ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋ​មន្ត្រី​​អេហ្ស៊ីប​លាលែង​ចេញពីតំណែង

15 ឆ្នាំ មុន

នាយករដ្ឋ​មន្ត្រី​អេហ្ស៊ីប​ លោក Ahmed Shafiq បានលាលែង​ចេញពីតំណែង​ដោយ​មិន​បាន​គ្រោងទុកជា​មុន​ កាលពីថ្ងៃទី​​​៣ មីនា កន្លង​មក ​ខណៈ​ពួក​​បាតុករ​ទាមទារ​​ឱ្យ​លោក​ដែលជា​សម្ព័ន្ធ​មិត្ត​​របស់​លោក​ហូស្នី ​មូបារ៉ាក់ ​​អតីត​ប្រធា​នា​ធិបតី​​អេហ្ស៊ីប ​ដែលត្រូវ​​ផ្តួល​រំលំ​​​ចុះ​ចេញពី​​តំណែង ។ មេដឹកនាំ​​យោធា​​អេហ្ស៊ីប​​និយាយ​ថា លោក Ahmed  Shafiq នឹង​ត្រូវ​​ជំនួស​ដោយលោក Essan Sharaf អតីត​រដ្ឋ​មន្ត្រី​​ក្រសួង​​ដឹកជញ្ជូន​ដែលចូលរួម​ធ្វើបាតុ​កម្ម​នៅទីលាន Tahrir ​នៃ​ទីក្រុងគែរ ​បង្ខំ​ឱ្យ​លោកមូបារ៉ាក់ ​ចុះ​ចេញពី​​តំណែង​នៅ​​ថ្ងៃទី​​១១ កុម្ភៈ ។​

លោក Ahmed Shafiq ត្រូវបានតែង​តាំង​​ជា​នាយករដ្ឋមន្ត្រី​​ដោយ​លោក​មូបារ៉ាក់ ​ក្នុង​អំឡុង​​​ពេល​លោក​មូបារ៉ាក់ ​នៅកាន់តំណែង​​ប្រធា​នាធិបតី​​ ដើម្បី​​​បង្ក្រាប​​បាតុករ​ប្រឆាំង​លោក ។​ ក្រុមប្រឹក្សា​​ជាន់ខ្ពស់​​របស់​កង​​ទ័ព​អេ​ហ្ស៊ីប​​បានប្រកាស​ថា ខ្លួន​បាន​​ទទួល​យកការ​សុំ​លា​លែង​​​ចេញពី​តំណែង​របស់​លោក Shafiq ហើយ ។ តាមសេចក្តី​រាយការណ៍​​ថា បាតុករ​ដែល​នៅប្រមូលផ្តុំ​​​គ្នាក្នុង​ទីលាន Tahrir នៅឡើយ មាន​ក្តី​រីករាយ​​យ៉ាងខ្លាំង​​នៅពេល​លោក Ahmed Shafiq ប្រកាស​ពី​ការ​លាលែង​​​នេះ​ ។​ ​ទោះបីជា​​របប​របស់​លោក​ហូស្នី ​មូបារ៉ាក់​ ត្រូវ​បាន​ផ្តួលរំលំ​​ហើយ​ក៏ដោយ ក៏​​ពលរដ្ឋ​​អេ​ហ្ស៊ីប​​ក្នុង​ចំនួន​ដ៏ច្រើន​​នៅបន្ត​​ធ្វើបាតុកម្ម​​​ទាមទារ​​ឱ្យមានការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​​បច្ចុ​​ប្បន្ន ៕​