ជ័យលាភីពានរង្វាន់ណូបែល និងជាបេក្ខជនប្រធានាធិបតីអេហ្ស៊ីប លោកមហាម៉េដ អែលបារ៉ាដេ រងការវាយប្រហារពីមនុស្សឥតសណ្តាប់ធ្នាប់មួយក្រុមនៅស្ថានីយបោះឆ្នោតក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១៩ មីនា កន្លងមក ។ នេះបើតាមការឱ្យដឹងដោយប្អូនប្រុសរបស់លោក ។ លោកអែលបារ៉ាដេ រងការវាយប្រហារនោះនៅក្នុងអំឡុងពេលបោះប្រជាមតិធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។
ពលរដ្ឋអេហ្ស៊ីបបានធ្វើដំណើរទៅកាន់ស្ថានីយបោះឆ្នោតកាលពីថ្ងៃទី១៩ មីនា កន្លងមក ដើម្បីបោះឆ្នោតលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលត្រូវស្នើឡើងជាគំនិតផ្តួចផ្តើមដំបូងគេ ក្រោយពីការដួលរលំរបបរបស់ប្រធានាធិបតីផ្តាច់ការលោកហូស្នី មូបារ៉ាក់ ។
តាមប្រភពព័ត៌មានថា រថយន្តរបស់លោកអែលបារ៉ាដេ រងការវាយប្រហារដោយមនុស្សឥតសណ្តាប់ធ្នាប់មួយក្រុម ដែលការវាយប្រហារនេះធ្វើឡើងដោយការគប់នឹងដុំថ្ម ដើម្បីរារាំងលោកអែលបារ៉ាដេ កុំឱ្យចូលក្នុងស្ថានីយបោះឆ្នោត ។ ទោះបីជាបែបណា លោកអែលបារ៉ាដេ ពុំមានរងរបួសអ្វីទេ ៕
ចែករំលែកព័តមាននេះ