ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (បងប្រុសខ្ញុំ) បទពាក្យ៨ ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

– ខ្ញុំ​សែន​ហួសចិត្ដ​ត្បិត​បងប្រុស​ខ្ញុំ មានកូន​ធំ​ៗ​ទន្ទឹម​និង​ខ្លួន
បែរជា​ភ្លើតភ្លើន​ខុស​កាល​ខុស​ក្បួន មិនដឹង​ថា​ខ្លួន​វ័យ​ល្បាយអាចម៍ខ្លា​។

– ខ្ញុំ​សែន​ហួសចិត្ដ​ត្បិត​បងប្រុស​ខ្ញុំ              មានកូន​ធំ​ៗ​ទន្ទឹម​និង​ខ្លួន
   បែរជា​ភ្លើតភ្លើន​ខុស​កាល​ខុស​ក្បួន          មិនដឹង​ថា​ខ្លួន​វ័យ​ល្បាយអាចម៍ខ្លា​។
– កំណើត​គាត់​ជា​មនុស្ស​ត្រង់​ត្រឹមត្រូវ         មិន​ដើរ​វៀច​ផ្លូវ​ចេះ​ពិចារណា
   ស្នេហ៍​ប្រពន្ធ​កូន​ថែ​រទាំ​រក្សារ                  មិន​ចេះ​ហ៊ឺហា​សប្បាយ​ម្នាក់ឯង​។
– គាត់​នៅ​អា​មេ​រិ​ក​មិន​ភ្លេច​ប្អូន​បង             ផ្គត់ផ្គង់​ឃុំគ្រង​មិន​ឱ្យ​ចំបែង
   ទោះបី​ឃ្លាត​គ្នា​ជា​យូរអង្វែង                  គាត់​តែង​ប្រឹងប្រែង​ប្រដៅ​ដាស់តឿន​។                      
– ចូល​វ័យ​ចំណាស់​ប្ដូរផ្លាស់​ចរិត                  ខិលខូច​តាម​មិត្ដ​មាន​ពួក​មាន​ភឿន
   គាត់​ថា​ឥឡូវ​ស្រុក​គេ​ជឿនលឿន             ដើរ​មិន​ទាន់​ល្បឿន​នាំ​ឱ្យ​អាប់មុខ​។            
– ពី​ដើម​មិន​ដែល​ចង់​មក​ស្រុក​ខ្មែរ               បើ​នឹក​បាន​តែ​ខ​ល​សួរសុខទុក្ខ
   ឥឡូវ​ស្រាប់តែ​វិល​ៗ​ឃើញ​មុខ                 មិនមែន​នឹក​ស្រុក​គឺ​នឹក​ស្រី​ស្នេហ៍​។
– គាត់​ភរ​ប្រពន្ធ​ថា​ទៅ​មី​ស្យុ​ង                     តាម​ពិត​វាង​វង់​មក​ដល់​ស្រុក​ខ្មែរ
   ត្រឹម​មួយ​អាទិត្យ​ក៏​ឆ្លៀត​មក​ដែរ               សប្បាយ​ផ្ដាំ​ម៉ែ​ជាមួយ​ស្រី​ក្មេង​។
– ខ្ញុំ​ដាស់តឿន​ដែរ​តែ​គាត់​មិន​ស្ដាប់               ងប់​ង​ល់​ចង់​ស្លាប់​ស្ទើរ​ឆ្កួត​វង្វេង
   ចូល​បារ​រាំច្រៀង​នាំ​នាង​ដើរ​លេង               ដល់​អស់ប្រាក់​ធេង​ទើប​គាត់​វិល​ថ្កាន​។
– ម៉ែ​គ្រវីក្បាល​ដូច​គោ​ស្រាំងទិច                  តើ​ធ្វើ​ដូច​ម្ដេច​អាច​ស្រោចស្រង់​បាន?
   បើ​ប្រាប់​ប្រពន្ធ​មុខ​បែកឆ្នាំង​ចាន               ផ្អើល​គ្រប់​ទីឋាន​អាស្រូវ​កេរ្ដិ៍ឈ្មោះ​។
– ទល់ភ្នែក​មើលទៅ​ខ្លាច​ត្រូវ​គេ​បោក            ទ្រើ​ក​ៗ​ដូច​មោក​ល្ងង់​ដូច​ជា​ងោះ
   លង់​ស្នេហ៍​ស្រី​ក្មេង​សំដី​ពិ​រោះ                   កោរ​ធូរ​ក្បាលពោះ​ស្លៀកខោ​លែង​ជាប់​។
– សង្ឃឹម​ថ្ងៃមួយ​គាត់​នឹង​ភ្ញាក់ខ្លួន                 ហើយ​ធ្វើ​សមសួន​ទៅ​តាម​ទម្លាប់
   តែ​ខ្លាច​តែ​ជួប​រឿង​ដែល​មិន​គាប់               ធ្លាក់ខ្លួន​អភ័ព្វ​ស្រី​បោក​គ្មាន​សល់ ។

ដោយ  ព្រុំ  គឹ​ម  ជឿន  prumkimchoeun@gmail.com