ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ឈើ​ក្រាក់​កាប់​ឈើ​អុស​រស់​រាប់​ពាន់​ម៉ែត្រ​គូប​ធ្វើ​អាជីវ​កម្ម

15 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ឈើ​អុស​​រស់​ត្រូវ​បាន​គេ​នាំ​គ្នា​​កាប់​ធ្វើ​អាជីវ​កម្ម​យ៉ាង​អនាធិប​តេយ្យ​ និង​ដឹក​ជញ្ជូន​តាម​រថយន្ត​យ៉ាង​គគ្រឹង​គគ្រេង​ជា​រៀង​រាល់​ថ្ងៃ​​ដូច​រដូវ​ហែ​បុណ្យ​កឋិន ចេញ​ពី​ស្រុក​ឱរ៉ាល់ ​តាម​ផ្លូវ​លេខ​៤២ និង​លេខ​៥២។
​ប្រភព​ពី​ស្ត្រី​ម្នាក់​​បាន​និយាយ​​ថា រថយន្ត​​​កូរ៉េ​របស់​គាត់​​ចំណុះ​១​តោន​កន្លះ​ ​​ផ្ទុក​បាន​ឈើ​អុស​ពី​៦​ទៅ​៧​ម៉ែត្រ​គូប ហើយ​ក្នុង​អុស​​មួយ​ម៉ែត្រ​​គូប ទិញ​គេ​ជាង​២​ម៉ឺន​រៀល លក់​ចេញ​​បាន​​៧​ម៉ឺន​រៀល​​ទៅ​៨​ម៉ឺន​រៀល ។ ​ការ​ដឹក​ជញ្ជូន​អុស​នេះ​​​ចំណាយ​​ទៅ​លើ​​ការ​​បង់​​តាម​ដង​ផ្លូវ​មួយ​កន្លែងៗ​​​មាន​​ពី​១​ម៉ឺន​រៀល​ទៅ​២ម៉ឺន​​​​រៀល ជា​ហូរ​ហែ​តាំង​ពី​​លើក​អុស​​នៅ​ឯ​​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ​ទម្រាំ​ដល់​គោល​ដៅ​​គឺ​​ស្ទើ​​រ​​អស់​ចំណេញ​ទៅ​ហើយ គឺ​កាប់​ឈើ​មែន តែ​ដូច​រក​ស៊ី​ចិញ្ចឹម​តែ​មេ​ព្រៃ ។ ​ចំណែក​បុរស​ម្ចាស់​រថយន្ត​ទួរីស​ម្នាក់​ដែល​​​រកស៊ី​ដឹក​ជញ្ជួន​ឈើ​អុស​រស់ តាម​ផ្លូវ​លេខ​៤២ ចេញ​ពី​​ស្រុក​ឱរ៉ាល់​ ​យក​មក​លក់​នៅ​ទី​រួម​​ខេត្ត​កំពង់​ស្ពឺ ក៏​បាន​និយាយ​​​ដូច​​គ្នា​នេះ​ដែរ ។ គាត់​និយាយ​ថា កាល​ពី​​៣​ទៅ​៤​ឆ្នាំ​មុន ​​កាប់​តែ​ឈើ​អុស​​ងាប់​ហៅ​អុស​ក្រាក់​​ទេ តែ​បច្ចុ​ប្បន្ន​គឺ​ដឹក​តែ​ឈើ​អុស​រស់​ប៉ុណ្ណោះ ព្រោះ​អស់​ឈើ​គ្រាក់​ងាប់​ហើយ​ ។

​ប្រជា​ពល​រដ្ឋ​​នៅ​ភូមិ​អូរ​ផ្តៅ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱរ៉ាល់​ ​បាន​ឱ្យ​ដឹង​ថា ​ពួក​​គាត់​នាំ​គ្នា​កាប់​ឈើ​រស់​ដឹក​ជញ្ជូន​ពី​ព្រៃ​ជិត​ៗ​ភូមិ​តាម​គោ​​​​យន្ត ឬ​រទេះ​គោ​ មក​កាត់​តំរៀប​ដាក់​​​តាម​ផ្លូវ​ថ្នល់​​មុខ​ផ្ទះ​សម្រាប់​​​លក់​​យក​ប្រាក់​ដោះ​ស្រាយ​​ជីវ​ភាព​គ្រួសារ ។ ក្នុង​មួយ​ថ្ងៃ​បើ​​មាន​គ្នា​ពី​២​​ទៅ​៣​នាក់ អាច​កាប់​​​ និង​ដឹក​បាន​ប្រហែល​៣​ម៉ែត្រ​គូប។ ​បើ​គិត​ទៅ​អាច​បាន​ប្រាក់​​ប្រហែល​​៦​ម៉ឺន​រៀល​ដែរ ​តែ​ក៏​មាន​អ្នក​ខ្លះ​ដែល​​​យក​ប្រាក់​គេ​មុន​ គឺ​បាន​តែ​ត្រឹម​១​ម៉ែត្រ​គូប ១៥.០០០​រៀល​​ទៅ​១៧.០០០​​រៀល​ប៉ុណ្ណោះ ។

