ទីភ្នាក់ងារព័ត៌មានរដ្ឋភូមារាយការណ៍ថា ការរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅតំបន់មួយរបស់ភូមាមានព្រំដែនជាប់ជាមួយប្រទេសថៃ ប្រទេសឡាវ ព្រមទាំងប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២៤ មីនា កន្លងមក បណ្តាលឱ្យស្លាប់មនុស្ស៦៣នាក់ នៅភូមា និងម្នាក់ទៀតនៅប្រទេសថៃ ។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះគឺនៅតំបន់មួយក្នុងរដ្ឋ Shan ភាគខាងកើតប្រទេសភូមា ហើយកម្លាំងនៃការរញ្ជួយដីញ័ររង្គើដល់ទីក្រុងបាងកក រាជធានីថៃ និងទីក្រុងហាណូយ រដ្ឋធានីវៀតណាមផងដែរ ដែលមានចម្ងាយជាច្រើនរយគីឡូម៉ែត្រ ពីចំណុចកណ្តាលនៃការរញ្ជួយដីនេះ ។
វិទ្យុរដ្ឋភូមាបានរាយការណ៍ឱ្យដឹងថា ការរញ្ជួយដីនេះអ្នកស្លាប់នៅក្នុងប្រទេសភូមាគឺ៦៣នាក់ និង១០៦នាក់ទៀតរងរបួស ។
វិទ្យុនេះរាយការណ៍ឱ្យដឹងទៀតថា អគារជាង៣០០ ក្នុងនោះវត្តចំនួន១៤ និងអគារការិយាល័យរដ្ឋាភិបាលចំនួន៩ រងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ។ ភាគច្រើននៃអ្នកស្លាប់ ដោយសារការរញ្ជួយដីនេះគឺនៅតំបន់ប្រជុំជនតូចមួយមានចម្ងាយប្រហែល៤៨គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃការរញ្ជួយដី ។
ដោយឡែកមន្ត្រីមូលដ្ឋាននៅខេត្តឈៀងរ៉ៃ របស់ថៃ និយាយថា ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារជញ្ជាំងផ្ទះថ្មរបស់គាត់ដួលរលំលើ ខណៈពេលគាត់កំពុងតែដេក ។ ជញ្ជាំងផ្ទះរបស់គាត់បាក់ដោយសារឥទ្ធិពលនៃការរញ្ជួយដីនៅប្រទេសភូមា ។ ព្រលានយន្តហោះនៅក្នុងខេត្តឈៀងរ៉ៃ ដែលមានចម្ងាយ៨៩គីឡូម៉ែត្រ ភាគពាយ័ព្យចំណុចកណ្តាលនៃការរញ្ជួយដីនេះក៏រងការខូចខាតផងដែរ ។
ចំណែកនៅក្នុងទីក្រុងហាណូយឯណោះវិញ អ្នកដែលរស់នៅលើខុនដូខ្ពស់ៗបានរត់ចុះក្រោមយ៉ាងប្រញាប់ប្រញាល់ ក្រោយពីមានអារម្មណ៍ថា ហាក់ដូចជាមានការរញ្ជួយដី ។ តាមប្រភពព័ត៌មានថា ការរញ្ជួយដីនៅភូមាក៏ញ័ររង្គើដល់ប្រទេសចិនផង ៕
ចែករំលែកព័តមាននេះ