ខេត្តកំពង់ចាម ៖ តារាចម្រៀងលោកខេមរៈ សិរីមន្ត កាលពីថ្ងៃទី២៧ ខែមីនា ត្រូវបានសម្តេចអគ្គមហាពញាចក្រីហេង សំរិន បំពាក់មេដាយស្ថាបនាជាតិ ព្រោះលោកមានស្នាដៃក្នុងការចូលរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្តជោតតនារាមស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកខេមរៈ សិរីមន្ត និយាយថា ការបំពាក់មេដាយស្ថាបនាជាតិដល់រូបលោក គឺធ្វើឡើងក្នុងពិធីបុណ្យឆ្លងអគារសាលាឆាន់ និងសមិទ្ធផលមួយចំនួនទៀតក្នុងវត្តជោតតនារាម។ កន្លងមករូបលោក និងក្រុមគ្រួសារបានចូលបច្ច័យយ៉ាងច្រើន និងជាបន្តបន្ទាប់ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត សំខាន់សាលាឆាន់ដែលត្រូវដាក់សម្ពោធនាឱកាសនោះ។ មូលហេតុដែលលោកចូលបច្ច័យកសាងសមិទ្ធផលក្នុងវត្តនោះ ព្រោះលោក និងក្រុមគ្រួសារសុទ្ធសឹងជាអ្នកដែលមានជំនឿលើព្រះពុទ្ធសាសនា ម្យ៉ាងទៀតទីនោះជាកន្លែងកំណើតរបស់លោក។
លោកខេមរៈ សិរីមន្ត ជាតារាចម្រៀងមានប្រជាប្រិយភាពមួយរូប ពិសេសផ្នែកយុវវ័យ។ លោកកំពុងតែរស់នៅដោយមានសេចក្តីសុខ និងកាក់កបក្នុងផលិតកម្មសាន់ដេ បន្ទាប់ពីចាកចេញពីផលិតកម្មយូធូកាលពីប៉ុន្មានឆ្នាំមុន។ បទចម្រៀងរបស់លោកច្រើនតែទទួលបានការគាំទ្រពីស្រទាប់យុវវ័យ។ ថ្វីដ្បិតតែលោកសិរីមន្តនៅកំលោះ តែហាក់មិនមានការធ្លាយចេញបញ្ហាបេះដូង ឬពាក់ព័ន្ធរឿងអាស្រូវស្នេហាឡើយ។ ជាមួយកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈ ពេលនេះលោកខេមរៈ សិរីមន្ត ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ដោយសារទទួលបានមេដាយស្ថាបនាជាតិដែលបំពាក់ជាកិត្តិយសដោយសម្តេចអគ្គមហាពញាចក្រីហេង សំរិន។ កិត្តិយសដែលទទួលបាននេះ ព្រោះតែលោកជាសប្បុរសជនមួយរូបរួមកសាងសមិទ្ធផលក្នុងវត្ត ៕


ចែករំលែកព័តមាននេះ