ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើគ្រញូង​​​១.៦៦៥​គីឡូក្រាម​​ត្រូវ​​មេព្រៃ​និង​​ប៉ូលិស​សេដ្ឋ​កិច្ច​​​បង្ក្រាប

15 ឆ្នាំ មុន

ខេត្ត​កំពត​​ ៖ ក្រោយពី​មាន​សេចក្តី​​រាយ​ការណ៍​​ពីប្រជាពលរដ្ឋ​​នៅ​ក្បែរ​ច្រកទ្វារ​​​ព្រំដែន​​​​ព្រែក​ចាក​​មក​ថា គេ​បាន​ឃើញ​ឈ្មួញ​​ដឹក​ឈើ​​​គ្រញូង​​​ជា​ច្រើន​​ដុំ​មក​ស្តុកទុក​នៅផ្ទះ​​​លក់​គ្រឿង​ទេស​មួយ​​ក្បែរ​​ច្រកទ្វារ​​ព្រំដែន​​​ព្រែក​ចាក​​ស្ថិត​ក្នុង​​​ភូមិ​ថ្កូវ​ ឃុំ​ឫស្សី​ស្រុក​ខាង​លិច​ ស្រុក​​​កំពង់​ត្រាច​ ​លោក​​ជួន សារ៉ា នាយ​ផ្នែក​​​រដ្ឋ​បាល​ព្រៃឈើ​កំពត​ ក៏បាន​រាយការណ៍​សុំ​យោ​បល់​​ដល់​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​​ដើម្បី​បង្ក្រាប ។

ក្រោយ​ពេល​​បាន​​ដីកាពី​ព្រះរាជ​អាជ្ញា​​សាលា​ដំបូង​​​​ហើយ​ ក៏សហការ​ជាមួយ​កម្លាំង​សមត្ថ​កិច្ច​​ចុះឆែក​ឆេរ​​​ដោយ​មាន​មន្ត្រី​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​​៤​រូប និង​​​កម្លាំង​​​នគរ​បាល​​​ប្រឆាំង​បទ​ល្មើស​​​សេដ្ឋ​កិច្ច​​១០​រូប ​ចុះ​ដល់​​ទីតាំង​សង្ស័យ​​​ហើយ​ចូល​​ឆែក​ឆេរ​​នៅ​ផ្ទះ​​លក់​​​គ្រឿងទេស​​នោះ​​រក​ឃើញ​ឈើ​​ប្រណីតប្រភេទ​​​គ្រញូង​ជា​ច្រើន​កំណាត់​​ដែល​ជន​ល្មើស​​​ស្តុក​ទុក​ក្នុង​ផ្ទះបម្រុង​​ដឹក​ឆ្លង​​ដែន​​ទៅ​លក់​​នៅ​ប្រទេស​វៀតណាម​ ។ លោកជួន សារ៉ា បាន​ឱ្យ​ដឹង​កាលពី​រសៀល​​ថ្ងៃទី​​២៩ មីនា ​ថា ក្រោយ​ពី​កម្លាំង​សមត្ថ​កិច្ច​​សហការ​​ជាមួយកម្លាំង​​រដ្ឋ​បាល​ព្រៃឈើ​​​ចុះ​ពិនិត្យ​ផ្ទះ​ដែល​មាន​ម្ចាស់​ឈ្មោះ​កាំង ឡេង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​ផ្ទះ​លក់​គ្រឿង​​ទេស ​និងទិញ​ឈើ​ខុស​ច្បាប់​​ស្តុកទុក​ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាមនោះ​  ម្ចាស់​​​ផ្ទះ​ទាំងពីរ​​នាក់​ប្តី​ប្រពន្ធ​​ ​​បាន​រត់​គេច​ខ្លួន​បាត់ ទុកតែនារី​​​​​​​ដែល​​ជា​អ្នក​បម្រើ​​​ម្នាក់​នៅ​ចាំផ្ទះ។

លោក​ជួន សារ៉ា បន្ត​​ថា ​ឈើដែល​សមត្ថ​កិច្ច​​​រកឃើញ​នេះ​មាន​៨៤២ដុំ ស្មើ​​នឹង​១.៦៦៥​គីឡូក្រាម​ ហើយ​​វត្ថុ​​តាង​​ត្រូវ​បាន​​រឹបអូស​​និងនាំ​ខ្លួន​​​នារី​ម្នាក់​មក​​ខណ្ឌ​រដ្ឋ​បាល​​ពព្រៃឈើ​កំពត​ដើម្បី​សួរនាំ ។ នារី​ដែល​សមត្ថ​កិច្ច​​​​នាំ​មក​សួរ​​នាំនោះ​ឈ្មោះ​អួង សុធា ​អាយុ​​៣៩​ឆ្នាំ​ ជាអ្នក​​ស៊ីឈ្នួល​​ជួយ​លក់​ដូរ​ក្នុង​​ផ្ទះ​នេះ ។ ការសួរនាំ​​អស់​រយៈពេល​​​​ប្រមាណ​ពីរ​ម៉ោង​​ឃើញ​ថា នារី​រូប​នេះ​ជាអ្នក​បម្រើ​​គេ​គ្មាន​ដឹង​អ្វីទាំង​អស់​ ហើយ​​មាន​ជំងឺ​ប្រចាំ​កាយ​​ទៀត សមត្ថ​​កិច្ច​​ក៏អនុញ្ញាត​ឱ្យ​ទៅផ្ទះ​វិញ ។

លោក​ជួន សារ៉ា ​បន្ត​ទៀតថា ​ម្ចាស់​ឈើត្រូវ​​​តែចូល​ខ្លួន​​មក​ដោះ​​ស្រាយ​​ដើម្បី​ធ្វើ​ការ​​ផាក​ពិន័យ​​តាម​ច្បាប់​ ។ ផ្ទុយ​ទៅវិញ​បើពុំ​ចូល​ខ្លួន​​ដោះ​ស្រាយ​ទេ​ ម្ចាស់​ឈើ​អាចប្រឈមមុខ​ចំពោះ​​​ផ្លួវ​ច្បាប់​ ​ហើយ​​ត្រូវ​បញ្ជូន​សំណុំរឿង​​ទៅព្រះ​រាជ​អាជ្ញា​​ចោទ​ប្រកាន់​​តាម​នីតិវិធី​​ច្បាប់៕