ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាយ​ខ្សែ​ភ្លើង​ដាក់​ហ្វា​ថត​រូប​ក្នុង​មង្គល​ការ​ឆក់​ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​សន្លប់

15 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ បុរស​ជា​ជាង​ថត​រូប​ក្នុង​មង្គល​ការ​ និង​ពិធី​ផ្សេងៗ​ត្រូវ​សមត្ថ​កិច្ច​ប៉ូលិស​ស្រុក​កណ្តាល​ស្ទឹង​ឃាត់​ខ្លួន​ពី​បទ​រាយ​ខ្សែ​ភ្លើង​ត​ដាក់​ហ្វា​ដើម្បី​ថត​​រូបក្នុង​ពិធីកាត់​សក់​នៃ​មង្គល​ការ​មួយ​បណ្តាល​ឱ្យ​​ចរន្ត​អគ្គិ​សនី​ឆក់​ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់​​សន្លប់​ស្តូក​ស្តឹង​។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២០ មីនា នៅ​មុខ​ផ្ទះ​ការ​ស្ថិត​ក្នុង​ភូមិ​អំពៅ ព្រៃ​ទី​២ ឃុំ​អំពៅ​ព្រៃ ស្រុក​កណ្តាល​ស្ទឹង​។
បុរស​នោះ​ឈ្មោះ​វង្ស​ រិន អាយុ​៤៨​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​អំពៅ​ព្រៃ​ទី​២ ​ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ឃី ចាន់​រាម មាន​ទី​លំនៅ​ក្នុង​ភូមិ​អំពៅ​ព្រៃ​ទី​២ដែរ​​។

តាម​សាក្សី​​ឱ្យ​ដឹង​ថា ​ឈ្មោះ​វង្ស រិន បាន​ទៅ​​ថត​រូប​ក្នុង​ពិធី​មង្គល​ការ​របស់​កូន​អ្នក​ស្រី​គង់​ មឿន ។ នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ពេល​រៀប​ចំ​កាត់​សក់​កូន​កំលោះ​ កូន​ក្រមុំ​ ឈ្មោះ​វង្ស រិន បានរាយ​ខ្សែ​ភ្លើង​​ចេញ​ពី​ក្នុង​ផ្ទះ​ការទៅ​​រោង​​កាត់​សក់ដើម្បី​បើក​​ភ្លើង​ហ្វា​ថត​រូប​ភាព​។ នៅ​ពេល​នោះ​កុមារ​ឈ្មោះ​ឃី ចាន់​រាម ដែល​មាន​ផ្ទះ​នៅ​ចំងាយ​ប្រមាណ​ជិត​១០០​ម៉ែត្រ​បាន​ទៅ​ឈរ​នៅ មុខ​ទ្វារ​ចូល​រោង​ការ​ ហើយ​ប៉ះ​ខ្សែ​ភ្លើង​បណ្តាល​ឱ្យឆក់​​រង​របួស​ដួល​សន្លប់​នៅនឹង​កន្លែង​។ ​ភ្លាម​នោះ​គេ​នាំ​គ្នា​ស្រែក​ឆោ​ឡោ​ឡើង ​ឈ្មោះ​វង្ស រិន ស្ទុះ​​រត់​ទៅ​បិទ​បារ៉ែត​ភ្លើង​​ក្នុង​ផ្ទះ រួច​ហើយ​ជួយធ្វើ​ចលនា​ឱ្យ​ក្មេង​ប្រុស​រង​គ្រោះ​។

ឪពុក​ម្តាយ​កុមារា​រង​គ្រោះ​បាន​យក​កូន​ទៅ​មណ្ឌល​សុខ​ភាព​ឃុំ​អំពៅ​ព្រៃ តែ​ដោយ​ឃើញ​សភាព​ធ្ងន់​ពេក​គ្រូ​ពេទ្យ​មិន​ហ៊ាន​ពិនិត្យ​ក៏​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នៅ​ឯ​រាជ​ធានី​ភ្នំពេញ​។ ​ឪពុក​ ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ ហើយ​សមត្ថ​កិច្ច​ប៉ូលិស​ស្រុក​កណ្តាល​ស្ទឹង​​បាន​ឃាត់​ខ្លួន​បុរស​ឈ្មោះ​វង្ស រិន ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កណ្តាល​ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ៕