បាតុករស៊ីអ៊ីត៣នាក់បានត្រូវរបួសកាលពីថ្ងៃទី១០ មីនា នៅភាគខាងកើតអារ៉ាប៊ី សាអូឌីត ដោយសារការបាញ់ប្រហាររបស់ប៉ូលិសដែលប៉ុនប៉ងបំបែកការប្រមូលផ្តុំគ្នាធ្វើបាតុកម្មមួយ។
អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានរំលឹកជាច្រើនលើករយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះថា បាតុកម្មទាំងឡាយត្រូវហាមឃាត់ក្នុងប្រទេសនេះ និងថា ប៉ូលិសត្រូវបានអនុញ្ញាតឱ្យធ្វើអន្តរាគមន៍ដើម្បីឱ្យមានការគោរពច្បាប់។ ឧប្បត្តិហេតុទាំងនោះកើតមានមុនការអំពាវនាវមួយឱ្យធ្វើបាតុកម្មផ្សាយតាម FACEBOOK ។
ការបាញ់ប្រហារកើតមាន ខណៈដែលមនុស្សរវាងពី៦០០ទៅ៨០០នាក់ ក្នុងនោះមាននារីជាច្រើនផងបាននាំគ្នាធ្វើបាតុកម្មនៅក្រុង AL-QATIF ដើម្បីទាមទារឱ្យដោះលែងអ្នកជាប់ឃុំឃាំងស៊ីអ៊ីត៩នាក់។ ពេលក្បួនបាតុកម្មលើកទៅដល់កណ្តាលទីក្រុងហៀបនឹងបញ្ចប់ទៅហើយ កងទាហានចាប់ផ្តើមបាញ់ទៅលើពួកបាតុករបណ្តាលឱ្យពួកគេ៣នាក់ត្រូវរបួស។ ការបាញ់ប្រហារមានរយៈពេលប្រមាណជា១០នាទី។
ពួកអ្នកទោសដែលពួកបាតុករទាមទារឱ្យដោះលែងកាលពីថ្ងៃទី១០ មីនា គឺមនុស្ស៩នាក់ដែលចាប់ខ្លួនកាលពីឆាំ្ន១៩៩៦ក្រោយការវាយប្រហារភេរវកម្មប្រឆាំងអាមេរិកនៅទីក្រុង KHOBAR ភាគខាងកើតប្រទេស ៕
ចែករំលែកព័តមាននេះ