ខេត្តកំពង់ស្ពឺ ៖ កិច្ចសហការមួយ រវាងស្នាក់ការកងរាជអាវុធហត្ថលេខ៥៥១ ប្រចាំនៅស្រះកែវស្រុកឧដុង្គ ជាមួយរដ្ឋបាលព្រៃឈើកំពង់ស្ពឺ រដ្ឋបាលសង្កាត់ព្រៃឈើឧដុង្គ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានល្បាត និងចាប់បានឈើប្រណីតប្រភេទគ្រញូងចំនួន២០កំណាត់ ស្មើនឹង៤៩៧គីឡូក្រាមស្មើនឹង០,៣៨២ម៉ែត្រគូប ដែលផ្ទុកក្នុងរថយន្តម៉ាកកាមរី ស៊េរី៩០ ពាក់ស្លាកលេខភព២ E-9024 ពណ៌ទឹកប្រាក់ បើកបរមកពីខេត្តពោធិ៍សាត់ ចូលទៅរាជធានីភ្នំពេញ។
តាមប្រភពពីប្រធានស្នាក់ការកងរាជអាវុធហត្ថលេខ៥៥១ បានឱ្យដឹងថា ឈើគ្រញូងចំនួន២០ដុំ ស្មើនឹង០,៣៨២ម៉ែត្រគូប បានត្រូវកម្លាំងចំរុះមានប៉េអឹមផ្ទៃប្រទេស ប៉េអឹមស្នាក់ការ៥៥១ និងរដ្ឋបាលព្រៃឈើសង្កាត់ឧដុង្គ ព្រមទាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ ចាប់បាននៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣ មីនា នៅលើផ្លូវជាតិលេខ៥ ចំណុចស្រះកែវ ស្រុកឧដុង្គ ហើយត្រូវបានប្រគល់ទៅឱ្យសង្កាត់រដ្ឋបាលព្រៃឈើ សង្កាត់ឧដុង្គរក្សាទុកទាំងរថយន្ត និងឈើដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានផ្តល់ការណែនាំ ដល់គ្រប់បណ្តាញកងរាជអាវុធហត្ថតាមបណ្តាស្រុក និងបណ្តាស្នាក់ការឱ្យមានកិច្ចសាមគ្គីសហការខ្ពស់រវាងស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីសហការទប់ស្កាត់រាល់បទល្មើសទាំងឡាយដែលកើតឡើងគ្រប់ច្រកល្ហក ។ នេះគឺជាកិច្ចសហការរវាងរដ្ឋបាលព្រៃឈើ និងកម្លាំងប៉េអឹម ទើបអាចទប់ស្កាត់បានរាល់បទល្មើសដែលលួចលាក់ ទោះតិច ឬច្រើនយ៉ាងណាក៏ជាការបង្ក្រាបមួយក្នុងកិច្ចសហការល្អដែរ ។ លោកបានបន្តថា កិច្ចសហការបែបនេះ កន្លងមក មានជោគជ័យច្រើន ដែលស្នាក់ការលេខ៥៥១ អនុវត្តបានល្អនៅតាមបណ្តោយផ្លូវជាតិលេខ៥ នេះទោះបីជាបែបណាមិនមានព័ត៌មានពីការឃាត់ខ្លួនម្ចាស់រថយន្តទេ ៕
ចែករំលែកព័តមាននេះ