ក្នុងបទសម្ភាសន៍មួយជាមួយកាសែតបារាំង LE FIGARO មេដឹកនាំលីប៊ីបដិសេធមិនព្រមចាកចេញពីអំណាច។ ក្នុងបទសម្ភាសន៍នោះ លោកកាដាហ្វីអះអាងថា មានការរួមគំនិតមួយប្រឆាំងប្រជាជនលីប៊ី។ លោកអះអាងថា ទោះបីជាមានការរួមគំនិតបែបនេះទាំងពីចក្រពត្តិនិយមឬទាំងពីអាល់កៃដា ប្រជាជនលីប៊ីត្រូវកំទេចការរួមគំនិតនោះ។ ពេលសួរលោកថា តើត្រូវការពេលវេលាប៉ុន្មានទៀតដើម្បីដណ្តើមការត្រួតត្រាប្រទេសទាំងមូលឡើងវិញ លោកកាដាហ្វីថ្លែងថា ប្រសិនបើគេប្រើកំលាំងនោះតែមួយថ្ងៃប៉ុណ្ណោះវាគ្រប់គ្រាន់ហើយ។ ក៏ប៉ុន្តែទិសដៅរបស់យើងគឺកំទេចបន្តិចម្តងៗនូវក្រុមប្រដាប់អាវុធដោយប្រើប្រាស់មធ្យោបាយផ្សេងៗដូចជាឡោមព័ទ្ធទីក្រុង ឬការបញ្ជូនពួកអាជ្ញាកណ្តាលជាដើម។ យើងក៏គិតផងដែរដល់បណ្តាអតីតទាហានដែលចាកចោលជួរឱ្យពួកគេវិលចូលជួរវិញ។
កាលពីថ្ងៃទី១៦ មីនា កងទ័ពលីប៊ីបានទុកពេលរហូតដល់ម៉ោង២២ម៉ោងសាកលឱ្យប្រជាជនទីក្រុងបេនហ្គាហ្សុីនាំគ្នាចាកចេញឱ្យឆ្ងាយពីទីតាំងទាំងឡាយកាន់កាប់ដោយពួកបះបោរ និងពីបណ្តាឃ្លាំងស្តុកអាវុធ។ តាមទូរទស្សន៍លីប៊ីគេបានប្រកាសប្រាប់ដល់ប្រជាជនក្រុងបេនហ្គាហ្ស៊ីថា កងទ័ពលើកមកដើម្បីជួួយលោកអ្នក និងដើម្បីបោសសំអាតពួកបនប្រដាប់អាវុធ។ លោកកាដាហ្វីអះអាងថា បំណងរបស់ខ្ញុំគឺរំដោះប្រជាជនចេញពីពួកបនប្រដាប់អាវុធដែលកាន់កាប់ក្រុងបេនហ្គាហ្ស៊ី។ ពួកឧទ្ទាមទាំងនេះអាចប្រើប្រជាជនទីក្រុងនេះធ្វើជាខែលមនុស្ស។
ខណៈដែលបើយោងតាមកូនប្រុសម្នាក់របស់លោកកាដាហ្វី អះអាងថា កងទ័ពលីប៊ីអាចដណ្តើមត្រួតត្រាប្រទេសទាំងមូលវិញក្នុងរយៈពេល៤៨ម៉ោងទៀត ប្រធានាធិបតីបារាំងលោកនីកូឡាស់ សាកូហ្ស៊ី បានអំពាវនាវកាលពីថ្ងៃទី១៦ មីនា ដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.បឱ្យប្រកាន់យកការទទួលខុសត្រូវដោយបង្កើត
ភ្លាមៗនូវតំបន់ហាមហោះពីលើដែនអាកាសរបស់លីប៊ីសំដៅបញ្ចប់របស់សកម្មភាពកាប់សម្លាប់របស់មេដឹកនាំលីប៊ី ៕
ចែករំលែកព័តមាននេះ