ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបីនាក់​ប្រើ​ប្រាស់​​អាវុធ​ខុស​ច្បាប់​​និង​រៀប​គម្រោង​​ប្លន់​អស់​លក្ខណ៍

15 ឆ្នាំ មុន

ខេត្ត​កណ្តាល​​ ៖ កម្មករ​ឡឥដ្ឋ៣នាក់ ក្នុង​ចំណោមបក្ស​ពួក៤នាក់ ត្រូវ​បាន​សមត្ថកិច្ចនគរ​បាល​នៃការិយាល័យព្រហ្មទណ្ឌ​ខេត្ត​ សហការជា​មួយនគរបាល​ស្រុកមុខកំពូល​ឃាត់ខ្លួន​កាលពីថ្ងៃ​ទី២៨ កុម្ភៈ បន្ទាប់ពីពួកគេបានផឹកស៊ី​ស្រវឹង​ហើយ​ដកកាំភ្លើង​ខ្លីម៉ា​ក​កា​៥៤​ ​បាញ់ភ្ជុចដីមួយ​គ្រាប់​នៅក្បែរឡឥដ្ឋព្រាបកុយ ស្ថិតក្នុងភូមិ​ក្រោម ឃុំព្រែកអញ្ចាញ ស្រុក​មុខកំពូល កាលពី​វេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១១នៅចំណុចជាប់​របងឡឥដ្ឋព្រាប​កុយ។

លោកវរសេនីយ៍ត្រី ស៊ឹង សេងលី នាយ​ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល​​ខេត្ត​បានឱ្យដឹងថា ការឃាត់ខ្លួនយុវជនទាំងបី​នាក់​ក្នុងចំណោមបក្សពួកបួននាក់គឺធ្វើ​​ឡើង​​ក្រោម​ការ​ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងព្រះរាជ​អាជ្ញាអម​សាលា​ដំបូង​ខេត្ត ​​សហការជាមួយ​នគរ​បាល​ស្រុកមុខកំពូល។

ជនសង្ស័យដែល​សមត្ថ​កិច្ច​ឃាត់​​ខ្លួន​១-ឈ្មោះនាង រតនា ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករឡឥដ្ឋ និងអ្នកកាន់កាំភ្លើងដែលលួច​យក​​មកពីខេត្ត​កំពង់​ចាម មានស្រុកកំណើតនៅ​ភូមិទន្លេអុំ ឃុំបឹងកុក ស្រុកកំពង់ចាម ខេត្ត​កំពង់​ចាម (ឃាត់ខ្លួននៅ​ថ្ងៃទី២៧ ខែកុម្ភៈ) ២-ឈ្មោះឡាត់ កុសល ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករឡឥដ្ឋ​ មានស្រុកកំណើតនៅ​ភូមិ​ក្រាំង​ត្រយ៉ង ​ឃុំ​ក្រាំង​ផ្តៅ ស្រុកពាមជរ ខេត្ត​ព្រៃវែង (ឃាត់ខ្លួន ថ្ងៃទី​២៨ ខែកុម្ភៈ) ៣-ឈ្មោះថាន ថន ភេទប្រុស អាយុ២៦ឆ្នាំ មុខ​របរកម្មករឡ​ឥដ្ឋ​ មានស្រុក​កំណើតនៅភូមិស្វាយបាង ឃុំ​គ្រោះ ស្រុកព្រះ​ស្តេច ខេត្តព្រៃវែង (ឃាត់ខ្លួន​ថ្ងៃ​ទី​២៨ ខែកុម្ភៈ) និង៤-ឈ្មោះមុំ ផា ភេទ​ប្រុស អាយុ៣០ឆ្នាំ ​ជា​កម្មករលើកឥដ្ឋដាក់​រថ​យន្ត​ និង​ជាអ្នកបាញ់បាន​រត់​គេចខ្លួនបាត់។ ជន សង្ស័យទាំងបួននាក់​នេះ​រស់​នៅកន្លែង​ឡឥដ្ឋ​ព្រាប​​កុយ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ ក្រោយពេល​ឃាត់ខ្លួន​សមត្ថ​កិច្ច​ដកហូតបានកាំភ្លើង​ខ្លីម៉ាកកា៥៤ផលិតនៅ​ប្រទេសសូវៀតចំនួន១ដើម ដែលមានលេខ EK 1349 បង់មួយមាន៧គ្រាប់ ។

