រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានថ្លែងថា សេវាផ្តល់ព័ត៌មានប្រកបដោយគុណភាពខ្ពស់ និងត្រឹមត្រូវ ហើយទទួលមកវិញនូវមតិយោបល់ជាក់ស្តែងរបស់ប្រជាពលរដ្ឋគឺជាប្រការចាំបាច់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស។ ការថ្លែងដូច្នេះក្នុងពិធីជួបជុំអ្នកសារព័ត៌មាន និងអ្នកនាំពាក្យតាមស្ថាប័ន ក្រសួង រដ្ឋាភិបាលដើម្បីពង្រឹងទំនាក់ទំនងការងារជាមួយវិទ្យុជាតិកម្ពុជាដែលរៀបចំឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។
លោកថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ថា បច្ចុប្បន្ននេះដោយទទួលបានកិច្ចសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ និងការកែទម្រង់កម្មវិធីផ្សាយវិទ្យុជាតិកម្ពុជាបាននិងកំពុងក្លាយជាវេទិកាសម្តែងមតិយ៉ាងទូលំទូលាយរបស់ប្រជាពលរដ្ឋដែលជាសិទ្ធិមូលដ្ឋានសម្រាប់ទាំងការបញ្ចេញមតិ និងការទទួលបានព័ត៌មានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវព័ត៌មានប្រកបដោយគុណភាពខ្ពស់ និងត្រឹមត្រូវដែលគ្រប់គ្រងដោយរាជរដ្ឋាភិបាល និងអាជ្ញាធរសាធារណៈផ្សេងទៀត។
លោកបន្តថា កម្ពស់ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋក៏ជាការចូលរួមចំណែកសម្រេចគោលដៅអភិបាលកិច្ចល្អក្រោមយុទ្ធសាស្ត្រចតុកោណស្របជាមួយច្បាប់ប្រឆាំងអំពើពុករលួយដែលទើបចូលជាធរមានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងដំណើរការនយោបាយ និងធ្វើសេចក្តីសម្រេចចិត្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋជម្រុញឱ្យមានការគោរពសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជា។ ដូច្នេះបង្ហាញឱ្យឃើញថា ការផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ត្រឹមត្រូវ ហើយនិងការទទួលបានមកវិញនូវយោបល់ជាក់ស្តែងពីប្រជាពលរដ្ឋក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺជាប្រការសំខាន់ចូលរួមក្នុងការអភិវឌ្ឍប្រទេស។
លោកតន់ យ៉ាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកវិទ្យុជាតិកម្ពុជា និងជានាយកគម្រោងអភិបាលកិច្ចល្អមូលដ្ឋានបានលើកឡើងថា ដោយមានការចូលរួមពីស្ថាប័នសំខាន់ៗដូចជាគណបក្សនយោបាយប្រជាពលរដ្ឋ សង្គមស៊ីវិល និងស្ថាប័នមិនមែនរដ្ឋ វិទ្យុជាតិមានកម្មវិធីសន្ទនាមតិជាមួយប្រជាពលរដ្ឋ៥ដងក្នុងមួយសប្តាហ៍ពីម៉ោង១១ដល់១២ថ្ងៃត្រង់។ អ្វីដែលវិទ្យុជាតិបានរៀបចំ គឺកែលំអការផ្សាយកម្មវិធីព័ត៌មានដើម្បីធានាឱ្យបានព័ត៌មានពិតត្រឹមត្រូវ ទាន់ពេលវេលា និងឯករាជ្យសម្រាប់អ្នកស្តាប់។ រៀបចំខ្លឹមសារជួយឱ្យប្រជាពលរដ្ឋជាអ្នកស្តាប់ចេះសិក្សាស្រាវជ្រាវសីុជម្រៅ ចេះវិភាគ និងចេះលើកហេតុផលត្រឹមត្រូវដែលនឹងធ្វើឱ្យគាត់អាចធ្វើការសម្រេចចិត្តបានយ៉ាងច្បាស់លាស់។ បង្កើតឱ្យមានការគោរពប្រតិបត្តិតាមគោលនយោបាយ និងក្រមសីលធម៌ក្នុងការរៀបចំកម្មវិធីទាំងឡាយដើម្បីធានាថា ព័ត៌មានទាំងអស់ពិតជាត្រឹមត្រូវមិនលំអៀង និងអាចមានផលប្រយោជន៍ក្នុងកំរិតណាមួយនោះដល់អ្នកស្តាប់វិទ្យុជាតិ។ បង្កើតទំនាក់ទំនង និងដៃគូជាមួយសង្គមស៊ីវិល ស្ថាប័នរដ្ឋផ្សេងទៀត និងក្រុមហ៊ុននានាដើម្បីផ្សព្វផ្សាយសម្លេងរបស់ប្រជាពលរដ្ឋ។ រាល់កម្មវិធីទាំងអស់នេះ គឺខ្លឹមសារផ្តោតជាសំខាន់ទៅលើដំណើរការកែទម្រង់វិស័យ៤ជាអាទិភាព គឺវិមជ្ឈការ និងសហមជ្ឈការ ការគ្រប់គ្រងធនធានធម្មជាតិ ការពង្រីកវិស័យឯកជន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្រៅពីនោះក៏នឹងមានការយកចិត្តទុកដាក់ដល់សេចក្តីត្រូវការរបស់ក្រុមជនជាតិភាគតិចស្ត្រី និងយុវជនផងដែរ ៕


ចែករំលែកព័តមាននេះ