំនួន២នាក់ ក្នុងនោះមានម្នាក់ឈ្មោះឡឹម នន បានហៅម៉ូតូឌុបជិះចេញពីទឹកដីខេត្តកំពង់ធំ ក្នុងតំលៃ១៥.០០០រៀល មកកាន់វត្តកោះចំប៉ា កាលពីថ្ងៃទី១៧ តុលា ២០១០។ លុះមកដល់កន្លែងហើយជនទាំង២នាក់បានឱ្យអ្នករត់ម៉ូតូឌុបទៅមុខទៀត រហូតដល់ភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ជាប់ព្រំប្រទល់ជាមួយនឹងស្រុកបាធាយ ក៏ឱ្យឈប់រួចបក្សពួកម្នាក់បានចុះពីលើម៉ូតូដើរទៅយកលុយឱ្យថ្លៃម៉ូតូឌុប តែចាំបាត់ៗមិនឃើញមកវិញសោះ។ ពេលនោះជនឈ្មោះឡឹម នន បានទាញកាំភ្លើងខ្លីចេញពីចង្កេះក្នុងគោលបំណងភ្ជង់ប្លន់ ប៉ុន្តែភ្លាមនោះ អ្នករត់ម៉ូតូឌុបបានជិះម៉ូតូរត់ចេញពីកន្លែងនោះទាំងព្រលឹងចុងសក់រួចបានមកប្តឹងនគរបាលប៉ុស្តិ៍ស្តើងជ័យឱ្យជួយអន្តរាគមន៍តាមចាប់ជនសង្ស័យ។ ភ្លាមៗនោះនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សហការជាមួយកំលាំងនគរបាលស្រុកបានចេញប្រតិបត្តិការតាមចាប់ខ្លួនឈ្មោះឡឹម នន បានដោយដកហូតកាំភ្លើងខ្លីម៉ាកកា៥៤មួយដើម រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ។
ពេលនោះឈ្មោះឡឹម នន បានសារភាព និងនាំកំលាំងសមត្ថកិច្ចទៅគាស់យកព្រះបដិមា១ព្រះអង្គ ដែលបានកប់នៅក្នុងដីចំការមួយកន្លែងមានចំងាយប្រមាណជាង១គីឡូម៉ែត្រឆៀងខាងកើតវត្តជើងព្រៃដែលពួកគេបានដឹកតាមរទេះយកមកជីកកប់ទុកនៅទីនោះ ដើម្បីឱ្យបក្សពួករបស់គេមកយកបន្តទៅលក់។ ប៉ុន្តែគំរោងការនេះត្រូវបានកំលាំងសមត្ថកិច្ចទប់ស្កាត់បានទាន់ពេលវេលាដោយឃាត់ខ្លួនបានម្នាក់ និងសុំដីកាពីតុលាការតាមចាប់បក្សពួកដែលនៅសេសសល់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ លោកវរសេនីយ៍ត្រី សាន សុភា នាយផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបានប្រាប់ថា មុននឹងលួចយកវត្ថុបុរាណព្រះបដិមា១ព្រះអង្គនេះ ក្រុមជនសង្ស័យខាងលើបានចូលក្នុងបរិវេណវត្តជើងព្រៃ ដើម្បីរកមើលវត្ថុបុរាណមានតំលៃ ព្រោះពួកគេសុទ្ធតែមានប៉ាន់មើល លុះពេលយប់ស្ងាត់ទើបពួកគេធ្វើសកម្មភាពលួចយកចេញពីក្នុងវត្ត។ តាមលោកកើត ប៉ាត អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមានប្រសាសន៍ឱ្យកោះសន្តិភាពដឹងដែរថា ព្រះបដិមា១ព្រះអង្គនេះ ធ្វើអំពីថ្មភក់ ក្នុងរចនាបថសម័យអង្គរ មានទទឹងប្រវែង៣៦សង្ទីម៉ែត្រ បណ្តោយប្រវែង៨០សង្ទីម៉ែត្រ ប៉ុន្តែមិនដឹងជាមានទំងន់ប៉ុន្មានគីឡូក្រាមទេ ព្រោះត្រូវប្រើកំលាំងមនុស្ស៥នាក់ទើបអាចលើករួច៕
ចែករំលែកព័តមាននេះ