ក្រុងប៉ោយប៉ែត ៖ បុរសខ្ទើយ២នាក់ត្រូវសមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួនពីបទឆបោកម៉ូតូ និងប្រាក់ជាង២ពាន់ដុល្លារសហរដ្ឋអាមេរិក។ សមត្ថកិច្ចឱ្យដឹងថា បុរសខ្ទើយ២នាក់នេះឃាត់ខ្លួនកាលពីថ្ងៃទី១៣ មីនា ដោយយោងទៅតាមពាក្យបណ្តឹងពីស្ត្រីឈ្មោះលាន វិមាន អាយុ៤០ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ គាត់ត្រូវបុរស២នាក់នោះ ម្នាក់រស់នៅខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតរស់នៅក្រុងប៉ោយប៉ែត ខ្ចីលុយចំនួន២ពាន់ដុល្លារ ដោយឱ្យការប្រាក់ ហើយបន្ទាប់មកទៀតពួកគេខ្ចីម៉ូតូម៉ាកវីវ៉ា របស់គាត់មួយគ្រឿងទៀតយកទៅបញ្ចាំក្នុងតម្លៃ៦០០ដុល្លារ។ បន្ទាប់មកពួកគេគេចមិនព្រមទៅជួបរូបគាត់ទេ។
ស្ត្រីដដែលឱ្យដឹងថា គាត់ស៊ើបដឹងថា បុរសខ្ទើយទាំង២នាក់នេះមានបំណងឆបោករូបគាត់ ទើបគាត់ប្តឹងប៉ូលិសក្រុងប៉ោយប៉ែតឱ្យជួយរកយុត្តិធម៌។ សមត្ថកិច្ចឱ្យដឹងថា បុរសខ្ទើយជាប់ចោទត្រូវឃាត់ខ្លួនបាននៅប្លុកកាស៊ីណូក្រុងប៉ោយប៉ែត ម្នាក់ឈ្មោះនួន សត្យា អាយុ២៩ឆ្នាំ រស់នៅភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី និងម្នាក់ទៀតឈ្មោះពេជ្រ រ៉ាស៊ី អាយុ២៧ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត មុខរបរមិនពិតប្រាកដ។ ពួកគេទាំង២នាក់សារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។ លោកអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតឱ្យដឹងថា ជំនាញរបស់លោកបានកសាងសំណុំរឿងបញ្ជូនជនជាប់ចោទទៅស្នងការដ្ឋានខេត្តហើយដើម្បីចាត់ការ៕
ចែករំលែកព័តមាននេះ