លោកស៊ឹង សេងលី បានឱ្យដឹងទៀតថា នៅ​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១១ ត្រូវនឹង​ថ្ងៃ​ចូល​ឆ្នាំ​ចិន ជនសង្ស័យបាន​ទៅលេងផ្ទះបង​ស្រី ឈ្មោះ​នាង ដានី នៅភូមិដីថ្មី ស្រុកកំពង់ចាម ខេត្ត​កំពង់​ចាម និង​បានស្នាក់នៅទីនោះចំនួន​២​ថ្ងៃ ហើយបានទៅធ្វើជាកម្មករលាងរថយន្ត​ឱ្យ​ឈ្មោះ​ប៉េង មាន ស្ថិតនៅជិតផ្សារមេមត់។ លុះ​ដល់ថ្ងៃទី១៩ ខែកុម្ភៈ វេលាម៉ោង១២ថ្ងៃ​ត្រង់ មានរថយន្តឆ្លាមពណ៌សមួយគ្រឿងបើក​បរ​ដោយទាហានម្នាក់ បានមកលាងរថយន្ត​ ពេល​កំពុង​លាង​នោះជនសង្ស័យបាន​ប្រទះ​ឃើញ​កាំភ្លើង​ខ្លីម៉ាកកា៥៤ ​ទុកនៅទ្វាររថយន្ត​​ផ្នែក​ខាង​មុខ​ ឃើញដូចនោះជន​សង្ស័យ​បានលួចយក​មកសៀតនៅចង្កេះ ហើយ​បានគេចខ្លួនមក​ឡឥដ្ឋ​ព្រាប​កុយវិញ ។

លោកនាយការិយាល័យនគរបាលព្រហ្ម​ទណ្ឌ​កំរិតស្រាលខេត្ត​ បានឱ្យដឹងទៀតថា នៅ​ថ្ងៃ​ទី​២៥ ​ខែកុម្ភៈ វេលាម៉ោង៥ល្ងាចជនសង្ស័យ​ឈ្មោះនាង រតនា ឈ្មោះមុំ ផា ឈ្មោះថាន ថន និង​ឈ្មោះ​ ឡាត់ កុសល បាននាំគ្នាផឹកស៊ី​នៅ​កន្លែងដីខ្សាច់ជាប់ខាងត្បូង​របងឡឥដ្ឋ​ព្រាបកុយ រហូតដល់ម៉ោង៦និង៣០​នាទី។ ពេល​ ​​នោះ​នាង រតនា បានដកកាំភ្លើង​ខ្លីពីចង្កេះដែល​គេលួចយកមកពីខេត្តកំពង់ចាមបង្ហាញឱ្យបក្ស​ពួករបស់គេមើល ភ្លាមនោះឈ្មោះមុំ ផា បាន​យកកាំភ្លើងខ្លីពីដៃ នាង រតនា រួចបានបាញ់ភ្ជុច​ដីចំនួន១គ្រាប់ ហើយក៏នាំគ្នាដើរចូលទៅក្នុង​​ទី​តាំង​ឡឥដ្ឋព្រាបកុយវិញ ។

ក្រោយមកសមត្ថកិច្ច​បាន​ធ្វើការស្រាវជ្រាវ​ ហើយបានឃាត់ខ្លួន​ជន​សង្ស័យ​ឈ្មោះនាង រតនា កាលពីវេលាម៉ោង​៣រសៀលថ្ងៃទី២៧ ខែ​កុម្ភៈ យកមកសាកសួរ រួចក៏ឈានទៅចាប់បាន​បក្សពួកពីរនាក់ទៀត គឺឈ្មោះថាន ថន និង​ឈ្មោះឡាត់ កុសល កាល​ពី​វេលាម៉ោង៩ព្រឹក​ថ្ងៃទី២៨ ខែកុម្ភៈ​។ ចំណែក​ជនសង្ស័យឈ្មោះមុំ ផា ដែលជាអ្នកបាញ់បាន​រត់​គេច​ខ្លួនបាត់ ហើយ​សមត្ថកិច្ចកំពុងតាមចាប់​ខ្លួនជន​នេះ​ផងដែរ ។ លោកស៊ឹង សេងលី បានបញ្ជាក់ថា ក្រោយ​ការ​ឃាត់ខ្លួននិងសាកសួរ គឺក្រុមនេះពេល​ដែលលួចយកកាំភ្លើងបានហើយ​ ពួកគេ​បាន​រៀបចំគម្រោងប្លន់ដែលគោលដៅទីមួយ គឺនៅ​ខេត្តកំពង់ចាម គោលដៅទី២នៅខេត្តព្រៃ​វែង និងគោលដៅទី៣ នៅស្រុកមុខកំពូល ខេត្ត​កណ្តាលនេះតែម្តង ៕