រាជធានីភ្នំពេញ ៖ រថយន្តឡង់គ្រីស្ស័រមួយគ្រឿងបើកបរដោយនារីវ័យក្មេងម្នាក់បានជ្រុលល្បឿនបុកចូលហាងលក់-ជួលរ៉ូបអាពាហ៍ពិពាហ៍ និងរ៉ូបរាត្រីសមោសរបណ្តាលឱ្យបែកកញ្ចក់ខ្ចាយបង្កឱ្យមានការភ្ញាក់ផ្អើលព្រលឹងចុងសក់ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ មីនា ២០១១ អគារលេខ៦១C ផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ទល់មុខចម្ងាយប្រមាណ២០០ម៉ែត្រ ពីសណ្ឋាគារអាំងទែកុងទីណង់តាល ម្តុំលក់គ្រឿងក្លែមសាច់ឆ្កែ ។
ហេតុការណ៍នេះមិនបណ្តាលឱ្យមនុស្សណាម្នាក់ស្លាប់ និងរបួសនោះទេ ព្រោះពេលរថយន្តឡង់គ្រីស្ស័រ ពណ៌ស ពាក់ស្លាកលេខ 2H-6993 បុកចូលក្នុងហាងនោះ គឺគ្រាន់តែបែកកញ្ចក់ខ្ចាយប៉ុណ្ណោះ ដោយសារតែមនុស្សអង្គុយនៅខាងក្នុងជ្រៅ រថយន្តបុកចូលមិនដល់ ។ ភ្លាមៗនោះ ប៉ូលិសបានទៅដល់ពិនិត្យមើលហេតុការណ៍ និងសម្របសម្រួលរវាងម្ចាស់ហាង និងម្ចាស់រថយន្តឱ្យមានសំណងសមរម្យ…ចំណែកម្ចាស់រថយន្តបានយល់ព្រមថា សងតាមការជាក់ស្តែង ។ សូមបញ្ជាក់ថា មុនពេលបុកចូលហាងលក់-ជួលរ៉ូបអាពាហ៍ពិពាហ៍ និងរ៉ូបរាត្រីសមោសរនេះគឺរថយន្តបានបុកម៉ូតូតាមផ្លូវ២គ្រឿង បណ្តាលឱ្យខូចខាតយ៉ាងដំណំផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.


ចែករំលែកព័តមាននេះ