ខេត្តកណ្តាល ៖ ដំណាំពោតក្រហមកំពុងពេញនិយមសម្រាប់ប្រជាកសិករដែលរស់នៅតាមដងទន្លេមេគង្គក្នុងភូមិសាស្ដ្រស្រុកលើកដែក ខេត្ដកណ្ដាល និងបានក្លាយទៅជាដំណាំលេខ១ ខណៈដែលស្រូវបានក្លាយជាដំណាំលេខ២ ។ ប៉ុន្ដែស្របពេលជាមួយគា្ននេះ គ្រាប់ពូជពោតក្រហមក៏កំពុងតែចោទជាបញ្ហាផងដែរ ដោយសារតែនៅក្នុងស្រុកពុំទាន់មានគ្រាប់ពូជសម្រាប់ប្រជាកសិករទិញយកមកដាំឱ្យបានគ្រប់គ្រាន់ ។
ប្រជាកសិករនៅស្រុកលើកដែកបាននិយាយថា ពោតគឺជាដំណាំដែលប្រើប្រាស់ពេលវេលា ប្រហាក់ប្រហែលទៅនឹងដំណាំស្រូវដែរ ប៉ុន្ដែវាងាយស្រួលក្នុងការដាំនិងថែរក្សាជាងដំណាំស្រូវ និងអាចធ្វើបានដល់ទៅ២ដងក្នុង១ឆាំ្ន ហើយរឿងដែលសំខាន់បំផុតនោះ គឺតម្លៃនៅលើទីផ្សារនាពេលបច្ចុប្បន្នខ្ពស់ជាងតម្លៃស្រូវ។ ស្រូវក្នុង១គីឡូក្រាមតម្លៃតែ៨០០ទៅ៩០០រៀលប៉ុណ្ណោះ រីឯពោតក្រហមវិញលក់បានដល់ទៅ១.០៧០រៀលក្នុង១គីឡូក្រាម និងមានឈ្មួញមកប្រមូលទិញដល់មុខផ្ទះតែម្ដង ដោយមិនចាំបាច់ចំណាយពេលវេលា និងលុយកាក់ក្នុងការដឹកជញ្ជូនទៅរកកន្លែងលក់នោះទេ ហេតុនេះហើយទើបពួកគាត់នាំគា្នដាំពោតក្រហមនេះគ្រប់ៗគ្រួសារ ។
លោកអ៊ុំ ឈួនម៉ៃ ជាកសិករមា្នក់ក្នុងចំណោមកសិករក្នុងភូមិដែលប្រកបរបរដាំពោតក្រហមនេះបាននិយាយថា ការដាំពោតក្រហម នេះសព្វថ្ងៃគាត់ទិញគ្រាប់ពូជពីប្រទេសវៀតណាម ដែលក្នុង១គីឡូក្រាមតម្លៃជាង១ម៉ឺនរៀលទៅ២ម៉ឺនរៀល ហើយក្នុង១ហិកតា ត្រូវចំណាយគ្រាប់ពូជជាមធ្យម២០គីឡូក្រាម លុះពេលប្រមូលផលក្នុង១ហិកតាទទួលបានពោតក្រហមពី៧ទៅ៨តោន និងលក់បានប្រាក់ពី៧លានទៅ៨លានរៀល ។ បើទូទាត់ទៅលើដើមទុនដែលចំណាយទាំងអស់ចេញឃើញថានៅសល់ចំណេញបានប្រហែល៣ទៅ៤លានរៀលដែរ ។
ប៉ុន្ដែទន្ទឹមនឹងមុខរបរដ៏កាក់កបនេះ ក្រុមអ្នកដាំពោតទាំងអស់បានសម្តែងនូវការងឿងឆ្ងល់យ៉ាងខ្លាំងទៅលើគ្រាប់ពូជពោតក្រហមដែលពួកគាត់កំពុងដាំនោះ ព្រោះថាបើពួកគាត់ទិញគ្រាប់ពូជពីវៀតណាមមកដាំនោះ ទិន្នផលនឹងទទួលបានពី៧ទៅ៨តោនក្នុង១ហិកតា ប៉ុន្ដែបើពួកគាត់យកគ្រាប់ពោតដែលដាំបាននោះមកដាំបន្ដទៀត បែរជាទិន្នផលធ្លាក់ចុះយ៉ាងខ្លាំងរហូតនឹកស្មានមិនដល់ គឺបានត្រឹមតែ២ទៅ៣តោនប៉ុណ្ណោះក្នុង១ហិកតាទោះបីជាពួកគាត់ខំប្រឹងដាក់ជីយ៉ាងណាក៏ដោយ ។ ដូច្នេះពួកគាត់ត្រូវបង្ខំចិត្ដទៅទិញគ្រាប់ពូជពីប្រទេសវៀតណាមជារៀងរាល់ឆាំ្ន ទោះបីគ្រាប់ពូជទាំងនោះមានតម្លៃថ្លៃក៏ដោយ ។
ក្រុមប្រជាកសិករទាំងអស់បានសំណូមពរទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្ដាជួយបង្កើតពូជពោតក្រហមក្នុងស្រុកដែលមានគុណភាពខ្ពស់ និងតម្លៃសមស្របសម្រាប់លក់ឱ្យប្រជាកសិករខ្មែរ ជួយលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរផង និងដើម្បីទប់ស្កាត់កុំឱ្យលុយហូរចេញទៅក្រៅប្រទេសច្រើន ៕
ចែករំលែកព័តមាននេះ