យល់ដឹង ៖ ការសិក្សាថ្មីមួយបានបង្ហាញថា ការអប់រំជ្រៅជ្រះអាចធ្វើឲ្យមនុស្សមានអាយុវែង។ តាមលទ្ធផលនៃការសិក្សាបានបង្ហាញថា អ្នកដែលបានសិក្សាដល់មហាវិទ្យាល័យ ឬសាកលវិទ្យាល័យមានអត្រាគ្រោះថ្នាក់ដោយសម្ពាធឈាមឡើងខ្ពស់តិចតូច ធៀបជាមួយអ្នកដែលសិក្សាបានតិចឈប់រៀនទាំងខ្លួននៅក្មេង ។ ការរកឃើញនេះគឺបានផ្តល់ជាព័ត៌មានថា ការសិក្សាបានខ្ពស់ អាចជួយសង្គ្រោះជីវិតរបស់អ្នកបាន។ តាមសមាគមជំងឺឡើងឈាមBlood Pressure Associationថា សម្ពាធឈាមឡើងខ្ពស់ប្រឈមអត្រាស្លាប់ដោយជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលទ្វេដង។
ព្រឹត្តិប័ត្រសុខភាពBMC Public Healthបានរាយការណ៍ថា ផលប្រយោជន៍សុខភាពដ៏ធំបំផុតត្រូវគេរកឃើញក្នុងចំណោមបុគ្គលដែលមានការរៀនសូត្រដល់កម្រិតអនុបណ្ឌិត និងបណ្ឌិត ។ បណ្តាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យBrown Universityរដ្ឋរ៉ូដអាយឡឹន ក៏បានរកឃើញផងដែរថា បុរសដែលទទួលបានការអប់រំជ្រៅជ្រះមានរាងកាយស្គម ជក់បារី ព្រមទាំងផឹកស្រាតិចជាងអ្នកដែលទទួលបានការអប់រំតិចតួច។ រីឯស្រ្តីវិញក៏មានលទ្ធផលដូចជាបុរសដែរ ប៉ុន្តែខុសត្រង់ថាស្ត្រីដែលមានការអប់រំជ្រៅជ្រះចូលចិត្តផឹកស្រាច្រើនជាងអ្នករៀនសូត្របានតិច។
វេជ្ជបណ្ឌិតEric Loucksដែលជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា៖«ការទទួលបានការអប់រំតិចតូចបានបង្ហាញពីភាពតានតឹងចំពោះការងារក្នុងកម្រិតខ្ពស់ដែលបញ្ហានេះជាប់ទាក់ទងជាមួយសម្ពាធឈាមឡើងខ្ពស់»។
ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិតEric Loucksមិនបានបញ្ជាក់ពីមូលហេតុចំពោះស្រ្តីដែលខ្វះការអប់រំ ឬក៏ទទួលបានការអប់រំមានផលប៉ះពាល់យ៉ាងណានោះទេ។ តែវាច្បាស់ណាស់ដែលថា កង្វះខាតការអប់រំនឹងមានផលប៉ះពាល់ដល់ការរស់នៅរបស់ស្រ្តីក៏ដូចជាសុខភាពផងដែរ ។ ការរៀនសូត្រចេះដឹងជ្រៅជ្រះ មិនត្រឹមតែជួយឲ្យមានអាយុវែងប៉ុណ្ណោះទេ តែថែមទាំងជួយការពារជំងឺភ្លេចភ្លាំងបានច្រើនទៀតផង ៕
ចែករំលែកព័តមាននេះ