បាតុកម្មនៅបន្តទៀតកាលពីថ្ងៃទី២៨ កុម្ភៈ ៣ថ្ងៃជាប់ៗគ្នាក្នុងព្រះរាជាណាចក្រអូម៉ង់ដោយពួកបាតុករបានផុតផ្សារទំនើបមួយ និងរថយន្តនានា ហើយប្រមូលផ្តុំគ្នានៅកន្លែង២ក្នុងទីក្រុងកំពង់ផែ SOHAR ស្ថិតនៅចំងាយប្រមាណជា២០០គ.ម ភាគពាយ័ព្យរាជធានីម៉ាស្កាត ។ យោងតាមសាក្សីទាំងឡាយថា ផ្សារទំនើបមួយត្រូវបានផុត ហើយបាតុករជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នានៅត្រង់រង្វង់មូលសំខាន់មួយនៃទីក្រុង SOHAR នោះដើម្បីទាមទារឱ្យដម្លើងប្រាក់បៀវត្ស រកការងារឱ្យពួកយុវជនធ្វើ ហើយដកហូតតំណែងរដ្ឋមន្ត្រីមួយចំនួនរបស់រដ្ឋាភិបាល។ នៅកន្លែងមួយចំងាយ១០គ.ម ពីទីក្រុង SOHAR បាតុករប្រមាណជា៥០០នាក់បានរារាំងរថយន្តកាំមីញ៉ុងទាំងឡាយមិនឱ្យចូលក្នុងតំបន់កំពង់ផែទីក្រុងនោះដែលជាកំពង់ធំទី២របស់អូម៉ង់ ។ កងកម្លាំងសន្តិសុខបានរាំងខ្ទប់ផ្លូវចូលសំខាន់ៗនៃទីក្រុងនោះ ដើម្បីប៉ុនប៉ងឱ្យពួកបាតុករស្ថិតនៅឯកោ ។
ជារដ្ឋមួយនៅជាប់ឈូងសមុទ្រអារ៉ាប់-ព្យែរ៍ ប្រទេសអូម៉ង់ ជាប្រទេសចុងក្រោយគេទទួលការបោកបក់នៃខ្យល់តវ៉ាដែលបោកបក់លើពិភពអារ៉ាប់ ។ និយាយពីបញ្ហាយុទ្ធសាស្ត្រប្រទេសអូម៉ង់រួមជាមួយអីុរ៉ង់ជាអ្នកត្រួតត្រាច្រកសមុទ្រ ORMUZ ជាច្រកចូលឈូងសមុទ្រ ហើយអូម៉ង់ ក៏ដើរតួនាទីសំខាន់មួយដែរ ជាអាជ្ញាកណ្តាលរវាងអ៊ីរ៉ង់ និងលោកខាងលិច ៕
ចែករំលែកព័តមាននេះ