ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ ​និង​​សមត្ថ​កិច្ច​​សៀម​​មក​​ពិនិត្យ​​បង្គោល​ឡាក់​​ព្រំ​ដែន​​លេខ​​៣៦​ឯក​តោ​​ភាគី

15 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ តាម​ប្រភព​ព័ត៌​មាន​ពី​ច្រក​តំបន់​បឹង​ត្រកួន​ស្ថិត​ក្នុង​ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ​​ឱ្យ​ដឹង​ថា អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​សៀម​របស់​ខេត្ត​ស្រះ​កែវ​នៅ​ថ្ងៃ​ទី​២៣ មីនា បាន​ចូល​មក​ពិនិត្យ​បង្គោល​ឡាក់​ព្រំ​ដែន​លេខ​៣៦​ចំនួន​២​ដង​ផ្ទួនៗ​គ្នា​ដោយ​ឯក​តោ​ភាគី​ និង​មិន​ផ្តល់​សេចក្តី​ជូន​ដំណឹង​ដល់​ភាគី​កម្ពុជាទេ ហើយ​ថែម​ទាំង​​មាន​ក្រុម​ប្រដាប់​អាវុធ​មួយ​ចំនួន​មក​ជាមួយ​ផង​។​

ជុំ​វិញ​ព័ត៌​មាន​នេះ​បើ​តាម​​ការ​ឱ្យ​ដឹង​​ពី​លោក​ប្រាក់ សាំ ប្រធាន​ប៉ុស្តិ៍​នគរ​បាល​ព្រំ​ដែន​ច្រក​តំបន់​បឹង​ត្រកួន​​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ថា ពិត​ជា​មាន​ហេតុ​ការណ៍នោះមែន​។ នៅ​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៣ មីនា ក្រុម​ការ​ងារ​សៀម​មាន​ប៉ូលិសការ​ពារ​​ព្រំ​ដែន​​​សៀមវរ​សេនា​តូច​លេខ​១២៤​ចំនួន​១៧​នាក់​ ភ្ជាប់​មក​ជាមួយ​អាវុធ​M16ចំនួន​២​ដើម និង​អាវុធ​ខ្លី​ចំនួន​២​ដើម​បាន​ចូល​​មក​ពិនិត្យ​បង្គោល​ឡាក់​លេខ​៣៦​។ ​ក្រុម​ការ​ងារ​មក​ពី​ខេត្ត​ស្រះ​កែវ​នេះ​ដឹក​នាំ​ដោយ​លោក​អភិ​បាល​រង​ខេត្ត​ និង​ស្នង​ការ​ប៉ូលិស​ខេត្ត​ ព្រម​ទាំង​សហ​ការី​ចំនួន​១០​នាក់​ និង​អ្នក​យក​ព័ត៌​មាន​​៥​នាក់​​។ ក្រុម​នោះ​បានពិនិត្យ​ចំនួន​២៥​នាទី​ក៏​ត្រឡប់​ទៅ​វិញ​នៅ​ម៉ោង​៩ និង​១៥​នាទី​ថ្ងៃ​ដដែល​។

លោក​នាយ​ប៉ុស្តិ៍​បន្ត​ឱ្យ​ដឹង​ទៀត​ថា លុះ​ដល់​ម៉ោង​៣​រសៀល​មេ​បញ្ជា​ការ​ មេ​បញ្ជា​ការ​រង​ វរ​សេនា​តូច​លេខ​១២៤​ចំនួន​៦​នាក់​ទៅ​​ពិនិត្យ​បង្គោល​ឡាក់​លេខ​៣៦​នេះ​ម្តង​ទៀត​។ ខណៈ​មាន​ការ​ចុះ​មក​ពិនិត្យ​ចំណុច​បង្គោល​ឡាក់​លេខ​៣៦​ពី​ក្រុម​ការ​ងារ​របស់​សៀមនេះ​ខាង​លោក​បានទៅ​ជួប​ទំនាក់​ទំនង​សួរ​នាំ​ ហើយ​ប្រាប់​ពួក​គេ​ឱ្យ​​ផ្តល់​ព័ត៌​មាន​ផង​មុន​​ពេល​ចុះ​មក​ពិនិត្យ​បង្គោល​ឡាក់​ព្រំ​ដែន​។ ​ពេល​ក្រុម​ការ​ងារ​ខាង​កម្ពុជា​យើង​សួរ​រក​ហេតុ​ផល ​ភាគី​សៀមប្រាប់​ថា គ្រាន់​តែ​​ពិនិត្យ​បង្គោល​ឡាក់​ព្រំ​ដែន​ប៉ុណ្ណោះ​។

បង្គោល​ឡាក់​ព្រំ​ដែន​មួយ​នេះ​ស្ថិត​នៅ​ភូមិ​បន្ទាយ​មាន​រឹទិ្ធ​ ឃុំ​គោក​​រមៀត​ ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ឈម​នឹង​ភូមិ​ថៃ គឺ​ភូមិ​ចាប់​​សាន់​ ឃុំ​ថាត់​ថៃ ស្រុក​តាប់​ប្យា ខេត្ត​ស្រះ​កែវ​ និង​មាន​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ​​ពី​ច្រក​តំបន់​បឹង​ត្រកួន​។ តាម​ប្រភព​ព័ត៌​មានឱ្យ​ដឹង​​ថា ក្នុង​ការ​ចូល​មក​ពិនិត្យ​បង្គោល​ឡាក់​ព្រំ​ដែន​របស់​ពួកសៀម​ដោយ​គ្មាន​ការ​ជូន​ដំណឹង​នេះ​ក៏​បាន​ធ្វើ​ឱ្យ​កំលាំង​ជួរ​មុខ​ភាគី​កម្ពុជា​យើង​មាន​ការ​ប្រុង​ជើង​ការ​ខ្ពស់​ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ផង​ដែរ ៕