ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​រដ្ឋ​មន្ត្រី​​ថៃ​អនុម័ត​ថវិកា​ជាង២ពាន់​លាន​បាតបង្កើត​​កង​ពល​ថ្មី​២ មានថ្មើរជើងនិងទ័ពសេះបណ្តោយព្រំដែនកម្ពុជានិងឡាវ

15 ឆ្នាំ មុន

កាសែត​ឌឹណេស្សិន​​របស់ថៃ ​ផ្សាយ​​ជាភាសា​​អង់គ្លេស​នៅថ្ងៃទី​​២ មីនា ​​​ឱ្យ​​ដឹង​ថា ​គណៈ​រដ្ឋ​មន្ត្រី​​​ថៃ កាលពីថ្ងៃទី​១ មីនា កន្លងមក​ បាន​សម្រេច​​អនុម័ត​​លើទឹកប្រាក់​ជាង​២ពាន់​លាន​បាត ​ដែលប្រាក់​​ក្នុង​ចំនួន​​ដ៏ច្រើន​​​នេះ​ត្រូវ​​បាន​ប្រភព​មួយ​ឱ្យ​ដឹង​ថា ជាប្រាក់​​សម្ងាត់​​ ដើម្បី​​បង្កើត​​កង​ពល​​ថ្មី​​ចំនួន​​២គឺ​កងពល​​ទ័ព​ថ្មើរជើង និង​​កងពល​​ទ័ព​​សេះ ដើម្បី​​ការពារ​នៅតំបន់​​ខាង​ជើង ​និង​តំបន់ភាគ​​ឦសាន​​ប្រទេស ។​

​ប្រភពព័ត៌​មាន​​ពីកាសែត​ឌឹណេស្សិន​ឱ្យ​ដឹង​ទៀត​ថា ​កងពល​ទ័ពសេះ​​​រថក្រោះ​​នឹង​ត្រូវ​​ដាក់​ឱ្យ​​ឈរជើង​​នៅខេត្ត​​ខន​កេនភាគឦ​សាន​​ថៃ។ ការបង្កើត​​កង​ពល​​ទ័ព​​សេះ​នេះ​ជម្រុញ​​ដោយ​​លោក​ឧត្តមសេនីយ៍​ Prem Tinsulanonda ប្រធានក្រុមប្រឹក្សា​​ព្រះមហាក្សត្រ ដែល​​ធ្លាប់ជា​កង​ទ័ពសេះ​មួយរូប​ផង​​ដែរ។ ​ប្រភពព័ត៌​មាន​​ដដែល​​ឱ្យ​ដឹងទៀត​ថា ​កងពលទ័ពសេះ​មាន​​រថ​ក្រោះ​​នេះនឹង​ជា​​អង្គភាពមួយ​សម្រាប់​​យោធ​ភូមិ​​ភាគទី​២​របស់ថៃ ដែល​ឈរជើង​​នៅ​តាម​បណ្តោយ​​​ព្រំដែន​ភាគ​ឦសាន​​ជាមួយ​ប្រទេស​កម្ពុជា​​​ និងប្រទេស​ឡាវ។​

កាសែត​ឌឹណេស្សិនបានដកស្រង់​​សម្តីលោក Prawit Wongsuwan រដ្ឋ​មន្ត្រី​​ការពារប្រទេស​ថៃ ​ដែលថ្លែង​ប្រាប់​​គណៈរដ្ឋ​មន្ត្រី​​ កាលពីថ្ងៃទី​​១ មីនា ថា ​យោធាត្រូវ​​ការ​ថវិកា​​៣០០​លាន​បាត ​សម្រាប់កង​ទ័ព​សេះ ហើយ​​នឹង​ស្នើ​​ដល់រដ្ឋាភិ​បាល​​ឱ្យបម្រុង​​ប្រាក់​​យ៉ាង​ហោច​ណាស់​​​៧០​ពាន់​​លានបាត ​ដើម្បី​បំពាក់​សព្វា​វុធ​​ដល់​អង្គការ​​ថ្មី​​សម្រាប់រយៈ​ពេល​ជាង​​១០​ឆ្នាំ ។​

ផែនការ​​បង្កើត​​កង​ពល​ទ័ព​សេះ​ថ្មីនេះរបស់​ថៃ ​ផ្តួចផ្តើម​​ឡើងដោយអតីត​បញ្ជា​ការ​កងទ័ព​ជើង​​គោក ឧត្តមសេនីយ៍​អនុពង្ស ផាវ​ចិន្តា ​មុន​ពេល​​​មានជម្លោះ​ព្រំដែនរវាង​ប្រទេស​​កម្ពុជា និង​ប្រទេសថៃ។​ គណៈរដ្ឋ​មន្ត្រី​​ថៃ​ក៏​បានអនុម័ត​​ទឹកប្រាក់​​២​ពាន់លាន​​បាត​ ​សម្រាប់កង​​ទ័ពថ្មើរជើង​​ទី​៧ ដើម្បីត្រួត​ពិនិត្យ​​បញ្ហា​សន្តិ​សុខ​នៅ​តំបន់​​ភាគ​ខាងជើង​​ប្រទេស​តាមបណ្តោយ​ព្រំដែន​​ជាមួយ​ប្រទេស​​​ភូមា។​ លោក Prawit Wongsuwang ថ្លែង​​ប្រាប់​​​អ្នកកាសែត​​ថា អង្គភាព​​កងទ័ព​ជើង​គោកថ្មី​​គឺត្រូវ​ការចាំបាច់​​សម្រាប់​​តំបន់​​ភាគខាង​​​ជើង​ប្រទេស ដែលមាន​​អង្គភាពកងទ័ពជើងគោក​តែមួយ​ប៉ុណ្ណោះ៕​