ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កប់​ថ្នាំញៀន​ក្នុង​នំប៉ាវ​នាំយក​ទៅលក់​​​ឱ្យ​អ្នក​ទោស​​នៅ​ពន្ធនាគារ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជនជួញដូរ​គ្រឿង​ញៀន​​​ពីរ​នាក់​​មាន​​ល្បិច​ខ្ពស់​លាក់​គ្រឿងញៀន​នៅក្នុង​នំប៉ាវ​​យកទៅ​លក់​និង​​ចែក​ចាយ​ឱ្យអ្នក​​ទោស​នៅ​ពន្ធនាគារ​​ព្រៃស​​ ខណៈ​ពួកគេ​​ទៅ​សួរសុខទុក្ខ​ ត្រូវ​បាន​ឆ្មាំគុក​សង្ស័យ​​ធ្វើ​ការ​ត្រួតពិនិត្យ​​ឃើញ ​ក៏​ចាប់​ខ្លួន​រួមជាមួយ​រថយន្ត​ម៉ាកឡិចស៊ីស​​​​ RX300 មួយគ្រឿង​ប្រគល់​ឱ្យ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​ដង្កោ ដើម្បី​​ចាត់​ការ​​តាម​ច្បាប់​តែម្តង ។ 

ហេតុ​ការណ៍​​​នោះ​បាន​កើត​ឡើង​កាលពី​វេលា​​ម៉ោង​​១​និង​​១៥នាទី​​រសៀល​ថ្ងៃទី​២៨ ខែមីនា ​ឆ្នាំ​​២០១១ នៅ​មណ្ឌល​កែប្រែ​​ ម១ ពន្ធនាគារ​ ព្រៃស​ ស្ថិត​ក្នុង​ភូមិ​កំរៀង ​សង្កាត់​ព្រៃវែង​ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ។ ​ជនសង្ស័យ​​​ទាំងពីរ​នាក់​នោះ​ម្នាក់​ឈ្មោះ​ព្រំ វាសនា ​ភេទ​ប្រុស អាយុ​៣៣ឆ្នាំ ជាគ្រូបង្រៀន មានទីលំនៅ​​ផ្ទះលេខ​​៩៩ ផ្លូវ​មុនីរ៉េត​ ភូមិ​ថ្មី សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ​ និងម្នាក់​ទៀត​ឈ្មោះ​ហូ ចន្ធី ភេទ​ប្រុស អាយុ​២៩ឆ្នាំ ជាអ្នក​មើល​​ការ​ខុស​ត្រូវ​​ផ្ទះ​សំណាក់​យីហោ​ សុខ ហេង ស្នាក់​នៅ​ផ្ទះ​លេខ​៤Eo ​ផ្លូវ​លេខ​​១៥៨ ភូមិ​១០ សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ រាជធានីភ្នំពេញ​ ។

ក្រោយ​ពេល​ចាប់​ខ្លួន​ឆ្មាំគុក​ដកហូត​បាន​រថយន្ត​​ម៉ាកឡិចស៊ីស RX300 ពណ៌​ស្ករ​១គ្រឿង​ពាក់​​ស្លាក​លេខ​ភ្នំពេញ​ 2M-5499 ​ថ្នាំ​ញៀន​ប្រភេទ​តំហ្វេតាមីន​ ទម្ងន់​​០,៥៣​ក្រាម​ លុយ​ចំនួន៩៩​​ម៉ឺន​​រៀល និង​១១៨​​ដុល្លារ ព្រម​ទាំង​​ទូរស័ព្ទ​​ដៃ​៤គ្រឿង​ផងដែរ ។

តាម​​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹងថា នៅមុន​ពេល​​មានការ​​ចាប់​ឃាត់់​​ខ្លួន ​​ជន​សង្ស័យ​ទាំងពីរ​នាក់​នោះ​បាន​ជិះ​រថយន្ត​​ឡិច​ស៊ីស​​ RX300 មួយ​គ្រឿង​​​ទៅ​កាន់​​ពន្ធនាគារ​ព្រៃស ​ហើយ​បាន​សុំ​អ្នក​​យាម​នៅទីនោះ​ចូល​សួរសុខទុក្ខ​​អ្នក​ទោស​​​ដែល​ស្គាល់​គ្នា ​ដោយ​មាន​យក​នំប៉ាវ​​ច្រក​ថង់​យួរ​ទៅ​ជាមួយ​ផង ។ ប្រភព​​​ដដែល​​បាន​បន្ត​ទៀតថា ពេល​នោះ​​​អ្នក​​យាម​មាន​​កា​រសង្ស័យ​​ក៏​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​​​​​ដោយ​ចាប់​យក​នំប៉ាវ​​​កាច់​ហែក​មើល​​ស្រាប់​តែ​ប្រទះ​ឃើញ​​​កញ្ចប់​ថ្នាំញៀន​នៅក្នុង​​នោះ​​ទើប​ឃាត់​ខ្លួន​​​ពួកគេ​ប្រគល់​​ឱ្យ​ប៉ូលិស​ព្រហ្មទណ្ឌ​​​​ខណ្ឌ​ដង្កោ​​តែម្តង ។

 ក្រោយ​ពេល​ចាប់​ខ្លួន​​​ប៉ូលិស​បាន​នាំជន​សង្ស័យ​ទាំង​ពីរ​នាក់​​ទៅធ្វើ​ការ​សាកសួរ​និង​កសាង​សំណុំរឿង​​ដើម្បី​បញ្ជូន​​ទៅតុលាការ​​ ។ ជន​២​នាក់​​នេះ​មាន​ល្បិច​​ខ្ពស់​ណាស់​ បង្កប់​ថ្នាំ​ញៀន​នៅក្នុង​នំប៉ាវ​មាន​បំណង​​យកទៅ​លក់​​ចែក​ចាយ​ឱ្យ​អ្នក​ទោស​នៅក្នុង​ពន្ធនាគារ​​នោះ​ប្រើ​ប្រាស់​ ប៉ុន្តែ​ទោះបីជា​បែប​ណា​​មិន​អាច​លាក់​បាំង​​ភ្នែក​អ្ន​កយាម​​​បាន​ឡើយ៕