ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៧នៅ​ក្រុង​ហាណូយ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​សម្តេចអគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣១ តុលា បាន​ដឹក​នាំ​ប្រតិភូ​ជាន់​ខ្ពស់​ត្រឡប់​​មកពី​ចូលរួម​កិច្ច​ប្រជុំ​ កំពូលអាស៊ាន លើកទី​១៧​ នៅ​ទីក្រុង​ហាណូយ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​វិញ​ហើយ។​ លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​១៧​នេះ លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិ​បត្តិ​ការ​​អន្តរជាតិ​បាន​មាន

រាជធានីភ្នំពេញ​ ៖ ​សម្តេចអគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣១ តុលា បាន​ដឹក​នាំ​ប្រតិភូ​ជាន់​ខ្ពស់​ត្រឡប់​​មកពី​ចូលរួម​កិច្ច​ប្រជុំ​កំពូលអាស៊ាន លើកទី​១៧​ នៅ​ទីក្រុង​ហាណូយ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​វិញ​ហើយ។​ លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​១៧​នេះ លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិ​បត្តិ​ការ​​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ប្រាប់់​​​អ្នក​សារព័ត៌​មាន​​ជាតិ-អន្តរជាតិ​ថា ការ​ប្រជុំ​កំពូល​ថ្នាក់​ដឹកនាំ​អាស៊ាន​ និង​ប្រទេស​ដៃគូ​មាន​រហូត​​១២​កិច្ច​ប្រជុំ​កំពូល ចំណែក​ឯកសារ​ដែល​បាន​អនុម័ត​ដោយ​ប្រមុខ​រដ្ឋ​ ប្រមុខ​​រដ្ឋា​ភិបាល​មាន​​​ចំនួន​១៥។ រដ្ឋ​មន្ត្រី​ការ​បរទេស​អនុម័ត​មាន​៦ រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច៤ សរុប​ទាំងអស់ឯកសារ​ដែល​បាន​អនុម័ត​២៥។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៧នេះ​ អង្គ​ប្រជុំ​បាន​ធ្វើ​ការ​ពិភាក្សា​យ៉ាង​ច្រើន​ដែល​​មានចំណុច​ពីរ​សំខាន់។ ទី១-ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំង​អស់​បាន​​លើក​និង​ឯកភាព​គ្នា​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ប្រធាន​អាស៊ាន​នេះ​ចូលរួម​ប្រជុំ​ក្នុង​ប្រទេស​២០ (G20) ឱ្យ​បាន​ទៀងទាត់​មួយ​ឆ្នាំ​ពីរ​ដង​ពិភាក្សា​ផ្តោត​លើ​បញ្ហា​សេដ្ឋ​កិច្ច​ និងហិរញ្ញវត្ថុ​​។ ដោយ​ឡែក​ក្រុម​​G8 គេជជែក​អំពីបញ្ហា​សន្តិសុខ​ នយោ​បាយ​​សេដ្ឋ​កិច្ច ធ្វើ​យ៉ាង​ណា​ឱ្យ​អាស៊ាន​ចូលរួម​ទៀង​ទាត់។

