រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌសែនសុខ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ កុម្ភៈ បានឆ្មក់ចូលបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀនមួយកន្លែងស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយចាប់ឃាត់ខ្លួនអ្នកពាក់ព័ន្ធបាន៦នាក់ និងដកហូតសំភារសំរាប់សេពគ្រឿងញៀនផងដែរ។
លោកជាវ វិបុល អធិការរងខណ្ឌសែនសុខទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ដែលជាអ្នកដឹកនាំកម្លាំងប៉ូលិសឆ្មក់ចូលបង្ក្រាបផ្ទាល់បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឃួង ស្រេង អភិបាលខណ្ឌសែនសុខ ទៅលើការបង្ក្រាបបទល្មើសជួញដូរ ការប្រើប្រាស់ និងផលិតគ្រឿងញៀននោះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវជាប់ជានិច្ច ដោយកន្លងមកបានចាប់ឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀន និងជួញដូរគ្រឿងញៀនបានជាបន្តបន្ទាប់។ ជាក់ស្តែងនៅវេលាម៉ោង១១យប់ ថ្ងៃទី២៧ កុម្ភៈ កម្លាំងសមត្ថកិច្ចបានឆ្មក់ចូលចាប់ជនប្រើប្រាស់គ្រឿងញៀនបានចំនួន៦នាក់ ខណៈពួកគេកំពុងសេពគ្រឿងញៀនជុំគ្នានៅផ្ទះខាងលើ។
លោកបន្តថា ជនប្រើប្រាស់គ្រឿងញៀនទាំង៦នាក់នោះមាន ១-ឈ្មោះរស់ ចាន់សុភា អាយុ២៨ឆ្នាំ, ២-ឈ្មោះដា ចាន់ដារ៉ាត់ អាយុ១៨ឆ្នាំ, ៣-ឈ្មោះប៉ុល សំណាង អាយុ២៦ឆ្នាំ, ៤-ឈ្មោះសួរ ប្រុស អាយុ១៩ឆ្នាំ, ៥-ឈ្មោះឱម ប៊ុនថេង អាយុ២៤ឆ្នាំ និង៦-ឈ្មោះសំរិត ចាន់ថា អាយុ២៨ឆ្នាំ ។ ពួកគេទាំង៦នាក់នេះរស់នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕
ចែករំលែកព័តមាននេះ