ខេត្តបាត់ដំបង ៖ ការបើកបរក្នុងល្បឿនលឿនហួសកំរិតនៅទីប្រជុំជនបណ្តាលឱ្យរថយន្ត២គ្រឿងប៉ះទង្គិចគ្នាទាំងកំរោលកាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១៦ មីនា នៅត្រង់ចំណុចផ្លូវបែកជាបួនជ្រុងខាងកើតរតនាគារខេត្តស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ហេតុការណ៍នេះមិនបណ្តាលឱ្យអ្នកបើកបររងរបួស ឬគ្រោះថ្នាក់ដល់អ្នកដំណើរទេ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តដែលទៅពិនិត្យកន្លែងកើតហេតុនិយាយថា រថយន្ត និងរថន្តប៉ះទង្គិចគ្នាក្នុងពេលបើកបរកាត់ទទឹងផ្លូវក្នុងល្បឿនលឿនហួសកំរិត។ រថយន្តម៉ាកហាយឡេនឌ័រពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ២P២៤០៥ បើកបរដោយឈ្មោះប៊ុន សេង ភេទប្រុស អាយុ៤២ឆ្នាំ ពីកើតទៅលិច រីឯរថយន្តម៉ាកកាមរីឆ្លាមពណ៌ស្ករ បើកដោយឈ្មោះខុន រ៉ា ភេទប្រុសអាយុ៣៥ឆ្នាំ ពីត្បូងទៅជើង។ ពេលទៅដល់ចំណុចផ្លូវបំបែករថយន្តហាយឡេនឌ័របានជ្រុលទៅបុកចំគូទបណ្តាលឱ្យរថយន្តកាមរីទៅបុកចិញ្ចើមថ្នល់បែកកង់ស្តាំ ហើយឡើងទៅបុកគល់ដើមគគីរបែកពោងក្រពឹតមុខខ្ទេច ។ ហេតុការណ៍នោះគ្មានមនុស្សគ្រោះថ្នាក់ទេ។
សមត្ថកិច្ចនិយាយថា រថយន្តទាំង២គ្រឿងបានបុកគ្នាពេលបើកបរកាត់ទទឹងផ្លូវ។ សាក្សីដែលឃើញហេតុការណ៍និយាយថា រថយន្តទាំង២គ្រឿងបើកលឿនដូចគ្នា លុះទៅដល់ចំណុចផ្លូវបំបែកមិនអាចម្ចាស់ការបានទើបប៉ះទង្គិចគ្នា ។ មន្ត្រីនគរបាលចរាចរខេត្តបញ្ជាក់ថា ភាគីទាំង២រងការខូចខាតដូចគ្នា ប៉ុន្តែរថយន្តកាមរីធ្ងន់ធ្ងរជាង ព្រោះត្រូវរថយន្តហាយឡេនឌ័របុកគូទ ហើយជ្រុលទៅបុកគល់គគីរខ្ទេចមុខទៀត។ រថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរខេត្តដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