ពាក់ព័ន្ធ​ទៅ​នឹង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១២ ខាង​មុខ​ធ្វើ​ជា​ប្រធាន​អាស៊ាន​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នឹង​ចូលរួម​តំណាង​ឱ្យ​ប្រទេស​អាស៊ាន​ទាំង​១០​នៅ​កិច្ច​ប្រជុំ​ G20 នេះ​ផងដែរ។

ទី២-​​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋា​ភិបាល​អាស៊ាន​បាន​អនុម័ត​ផែន​ការ​មេ និង​ការ​តភ្ជាប់​អាស៊ាន​គឺ​ការ​តភ្ជាបប់​ផ្លូវគោក​ ផ្លូវ​ដែក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​តភ្ជាប់​គ្នាទាំង​អស់​ ព្រោះ​ពី​មុន​មក​គឺ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​។ ពីឥឡូវ​រហូត​​​ដល់​ឆ្នាំ​២០១៥ គឺ​ត្រូវ​​កសាង​សហគមន៍​អាស៊ាន​។ ដូច្នេះ​សហគមន៍​អាស៊ាន​គឺ​មាន​​លក្ខណៈ​ខុសគ្នា​​នៅត្រង់​ថា​អាស៊ាន​មាន​នីតិ​បុគ្គល​អន្តរជាតិ​ ដោយ​ធ្វើ​ការ​ចុះ​ហត្ថ​លេខា​ជាមួយ​នឹង​ប្រទេស​ផ្សេងៗទៀតបាន​ វាមាន​លក្ខណៈ​ខុសគ្នា​ គឺធ្វើ​យ៉ាងណា​មិន​ឱ្យចូល​ទាំង​អស់​តែម្តង។ ផែន​ការ​មេ​ការ​តភ្ជាប់​នេះ​គឺ​គ្រប់​ហេដ្ឋា​រចនាសម្ព័ន្ធ​ទាំងអស់​ទាំង​ផ្លូវ​គោក​ ផ្លូវ អាកាស ផ្លូវ​ទឹក ផ្លូវ​ដែក តភ្ជាប់​ទាំង​ស្ថាប័ន​ទាំងអស់​ ទាំង​ប្រទេស​ ត្រូវ​ធ្វើ​យ៉ាង​​ណា​ទាក់ទង​គ្នា​បាន​ជិត​​ស្និទ្វ​​ទៅ​ទៀត ឱ្យ​ទៅជា​សហគមន៍​​​តែមួយ​ចូលគ្នា​​ទាំង​ស្រុង ទាំង​ប្រជាជន​និង​ប្រជា​ជន​ទាំង​ព័ត៌​មាន​វិទ្យា។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បាន​ឱ្យ​ដឹង​ថែម​ទៀតថា ការ​​ប្រជុំ​កំពូល​មេគង្គ​-ជប៉ុន វេទិកា​ថ្មីនេះ​មាន​សារ​សំខាន់​ណាស់​ ដោយ​សារ​ការ​ប្រជុំ​​កំពូល​​​នៅ​ទីក្រុង​តូក្យូ​ កាលពី​​ឆ្នាំ​ទៅ​មិញ​នេះ ជប៉ុន​​បាន​សន្យា​​ដាក់​លុយ​ចំនួន​៥ពាន់​លាន​ដុល្លារ​សំរាប់​ជួយ​ក្នុង​តំបន់​មេគង្គ​នេះ។ ការ​ប្រជុំ​នេះ​ ក៏​បាន​អនុម័ត​ផែន​ការ​សកម្មភាព​ធ្វើ​យ៉ាងណា​​ប្រែ​​ក្លាយ​តំបន់​មេគង្គ​នេះទៅ​ជា​តំបន់​បៃតង​។ ជប៉ុន​បាន​ប្តេជ្ញាជួយ​កសាង​ប្រទេស​៥​មាន​កម្ពុជា​ ឡាវ វៀតណាម ភូមា និង​ថៃ។ ជប៉ុន​បាន​បេ្តជ្ញា​តំបន់​មេគង្គ​តភ្ជាប់​គ្នា​។ ​ទី១-គឺមាន​តភ្ជាប់​ជាមួយ​អាស៊ាន ឥឡូវ​នេះ​ជប៉ុន​ជួយតភ្ជាប់​ប្រទេស​តែ៥​ ដួចខាង​​លើ​។​ ជប៉ុន​ក៏​បាន​ប្តេ​ជ្ញា​​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​ត្រី​កោណ​ទៀត កម្ពុជា ឡាវ វៀតណាម ព្រោះ​តំបន់​នោះ​ប្រជាជន​មាន​ភាព​ក្រីក្រ។ កន្លង​​ទៅជប៉ុន​បានជួយ​២០លាន​ដុល្លារ​ហើយ​ៗ​យក​មក​កសាង​ហេដ្ឋា​​រចនា​សម្ព័ន្ធ​រួច​ខ្លះ​ហើយ ទៅអនាគត​ ក្នុង​ក្រប​ខណ្ឌ​មេគង្គ​នេះ ជប៉ុន​នឹងជួយ​ថែមទៀត។

ជប៉ុន​នឹងជួយ​​កសាង​ការ​ថែ​រក្សា​ព្រៃឈើ​ ដោយសារ​បច្ចុប្បន្ន​​ការ​ប្រែប្រួល​ធាតុ​អាកាស​​មាន​ការ​ប្រឈម​របស់​មនុស្ស​ជាតិទាំង​មូល គឺ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​ប៉ះពាល់​២០%​នៃ​ការបញ្ចេញ​ឧស្ម័ន​​ផ្ទះ​កញ្ចក់។ ដូច្នេះ​ការ​ដាំ​ដើម​ឈើ​ ថែទាំ​ឡើងវិញ​មាន​សារសំខាន់​ណាស់​សំរាប់​ការ​ការពារ​​ការ​ប្រែ​ប្រួល​ធាតុ​អាកាស​។ ជប៉ុន​បានជួយ​ការ​ការពារ​គ្រោះ​ធម្មជាតិ​ បើ​មាន​គ្រោះ​ធម្ម​ជាតិ​កើត​ឡើង​ គឺ​មាន​ការជួយសំរួល​ឱ្យ​មាន​ប្រសិទ្ធ​ភាព។​ ការ​ប្រជុំ​កំពូល​អាស៊ាន​និងជបុន លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បាន​ឱ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​នេះ​ជប៉ុន​បាន​បញ្ជាក់​ថា នឹង​ជួយ​ដល់​ការ​បើក​ចំហ​ការ​​ហោះ​ហើរ​រវាង​ជប៉ុន​និង​អាស៊ាន​ ព្រោះ​មាន​សារសំខាន់​ទៅ​អនាគត ​និង​មាន​ការ​ហោះ​ហើរ​ពី​ជប៉ុន​មក​កម្ពុជា ក្នុង​ក្រប​ខណ្ឌ​តំបន់​មេគង្គ​ជាមួយ​ជប៉ុន​ក្នុង​ការ​បើក​ចំហ​ជើង​​មេឃ។ ការ​ប្រជុំ​កំពូល​អាស៊ាន​និង​កូរ៉េ​ខាង​ត្បូង​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​ឱ្យ​ដឹង​បន្ត​ថា ការ​ប្រជុំ​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី​លីម្យុង​បាក់ ​ចង់​ឱ្យ​មាន​ការ​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ទាំងមូល​នៅ​ឆ្នាំ​ក្រោយ​នេះ​អំពី​សហប្រតិបត្តិ​ការ​កូរ៉េ​-មេគង្គ​។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា កន្លង​ទៅ​មាន​ជប៉ុន​-មេគង្គ សហប្រតិបត្តិ​ការ​ សហរដ្ឋ​អាមេរិក​-មេគង្គ​ខាង​ក្រោម​សហប្រតិបត្តិការ​​​ឥណ្ឌា​-ទន្លេ​មេគង្គ​ សហប្រតិបត្តិការ​ ហើយ​ឥឡូវ​​មាន​កូរ៉េ​ថែមទៀត។ ក្រៅពីការជួយ​ទ្វេភាគី​​កម្ពុជា​មាន​កិច្ច​សហប្រតិបត្តិការ​មេគង្គ​​ច្រើន​ដល់​​ការ​អភិវឌ្ឍ​ប្រទេស​។ កូរ៉េ​​នឹងធ្វើ​ការ​ផ្លាស់​ប្តូរ​​ពាណិជ្ជ​កម្ម​​រវាង​​អាស៊ាន​-កូរ៉េ​​ឱ្យ​​ឈាន​ដល់​១៥០​ពាន់​លាន​ដុល្លារ រហូត​ដល់​ឆ្នាំ​២០១៥។ ការ​ប្រជុំ​កំពូល​អាស៊ាន​ជាមួយ​ចិន ក្នុង​កិច្ច​ប្រជុំ​នេះ​ប្រទេស​ចិន​នឹង​ផ្តល់​១៧​លាន​ដុល្លារ​​សំរាប់​ផែន​ការ​សកម្មភាព​អាស៊ាន​២០១៤-២០១៥។ ចិន​មាន​បំណង​ធ្វើ​​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​អាស៊ាន​ និង​ចិន​ឱ្យ​បាន​កើន​ឡើង​រហូត​ដល់​៥០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥។ ចិន​បាន​សំរួល​ឱ្យ​ប្រើ​ឥណទាន​អនុគ្រោះ​​ចំនួន​១៥​ពាន់​លាន​ដុល្លារ​ជាមួយ​អាស៊ាន​។ ទន្ទឹម​នឹង​នេះ​​ចំនួន​ការ​ប្រើ​ប្រាស់​ឥណទាន​វិនិ​យោគ​ក្នុង​អាស៊ាន​ចំនួន​១០​ពាន់​លាន​ដុល្លារ។

ក្នុង​ឱ​កាស​ដែល​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​​​ ហ៊ុន សែន ជួប​ទ្វេ​ភាគី​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន ​សម្តេច​បាន​លើក​សូម​ឱ្យ​ភាគី​ចិនជួយ​កសាង​​ផ្លូវ​ដែក​ពីភ្នំពេញ​ទៅ​ព្រំ​ដែន​វៀតណាម​ដែល​មាន​​ចំងាយ​ប្រវែង​២៥៧​គីឡូម៉ែត្រ​​ដែល​មាន​តំលៃ​​សាង​សង់​ប្រហែល​៦០០​លាន​ដុល្លារ​។ ​ការ​កសាង​ផ្លូវ​ដែក​នេះ​មាន​សារសំខាន់​ណាស់​សំរាប់​​កម្ពុជា ទី១-ជា​ការ​ដ្ឋាន​មួយ​យ៉ាង​ធំ​សំរាប់​ពលករ​កម្ពុជា​ ទី២-​កសាង​ហើយ​ការ​ដឹក​មនុស្ស​ ទំនិញ រវាង​ប្រទេស​ចិន-​អាស៊ាន គឺ​ត្រូវ​ឆ្លង​កាត់​កម្ពុជា។ នៅ​រយៈពេល​១០​ឆ្នាំ​ទៅ​មុខ​ ចិន​នឹង​ឱ្យ​អាហា​រូបករណ៍​១ម៉ឺន​នាក់​ និស្សិត​របស់​​អាស៊ាន​ទៅ​ធ្វើ​ការ​ដក​ពិសោធ​នៅ​ប្រទេស​ចិន។

ការ​ប្រជុំ​កំពូល​អាស៊ាន​បូក៣ ថ្នាក់​ដឹកនាំ​បាន​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​ ធ្វើ​យ៉ាងណា​ឱ្យ​សហប្រតិបត្តិការ​អាស៊ាន​​បូក៣​នេះ​ឱ្យ​កាន់​តែ​រីក​ចំរើន​ខ្លាំង​ឡើង។ ​ដើម្បី​ឱ្យ​កិច្ច​សហប្រតិបតិ្ត​ការ​អាស៊ាន​បូក​៣ នេះ​ក្លាយជា​យាន​សំរាប់​ការ​កសាង​អាស៊ីបូព៌ា​ទៅ​ថ្ងៃ​មុខ។ អង្គ​ប្រជុំ​ក៏​បាន​អនុម័ត​ការ​ស្នើ​សុំ​​​របស់​សាធារណរដ្ឋ​កូរ៉េ​សុំ​ឱ្យ​បង្កើត​ក្រុម​ទី២ ចក្ខុ​វិស័យ​អាស៊ី​បូព៌ា​។ កន្លង​មក​មាន​ក្រុម​ទី១រួច​ហើយៗ​​ក្រុម​ទី១​បាន​ផ្តល់​អនុ​សាសន៍​​មួយ​ចំនួន​ហើយ​ដែល​បាន​អនុ​វត្ត​សព្វ​ថ្ងៃ​នេះ ធ្វើ​ឱ្យ​អាស៊ាន​បូក​៣ និង​អាស៊ី​បូព៌ា​ឈាន​ឆ្ពោះ​ទៅ​មុខ។ កិច្ច​ប្រជុំ​អាស៊ាន-អង្គ​ការ​សហ​ប្រជា​ជាតិ ការ​ប្រជុំ​លើក​ទី២​នេះ ក្រោយ​ពី​ការ​ប្រជុំ​​លើក​ទី១ នៅ​ឆ្នាំ​២០០៥ លោក​បាន គីមូន នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​បាន​បញ្ជាក់​ថា អង្គ​ការ​សហ​ប្រជា​ជាតិ នឹង​គាំទ្រ​ផែន​ការ​មេ​នៃ​ការ​តភ្ជាប់​របស់​អាស៊ាន ដោយ​សារ​ផែន​ការ​មេ​នេះ​មាន​សារ​សំខាន់​ណាស់ ហើយ​សហ​គមន៍​អាស៊ាន​នៅ​ថ្ងៃ​មុខ​នឹង​កាន់​តែ​ខ្លាំង​ថែម​ទៀត។

លោក​អគ្គ​លេខា​ធិការ អ.ស.ប នឹង​គាំទ្រ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ និង​អភិ​វឌ្ឍន៍​ ថាម​ពល និង​​ការ​កើត​ឡើង។ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ជា​មួយ​ឥណ្ឌា អង្គ​ប្រជុំ​បាន​ឯក​ភាព​ថា នៅ​ឆ្នាំ​២០១២ ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ក៏​មាន​ប្រជុំ​កំពូលអាស៊ាន ឥណ្ឌា​នៅ​ប្រទេស​ឥណ្ឌា​ដែរ ខួប​អាស៊ាន-ឥណ្ឌា។ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា ប្រទេស​ដៃគូ​អាស៊ាន​ទាំង​អស់​ដែល​ប្រជុំ​ជា​មួយ​អាស៊ាន គឺ​បាន​គាំទ្រ​នូវ​ផែន​ការ​នៃ​ការ​តភ្ជាប់​អាស៊ាន ដែល​ជា​ឯក​សារ​សំខាន់​មូល​ដ្ឋាន​សំរាប់​ឱ្យ​អាស៊ាន​ក្លាយ​ទៅ​ជា​អង្គ​​​តែ​មួយ ដូច​ជា​គ្រួសារ​តែ​មួយ។ គាំទ្រ​ឱ្យ​អាស៊ាន​ចូល​ប្រជុំ​ទៀង​ទាត់​របស់​ G20។

កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា ការ​ប្រជុំ​នេះ​បាន​អនុ​ម័ត​យល់​ព្រម​ហើយ​ឱ្យ​រុស្ស៊ី និង​សហ​រដ្ឋ​អាមេរិក​ចូល​ក្នុង​ការ​ប្រជុំ​កំពូល​អាស៊ីបូព៌ានេះ។ កន្លង​មក​អាស៊ី​បូព៌ា​មាន​តែ​១៦​ប្រទេស​ទេ ឥឡូវ​សំរេច​ឱ្យ​​មហា​អំណាច​ធំៗ​ចូល​ក្នុង​អាស៊ី​បូព៌ា​។ កន្លង​មក​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា​នេះ​បាន​សំរេច​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​គ្នា​លើ​វិស័យ​តែ​៥​ទេ អប់រំ បរិ​ស្ថាន ថាម​ពល គ្រោះ​ធម្ម​ជាតិ ការ​ពារ និង​ជួយ ប៉ុន្តែ​សម្តេច​តេជោ​បាន​លើក​ឡើង​ថា ​ដោយ​សារ​មហា​អំណា​ច​​ចូល​រួម​ដែរ​នៅ​ឆ្នាំ​២០១១ ការ​ប្រជុំ​អាស៊ី​បូព៌ា​ប្រែ​ក្លាយ​ពិភាក្សា និង​ដោះ​ស្រាយ​អំពី​បញ្ហា​សន្តិ​សុខ និង​នយោ​បាយ​ផង​ទៅ​អនា​គត។ ទន្ទឹម​នេះ អង្គ​ប្រជុំ​ក៏​បាន​ឯក​ភាព​ជា​មួយ​ជប៉ុន​ រួម​បញ្ចូល​វិស័យ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​នៅ​ក្នុង​សហ​ប្រតិ​បត្តិ​ការ​នៅ​អាស៊ី​បូព៌ា​​នេះ​ដែរ។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​រុស្ស៊ី ឥឡូវ​រុស្ស៊ី​ចង់​ឱ្យ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេគង្គ​-រុស្ស៊ី​ដែរ ពេល​នោះ​សម្តេច​តេជោ​បាន​គាំទ្រ។ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ជា​មួយ​អូស្ត្រាលី គឺ​អូស្ត្រាលី​​ជួយ​៩៥០​លាន​ដុល្លារ សំរាប់​ការ​អភិ​វឌ្ឍ​ឆ្នាំ​២០១០-២០១១ នេះ​ដល់​អាស៊ាន ហើយ​បាន​ផ្តល់​អាហារូប​ករណ៍​ចំនួន​១.០០០​នាក់​ដល់​និស្សិត​អាស៊ាន​ទៅ​រៀន​នៅ​អូស្ត្រាលី និង​ឱ្យ​និស្សិត​អូស្ត្រាលី​មក​រៀន​នៅ​អាស៊ាន​ផង​ដែរ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​ឱ្យ​ស្គាល់​ជិត​ដិត។ កិច្ច​ប្រជុំ​ពូល​អាស៊ាន​ជា​មួយ​ញូវ​ហ្សេឡែន ​គឺ​ញូវហ្សេ​ឡែន​បាន​លើក​ចំណុច​៤​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​អាស៊ាន ទី១-បង្កើន​ឱ្យ​អាហារូប​ករណ៍​ដល់​និស្សិត​អាស៊ាន​ទៅ​សិក្សា​១៧០​នាក់ ក្នុង​មួយ​ឆ្នាំ រយៈ​ពេល​៥​ឆ្នាំ។​ ទី២-ការ​ផ្លាស់​ប្តូរ​ធុរ​ជន​ក្មេង​ៗ​ទៅ​ជួប​គ្នា​ដើម្បី​ទាក់​ទង​សេដ្ឋ​កិច្ច​ជា​មួយ​អាស៊ាន-ញូវ​ហ្សេឡែន ទី៣-​សហ​ប្រតិ​បត្តិ​ការ​ជួយ​ជន​​រង​គ្រោះ​ជា​បន្ទាន់​នូវ​គ្រោះ​ធម្ម​ជាតិ និង​ទី៤-​សហ​ប្រតិ​បត្តិ​ការ​រវាង​កសិ​កម្ម​ញូវ​ហ្សេ​ឡែន និង​កសិ​កម្ម​របស់​អាស៊ាន។

ដោយ​ឡែក​ក្នុង​ជំនួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ចិន-កម្ពុជា។ ក្នុង​នោះ​សម្តេច​តេជោ​ក៏​បាន​លើក​គំរោង​មួយ​ចំនួន​រយៈ​ពេល​៣​ឆ្នាំ​ទៅ​អនា​គត​ប្រាប់​ចិន សុំ​ឱ្យ​ចិន​ជួយ​កម្ពុជា​លើ​វិស័យ​នានា ហេដ្ឋា​រចនា​សម្ព័ន្ធ ធន​ធាន​ទឹក …។ ពេល​នោះ​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន​បាន​ប្រកាស​ជួយ​១០០​លាន​​យាន់ ដល់​កម្ពុជា​នៅ​ឆ្នាំ​២០១០​នេះ៕