នៅជាធរមានចាប់ពីឆ្នាំ១៩៦៣ មក ច្បាប់គ្រាអាសន្នដែលសម្រួលដល់ការចាប់ខ្លួនមនុស្សហើយអាជ្ញាធរត្រួតត្រាលើម៉ាស៊ីនឃោសនាទីបញ្ចប់ត្រូវបានប្រទេសស៊ីរីសម្រេចលុបចោល ក្រោយការតវ៉ាយ៉ាងខ្លាំងក្លានៅតាមដងវិថីមក ។ ប្រធានាធិបតីស៊ីរីលោកបាចារ អាល់ អាសាដ នឹងថ្លែងនាពេលឆាប់ៗនេះ ទៅកាន់ប្រជាជន ។ ទីប្រឹក្សារបស់លោកប្រធានាធិបតីបាចារ អាល់ អាសាដ លោកស្រីប៊ូសសៃណា ចាអា បានអះអាងកាលពីថ្ងៃទី២៧ មីនា ថា អាជ្ញាធរស៊ីរី បានសម្រេចលុបចោលច្បាប់គ្រាអាសន្នដែលមានជាធរមានចាប់ពីឆ្នាំ១៩៦៣មក ។ ក៏ប៉ុន្តែពុំទាន់មានកាលបរិច្ឆេទណាមួយត្រូវបានកំណត់សម្រាប់អនុវត្តការសម្រេចចិត្តនេះនៅឡើយ ។
ច្បាប់នេះដែលតាក់តែងឡើងកាលពីខែធ្នូ ឆ្នាំ១៩៦២ ហើយដាក់ឱ្យប្រើប្រាស់តាំងពីពេលគណបក្សបាអាស់ឡើងកាន់អំណាចពីខែមីនា ឆ្នាំ១៩៦៣ មក គឺរឹតត្បិតលើសេរីភាពនៃការប្រមូលផ្តុំមនុស្ស និងការធ្វើដំណើរចុះឡើង ហើយអនុញ្ញាតឱ្យចាប់ខ្លួនជនសង្ស័យ ឬមនុស្សទាំងឡាយដែលគំរាមកំហែងដល់សន្តិសុខ ។ ច្បាប់នេះក៏អនុញ្ញាតផងដែរ ឱ្យចាប់មនុស្សសួរចម្លើយ ត្រួតពិនិត្យលើគមនាគមន៍ និងធ្វើការត្រួតពិនិត្យលើបណ្តាកាសែត ការចេញផ្សាយនានា វិទ្យុ និងម៉ាស៊ីនឃោសនាដទៃៗទៀត ។
កងទាហានបន្ថែមត្រូវបានបញ្ជូនទៅកាន់ទីក្រុង DERRAA ជាចំណុចកណ្តាលនៃការតវ៉ាចាប់តាំងពី៨ថ្ងៃមកហើយ នៅភាគខាងត្បូង ស៊ីរី ហើយកងយោធាបានល្បាតកាលពីថ្ងៃទី២៧ មីនា នៅតាមវិថីទាំងឡាយនៃទីក្រុងនៅជាប់ឆ្នេរសមុទ្រ LATTAQUIE នាភាគខាងជើងប្រទេសដែលនៅទីនោះ ការប៉ះទង្គិចគ្នា បណ្តាលឱ្យមនុស្សស្លាប់១២នាក់ និងរបួស២០០នាក់ រយៈពេល២ថ្ងៃ ។
លោកប្រធានាធិបតីបាចារ អាល់អាសាដ និងគណបក្សបាអាស់ ដែលកាន់អំណាចចាប់តាំងពីជិតកន្លះទសវត្សមកហើយ កំពុងតែប្រឈមមុខនឹងរលកនៃការតវ៉ាពុំធ្លាប់មានពីមុនមក ហើយកំពុងតែប្រឈមមុខនឹងបាតុកម្ម ដែលយកគំរូតាមការបះបោរនៅទុយនីស៊ី និងអេហ្ស៊ីប ៕
ចែករំលែកព័តមាននេះ