រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1211 ត្រូវអ្នកបើកបរឈ្មោះគូ បូរី អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បានបើកឡើងចំណោតស្ពានព្រះមុនីវង្សថ្មី ពីត្រើយខាងលិចទៅត្រើយខាងកើត ហើយជ្រុលចង្កូតក្រឡាប់ផ្ញារពោះច្រងាងៗនៅគល់ស្ពានត្រើយខាងលិច ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១០ មីនា ២០១១។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ពុំបណ្តាលឱ្យមនុស្សស្លាប់ ឬរងរបួសឡើយ សូម្បីតែអ្នកបើកបររថយន្តក៏ពុំរងរបួសអ្វីដែរ ។ អ្នកឃើញហេតុការណ៍ខាងលើបានលាន់មាត់គ្រប់ៗគ្នាថា សំណាងហើយដែលរថយន្តក្រឡាប់នោះពុំមានមនុស្សណាម្នាក់ធ្វើដំណើរដល់ចំណុចដែលរថយន្តក្រឡាប់ បើពុំដូច្នេះទេប្រាកដជាចៀសមិនផុតពីគ្រោះថ្នាក់ដល់មនុស្សម្នាជាពុំខានឡើយ ។
តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ រថយន្តខាងលើបានដឹកក្រដាសចេញពីឃ្លាំងឆ្ពោះទៅក្រុមហ៊ុនអាស៊ី ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ដើម្បីបោះឱ្យម៉ូយ ប៉ុន្តែរថយន្តត្រូវបើកបរឆ្លងកាត់ស្ពានព្រះមុនីវង្សថ្មី តាមទិសដៅនៃស្លាកសញ្ញាចរាចរណ៍ រត់តាមផ្លូវជាតិលេខ២ ក្នុងលឿនលឿន ហើយឡើងស្ពានទាំងល្បឿនលឿនផងនោះ ក៏បណ្តាលឱ្យក្រឡាប់ផ្អៀងពោះ ទាំងកម្រោលតែម្តង ។ បន្ទាប់ពីប្រះខ្លួនដេកលើទ្រូងផ្លូវ ហើយសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅពិនិត្យកន្លែងកើតហេតុ ហើយតម្រូវឱ្យម្ចាស់រថយន្តយករថយន្តផ្សេងមកផ្ទេរក្រដាសទៅលក់បន្ត ចំណែកឯរថយន្តខាងលើត្រូវសមត្ថកិច្ចដកហូតយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