ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ទ័ព​ឆត្រ​យោង​ម្នាក់​ឱ្យ​តុលា​ការ​យោ​ធា​ពាក់​ព័ន្ធ​​បាញ់​បោះ​សេរី

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​​ កាល​ពី​​ថ្ងៃ​ទី​២៧ មីនា​ បាន​​បញ្ជូន​​លោក​ព្រិន្ទ​បាល​ឯក​​ម្នាក់​នៅ​អង្គ​​ភាព​​កង​​ទ័ព​ឆត្រ​យោង​ទៅ​កាន់​អយ្យ​ការ​តុលា​ការ​​យោ​ធា​​ប្រយោជន៍​សម្រេច​​ឃុំខ្លួន​ដាក់​ពន្ធ​នា​គារ​​ជា​បណ្តោះ​អាសន្ន​​ពី​បទ​បាញ់​បោះ​សេរី​គ្មាន​បទ​បញ្ជា ។ ​មន្ត្រី​យោធា​​ឆត្រ​​យោង​ខាង​លើ​​ឈ្មោះ​ពេជ្រ អារុណ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ​មាន​ទី​លំនៅ​ផ្ទះ​ជួល ផ្លូវ​លំ ក្រុម​ទី​៣ ភូមិ​មាន​​​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ ​ជា​យោធា​នៅ​អង្គ​ភាព​កង​ទ័ព​​ឆត្រ​យោង​​លេខ​៩១១ មាន​ឋានៈ​ព្រិន្ទ​​បាល​ឯកអត្ត​លេខ​០៥០០០៩ ។

ដើម​ចម​បណ្តាល​ឱ្យ​មាន​ការ​ឃាត់​ខ្លួន​យោធា​​ឆត្រ​យោង​បញ្ជូន​ទៅ​តុលា​ការ​យោធា​នេះ​ត្រូវ​បាន​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​ឱ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី​២៥ មីនា​ ​ឈ្មោះ​ពេជ្រ អារុណ បាន​ទៅ​ផឹក​ស៊ី​ក្រៅ​ផ្ទះ​បាត់​តាំង​ពី​ព្រលប់ រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​យប់​ទើប​ត្រឡប់​មក​វិញ​ក្នុង​​សភាព​ស្រវឹង​ជោក ។ លុះ​ពេល​មក​ដល់​ផ្ទះ​ឈ្មោះ​ពេជ្រ អារុណ បាន​ស្រែក​ហៅ​ប្រពន្ធ​ឱ្យ​បើក​ទ្វារ​តែ​ប្រពន្ធ​មិន​បើក ​ធ្វើ​ឱ្យ​រូប​គេ​ខឹង​យ៉ាង​ខ្លាំង​ក៏​បាន​ដក​កាំភ្លើង​ខ្លី​ម៉ាក​ប៉េ​អាកុល​បាញ់​ឡើង​លើ​ចំនួន​៥​គ្រាប់ ប៉ុន្តែ​ការ​ផ្ទុះ​អាវុធ​នោះ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​គ្រោះថ្នាក់​ទេ។ ទោះ​បី​ជា​ផ្ទុះ​អាវុធ​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​ក្តី ក៏​សមត្ថ​កិច្ច​ចាត់​ទុក​ថា នេះ​ជា​សកម្ម​ភាព​បាញ់​​បោះ​សេរី​​​ដែល​ច្បាប់​​​ហាម​ឃាត់ ។ ​ប្រការនេះ​​ហើយ​បាន​ជា​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​មាន​ជ័យ ចុះ​ទៅ​​ឃាត់​​ខ្លួន​ឈ្មោះ​​ពេជ្រ ​អារុណ នាំ​ទៅ​កាន់​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​​​ហត្ថ​រាជ​ធានីភ្នំពេញ ​ទាំង​មនុស្ស​​ទាំង​អាវុធ ហើ​យបាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​កាន់​តុលា​ការ​យោធា​ដោយ​ចោទ​ប្រកាន់​​ពី​បទ​បាញ់​បោះ​​សេរី​​គ្មាន​បទ​បញ្ជា ។

ទាក់​ទិន​ករណី​ខាង​លើ​នេះ​លោក​វរ​សេនីយ៍​ត្រី ចាន់ ​ហេង ប្រធាន​​ការិយា​ល័យ​សន្តិ​សុខ ព្រហ្ម​ទណ្ឌ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​​ថា រាល់​​កិច្ច​ប្រជុំ​ប្រចាំ​ខែ​ ឬ​សប្តាហ៍​ លោក​ឧត្តម​សេនីយ៍​ទោ យ៉ា គឹម​អ៊ី មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ តែង​តែ​ណែ​នាំ​ជា​ប្រចាំ​ដល់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ឱ្យ​ប្រកាន់​​ខ្ជាប់​វិន័យ​របស់​​កង​កម្លាំង និង​​យល់​អំពី​នីតិ​វិធី​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​ដែល​ចូល​ជា​ធរ​មាន ។ មន្ត្រី​យោធា​កង​រាជ​អាវុធ​ហត្ថ​មាន​ភារ​កិច្ច​​ប្រើ​ប្រាស់​អាវុធ ខណៈ​ពេល​ចុះ​​បំពេញ​បេសក​​កម្ម​​តែ​ប៉ុណ្ណោះ ពុំ​មាន​សិទ្ធិយក​អាវុធ​​ទៅ​ប្រើ​ប្រាស់​ខុស​ពី​បម្រើ​ការ​ងារ​នោះ​ឡើយ ។ ម្យ៉ាង​វិញ​ទៀត​ ទោះ​បី​អាវុធ​មាន​ច្បាប់​អនុ​ញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ក៏​ដោយ តែ​បើ​អ្នក​ប្រើ​​អាវុធ​​នោះ​ធ្វើ​​ឱ្យ​ផ្ទុះ ឬ​មាន​ចេតនា​បាញ់​បោះ​សេរី​ពុំ​ធ្វើ​ឱ្យ​ប៉ះ​ពាល់ ឬ​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​​ក្តី​ ច្បាប់​ត្រូវ​បាន​អនុ​ម័ត​ថា អ្នក​នោះ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​​ហើយ ។ ដូច​ករណី​នេះ​ លោក​មេ​បញ្ជា​ការ​ដាច់​ខាត​មិន​រួញ​រា​ក្នុង​ការ​បញ្ជូន​ខ្លួន​ឈ្មោះ​​ពេជ្រ អារុណ ទៅ​តុលា​ការ​​យោធា​ឡើយ ​ព្រោះ​ពេជ្រ អារុណ មាន​កំហុស​​ឆ្គង​ពី​បទ​បាញ់​​​បោះ​សេរី​គ្មាន​បទ​បញ្ជា ៕