ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​គ្រាប់​បែក​៣គ្រាប់​រាយ​ការណ៍​ឱ្យ​សមត្ថកិច្ច

15 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កាលពី​វេលាម៉ោង​១ និង​១០​នាទី​រសៀល​​ថ្ងៃ​ទី២០ មីនា ​កន្លង​មក ​មាន​ប្រជា​ពលរដ្ឋ​​ម្នាក់​បាន​ទៅ​​មើល​​កូន​ភ្ជួរ​ស្រែ​ប្រទះ​ឃើញ​​គ្រាប់បែក​ចំនួន​៣​គ្រាប់ដែលជន​មិន​ស្គាល់​មុខ​យក​ទៅ​លាក់​ទុកនៅ​​គល់ត្នោត​​ចំងាយ​ពីផ្លូវ​​ជាតិ​​លេខ​៦​​​ប្រហែល​​១០០០​ម៉ែត្រ ​ស្ថិត​ក្នុង​ភូមិ​សាលា​ក្រៅ​​សង្កាត់​​​ភ្នៀត​​​ ក្រុង​សិរី​សោភ័ណ​ រួច​​ហើយ​បាន​រាយ​​ការណ៍​​ឱ្យ​​សមត្ថកិច្ចទៅ​ពិនិត្យ​មើល ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​​ឈ្មោះ​ទេះ ជុច ភេទ​ប្រុស ​អាយុ​​៤០​ឆ្នាំ ​រស់នៅ​ភូមិ​-ឃុំ​ខាង​លើ បាន​ប្រាប់​សមត្ថកិច្ច​ថា ​មុន​ដំបូង​គាត់​បាន​​បើកម៉ូតូ​ទៅ​មើលកូន​ប្រុស​របស់គាត់​ បើក​ត្រាក់​ទ័រ​ភ្ជួរ​ស្រែ​នៅ​ក្បែរ​ដើម​ត្នោត​​នោះ ពេលគាត់​​ដើរ​​ទៅ​​ជិត​​​គល់ត្នោត​​ ក៏​ប្រទះ​​ឃើញកាបូប​ពណ៌​ខ្មៅ​​មាន​ខ្ចប់​ថង់​ពណ៌​ខៀវ ​គាត់​មានការ​សង្ស័យ​ក៏​វែក​​មើល​ក្នុង​នោះ​ក៏​​ប្រទះ​ឃើញ​គ្រាប់​បែក​៣​គ្រាប់ ហើយ​ប្រញាប់​ប្រញាល់​ទៅ​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​​នគរបាល​ប៉ុសិ៍្ត​​រដ្ឋបាល​​សង្កាត់​​ភ្នៀត​​ទៅពិនិត្យ​មើល ។

​តាម​ប្រភព​ពី​លោកមេ​ប៉ុសិ៍្ត​​សង្កាត់​បានឱ្យ​ដឹង​ថា ​​បន្ទាប់​ពី​ទទួល​ព័ត៌​មាន ​លោក​​បាន​រាយ​ការណ៍​ទៅ​លោក ​អធិការ​នគរបាល​ក្រុង​រួច​ចុះ​ទៅពិនិត្យ​​មើល​ឃើញ​គ្រាប់​បែក​នោះ​មែន​ ក្នុង​នោះ ​ប្រភេទគ្រាប់បែកម៉ាក​មីនី​ចំនួន​២គ្រាប់ ផលិត​នៅ​ប្រទេស​ចិន និង​១គ្រាប់​ទៀត​ជា​ប្រភេទ ​គ្រាប់បែក​ដង​ឈើ​ផលិត​នៅ​ប្រទេស​ចិន​ដូចគ្នា ហើយគ្រាប់​​បែក​ទាំង៣​គ្រាប់​នោះ​មាន​គុណ​ភាព​៤០% មានច្រែះ វា​ងាយ​នឹងបង្ក​ឱ្យ​គ្រោះថ្នាក់ណាស់ ។ លោក​វរ​សេនីយ៍​ត្រី​រ៉ែម វីរៈ ​អធិការ​នគរ​បាល​ក្រុងសិរី​សោភ័ណបានឱ្យ​ដឹង​ថា តាម​ការ​សន្និដ្ឋាន​​គ្រាប់បែកនេះ​ត្រូវ​ជន​មិនស្គាល់​មុខ​យក​ទៅ​លាក់​ទុក ដើម្បី​ធ្វើ​សកម្ម​ភាពអ្វីមួយ​បង្ក​ឱ្យ​មាន​អស្ថិរភាព​ក្នុង​សង្គម ។​ ចំពោះ​​គ្រាប់​ទាំង​៣​គ្រាប់នេះ លោកបានទំនាក់​ទំនង​ជា​មួយ​មន្ត្រី​អង្គភាព​ CMAC យកទៅ​រក្សា​ទុក​ ៕