លោក​វ៉ែន​ លី មេ​ភូមិ​អូរ​ផ្តៅ ​និយាយ​ថា ពល​រដ្ឋ​ក្នុង​ភូមិ​ប្រហែល​​​ជាង​១០០​គ្រួសារ បាន​ចាប់​​យក​របរ​កាប់​​អុស​​ស្ទើរ​តែ​ទាំង​អស់​​ ដោយ​សារ​ឃើញ​គេ​រក​បាន​ក៏​ចេះ​តែ​នាំ​គ្នា​ទៅ​រក​តាម​ដែរ​ទៅ។ ​កាល​ពី​កន្លង​​ទៅ​ថ្មីៗ​នេះ ​មន្ត្រី​​សាលា​ខេត្ត​ បាន​ចុះ​មក​ប្រកាស​ជា​សាធារណៈ​​​ជូន​ដល់​​ប្រជាពល​រដ្ឋ​ឱ្យ​បាន​ដឹង​ថា គោល​ការណ៍​​​​ជា​យុទ្ធ​សាស្ត្រ​របស់​​សាលា​ខេត្ត​​នា​ពេល​ខាង​មុខ​នេះ នឹង​​បង្កើត​​​ដី​តំបន់​​សម្រាប់​រស់​នៅ ​​ដី​តំបន់​​សម្រាប់​វិនិ​យោគ​​ ដី​តំបន់​សម្រាប់​ព្រៃ​ឈើ​​សហ​គមន៍​ ។ 

លោក​ថោង ភាព មន្ត្រី​អង្គ​ការ​ការ​ពារ​​បរិ​ស្ថាន​​និង​ធន​ធាន​ធម្ម​ជាតិ​ ដែល​បំពេញ​​បេសក​កម្ម​​​ក្នុង​ភូមិ​សាស្ត្រ​​ស្រុក​ឱរ៉ាល់​​ឱ្យ​ដឹង​ថា ខាង​​​អង្គ ការ​របស់​លោក​​ក៏​ធ្លាប់​ចុះ​ណែ​នាំ​ប្រជា​ពល​​រដ្ឋ​​អ្នក​ប្រកប​របរ​កាប់​អុស​នេះ​ឱ្យ​ផ្លាស់​ប្តូរ​ទៅ​រក​មុខ​របរ​ផ្សេង​​ដែរ ហើយ​លោក​នឹង​បន្ត​ប្រឹង​ប្រែង​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​​ ព្រ​មទាំង​មន្ត្រី​​ជំនាញ​ ដើម្បី​ចុះ​ទៅ​​អប់រំ​​ដល់​ប្រជា​ពល​រដ្ឋ​​​​ឱ្យ​យល់​​ច្បាស់​ពី​ផល​ប្រយោជន៍​​ព្រៃ​ឈើ​ កុំ​ឱ្យ​កាប់​បំផ្លាញ​ព្រៃ​ឈើ​​យ៉ាង​អនាធិប​តេយ្យ​បន្ត​ទៀត ។ ​​កោះ​ស​ន្តិ​ភាព ​​មិន​អាចសុំ​​ការ​បំភ្លឺ​​ពី​មន្ត្រី​ជំនាញ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ និង​​ផ្នែក​រដ្ឋ​​បាល​​ព្រៃ​ឈើ​ប្រចាំ​ស្រុក​ឱរ៉ាល់​បាន​ទេ ​ជុំ​វិញ​ការ​កាប់​ព្រៃ​ឈើ​​យ៉ាង​អនាធិប​តេយ្យ​នេះ៕