ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បៀត​បៀន​ និង​អំពើ​ហិង្សា​លើ​ស្ត្រី​ផ្សព្វ​ផ្សាយ​ស្រាបៀ​រមាន​កម្រិត​ខ្ពស់

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​សណ្ឋា​គារ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ មីនា ក្រសួង​កិច្ច​ការ​នារី បាន​រៀបចំ​ពិធី​សម្ពោធ​បើក​យុទ្ធនា​ការ​កន្លែង​ធ្វើ​ការ​គ្មាន​អំពើ​ហិង្សា​ ក្រោម​អធិ​បតី​ភាព​លោក​ជំទាវ ហោ ម៉ាលីន អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​។
​នៅ​ក្នុង​ពិធី​នោះ លោក​ជំទាវ​ ហោ ម៉ាលីន ​ថ្លែង​ថា ក្រោម​ការ​ឧបត្ថម្ភ​មូល​និធិ​​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ UN Trust Fund អង្គ​ការ​ឃែរ​នៅ​កម្ពុជា ​ក្រសួង​កិច្ច​ការ​នារី បាន​និង​កំពុង​សហ​ការ​អនុ​វត្ត​គម្រោង​លើក​កម្ពស់​​សុវត្ថិ​​ភាព​និយោ​ជិត​ស្ត្រី​នៅ​ក្នុង​ឧស្សាហ​កម្ម​ស្រាបៀរ។ គម្រោង​មាន​ទិស​ដៅ​បង្កើត​ជា​បរិយា​កាស​គាំទ្រ​មួយ​ដែល​ស្ត្រី​ផ្សព្វ​ផ្សាយ​ស្រាបៀរ ប្រកប​ការ​ងារ​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ និង​សុវត្ថិ​ភាព។ យុទ្ធនា​ការ​កន្លែង​ធ្វើ​ការ​គ្មាន​អំពើ​ហិង្សា គឺ​ជា​សកម្ម​ភាព​ចម្បង​មួយ​នៅ​ក្នុង​ចំណោម​សកម្ម​ភាព​សំខាន់​ៗ​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្រោម​កិច្ច​សហ​ការ​រវាង​អង្គ​ការ​ឃែរ​កម្ពុជា និង​ក្រសួង​កិច្ច​ការ​នារី ដែល​​ក្នុង​នោះ​រួម​មាន​ការ​បញ្ជ្រាប​យេន​ឌ័រ ការ​កៀង​គរ​ធន​ធាន និង​ស្វែង​រក​ការ​គាំទ្រ​មតិ​នៅ​​កម្រិត​ថ្នាក់​ជាតិ។

ការ​បៀត​បៀន និង​អំពើ​ហិង្សា​នៅ​នឹង​កន្លែង​ធ្វើ​ការ (ហាង​ដែល​ស្ត្រី​កំពុង​ផ្សព្វ​ផ្សាយស្រា​បៀរ) មាន​កម្រិត​ខ្ពស់ ដូច​ជា​​ការ​បៀត​បៀន​ដោយ​ពាក្យ​សម្តី និង​កាយ​វិការ​​ម៉ាក់​ងាយ​៨៣%។ ការ​ទទួល​រង​នូវ​ការ​លូក​លាន់ និង​បំពាន​លើ​រាង​កាយ​៨០% និង​សម្លុត​គម្រាម​កំហែង​ដោយ​ពាក្យ​សម្តី រាង​កាយ និង​ភ្ជង់​កាំភ្លើង​៦០% ​នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​អង្គ​ការ​ឃែរ​ឆ្នាំ​២០០៥។ ជា​មួយ​នេះ គឺ​ត្រូវ​តែ​ទទួល​ស្គាល់​នូវ​ការ​ចូល​រួម​របស់​ក្រុម​ប្រជា​ជន​បុរស ជា​ពិសេស​អតិថិ​ជន​នៅ​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី និង​ទទួល​ស្គាល់​នូវ​ការ​ចូល​រួម​របស់​ម្ចាស់​គ្រឹះ​ស្ថាន​កំសាន្ត​នៅ​ក្នុង​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី។ យុទ្ធនា​ការ​បាន​អនុ​វត្ត​សាក​ល្បង​នៅ​ក្នុង​ហាង​ចំនួន​៦ នៅ​តំបន់​ប្រជុំ​​ក្នុង​រាជ​ធានី​ភ្នំពេញ និង​តំបន់​ព្រែក​លាប​នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង​២០០៩ ហើយ​យុទ្ធនា​​ការ​នេះ​នឹង​ពង្រីក​ដល់​៤០​ហាង​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០១១។

លោក​ជំទាវ​បញ្ជាក់​ថា យុទ្ធនា​ការ​កន្លែង​ធ្វើ​ការ​គ្មាន​អំពើ​ហិង្សា ត្រូវ​បាន​រៀបចំ​ឡើង​ភ្ជាប់​ជា​មួយ​នឹង​មេរៀន និង​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​ការ​អនុ​វត្ត​របស់​គម្រោង​កន្លង និង​លទ្ធ​ផល​ការ​ស្រាវ​ជ្រាវ​របស់​អង្គ​ការ​ឃែរ​នៅ​ឆ្នាំ​២០០៥ ស្តីពី​​ស្ថាន​ភាព​​របស់​ស្ត្រី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​នៅ​កម្ពុជា។ យុទ្ធនា​ការ​នេះ​មាន​គោល​បំណង​ធ្វើ​ឱ្យ​កន្លែង​ធ្វើ​ការ​កាន់​តែ​មាន​សុវត្ថិ​ភាព តាម​រយៈ​ការ​លើក​កម្ពស់​ការ​យល់​ដឹង និង​ផ្លាស់​ប្តូរ​ឥរិយា​បថ​អតិថិ​ជន​ទាំង​បុរស និង​ស្ត្រី ចំពោះ​មុខ​របរ​ផ្សព្វ​ផ្សាយ​ស្រា​បៀរ ដែល​ស្វែង​រក​ការ​កំសាន្ត​នៅ​តាម​គ្រឹះ​ស្ថាន​កំសាន្ត​ទាំង​ឡាយ និង​ភ្ជាប់​ក្រុម​អតិថិ​ជន​បុរស​​នៅ​ក្នុង​ការ​កាត់​បន្ថយ​រាល់​ទម្រង់​នៃ​ការ​បៀត​បៀន​ផ្លូវ​ភេទ និង​អំពើ​ហិង្សា៕